ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក្សា​សិទ្ធិ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ក្នុង​ការ​ការពារ​បូរណភាពទឹកដី ខណៈ​រឿង​បើក​ព្រំដែន​ ភាគី​ថៃ​ជា​អ្នក​សម្រេច​ខ្លួនឯង

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ឆ្នាំង សម្ដេច​បវរ​ធិ​បតី នាយ​ឧត្តមសេនីយ៍ ​ហ៊ុន ម៉ា​ណែត ​នាយក​រដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​បាន​គូសបញ្ជាក់​ជា​ថ្មី…

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​ទឹកដី​ខេត្តកំពង់ឆ្នាំង សម្ដេច​បវរ​ធិ​បតី នាយ​ឧត្តមសេនីយ៍ ​ហ៊ុន ម៉ា​ណែត ​នាយក​រដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​បាន​គូសបញ្ជាក់​ជា​ថ្មី ​អំពី​ជំហរ​ដាច់​ណាត់ ​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ​ឡើង​វិញ ហើយ​កម្ពុជា​រក្សា​សិទ្ធិ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ​។

សម្តេច​បាន​អះអាង​ថា ការ​បើក​ច្រក​ទ្វារ​ព្រំដែន ​មិន​លំបាក​នោះ​ទេ ពោល​គឺកូនសោ​ប្រគល់​ឲ្យភាគី​ថៃ​រួចរាល់​ហើយ ត្រង់​ការ​សម្រេច​គឺ​ស្ថិត​នៅ​លើ​ភាគី​ថៃ កម្ពុជា​ត្រៀម​អនុវត្ត​តាមក្រោយ បើសិន​ថៃ​បើក​ព្រំដែន​ឡើង​វិញ ហើយ​ការ​បើក ​គឺ​ត្រូវ​បើក​ទាំងអស់​ដំណើរការ​ដូច​ដើម​ ។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ប្រើប្រាស់​សមិទ្ធផល​ នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ និង​អបអរសាទរ​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥​ នៅ​ខេត្ត​កំពង់​ឆ្នាំ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដល់​លក្ខ​ខណ្ឌ​ ៣​ចំណុច ​ដល់​ភាគី​ថៃ សម្រាប់​ការ​បើក​ព្រំដែន​ឡើង​វិញ​នេះ ដោយ​ក្នុង​នោះ ទី​១៖ ថៃ​ប្រកាស​បើក​មុន ហើយ​ប្រកាស​មិន​បិទ​ជា​ឯកតោភាគី​ជា​ថ្មី​, ទី​២៖ បើក​គ្រប់​ច្រក មិនមែន​បើក​ខ្លះ បិទ​ខ្លះ​នោះ​ទេ និង​ទី​៣៖ បើក​ដំណើរការ​ប្រក្រតី​ភាព​វិញ ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ខែមិថុនា​ ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ «​កម្ពុជា​ចង់បាន​សាមញ្ញ​បំផុត រឿង​បើក​ច្រក​នេះ ​សុំ​តែ​បី​លក្ខខណ្ឌ​ទេ ហើយ​សោ​ប្រគល់​ឲ្យ​ភាគី​ថៃ​ហើយ បើក​ចុះ មិន​ចាំបាច់អង្គុយ​ចរចា​ទេ​។ ទី​១៖ ថៃ​ប្រកាស​បើក​មុន​ជា​ឯកតោភាគី ហើយ​បញ្ជាក់​ថា មិន​ប្រើប្រាស់​វិធាន​ការ​បិទ​ជា​ឯកតោភាគី ហើយ​បើក​ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ខែមិថុនា​, ទី​២៖ បើក​ម្ដង បើក​គ្រប់​ច្រកទាំងអស់ មិនមែន​បើក​មួយ​ទុក​មួយ​នោះ​ទេ និង​ទី​៣៖ បើក​ឲ្យ​ដូច​ស្ថានភាព​មុន​ថ្ងៃ​ទី​៧ ខែមិថុនា ពោល​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់​» ​។

បើ​តាម​ការ​លើក​ឡើង​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ បាន​លើក​ឡើង​ថា នៅ​ពេល​ភាគីថៃ ​អនុវត្ត​នូវ​លក្ខខណ្ឌ​៣​ចំណុច​នេះ​ហើយ យ៉ាង​យូរ​ត្រឹម​រយៈពេល​៥​ម៉ោង កម្ពុជា​នឹង​អនុវត្ត​តាម ពោល​គឺ​បើក​គ្រប់​ច្រក​វិញ​ទាំងអស់​ ។

សម្ដេច​បាន​បន្ដ​ថា កម្ពុជា​មិន​ចង់​ប្រើប្រាស់​វិធាន​ក្នុង​ការ​បិទ​ច្រក​ព្រំ​ដែ​នោះ​ទេ ប៉ុន្ដែ​ទ្រាំ​មិន​បាន ចំពោះ​ការ​សម្រេច​ចិត្តជា​ឯកតោភាគី​ ម្ដង​ហើយ​ ម្ដងទៀត ពី​សំណាក់​ក្រុម​យោធា​ថៃ​ ។

សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ថា កម្ពុជា មិន​ចង់​លេងបិទពួន​ដូច​ថៃ​កំពុង​លេង​នោះ​ទេ មិនមែន​ចង់​បិទ​ក៏​បិទ ចង់​បើក​ខ្លះ​ទុក​ខ្លះ ឬ​បិទ​បើក​តាម​ទំនើងចិត្ត​នោះ​ទេ ហើយ​កម្ពុជា​ យល់​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ប៉ុន្ដែ​កម្ពុជា ​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​របស់​ក្រុម​យោធា​ថៃ​។ កម្ពុជា​ បញ្ជាក់​ជំហរ​ច្បាស់ គឺ​នៅ​ពេល​ថៃ បើក​ទាំងអស់​ឲ្យ​វិល​មក​រក​ប្រក្រតី​ភាព​វិញ កម្ពុជា​នឹង​អនុវត្ត​តាម​ក្រោយ ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ចង់បាន​ដំណោះស្រាយ​មួយ​ច្បាស់លាស់ មាន​និរន្ដរភាព ហើយ​បញ្ឈប់​ការ​ប្រើប្រាស់​វិធានច្រកព្រំដែន​ជា​ឯកតោ​ភាគី​របស់​ថៃ មក​ធ្វើ​ជា​ល្បែង ឬ​ធ្វើ​ជា​លក្ខខណ្ឌ ​នៃ​ជីវភាព​ប្រជាជន ដើម្បី​ដោះស្រាយ​បញ្ហាវិវាទ​ព្រំដែន​នោះ​ទេ ​។

សម្ដេច​មហា​បវរ​ធិ​បតី ប្រមុខ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​ជជែក​លើ​ការ​កែស​ម្រួល​កងទ័ព ​អាច​ធ្វើ​ទៅ​បាន ត្រូវ​បើក​ច្រកព្រំដែន​ឲ្យ​ដូច​ដើម​វិញ​ជា​មុន​សិន ហើយ​កម្ពុជា​ មិនមែនជា​អ្នក​បង្ក​បញ្ហា​នោះ​ឡើយ ដូច្នេះ​កូនសោ​ដោះស្រាយ​បញ្ហា គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​ថៃ​។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ក៏​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​រក្សា​សិទ្ធិ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ