រាជធានីភ្នំពេញ ៖ ខណ:ពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ រថយន្តធុនធំដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនគេចពីរ៉ឺម៉កម៉ូតូមួយគ្រឿងបម្រុងបត់ត្រលប់ក្រោយ បណ្តាលឱ្យរថយន្តគេចទាំងបង្ខំបានកៀររ៉ឺម៉កម៉ូតូក្រឡាប់ ហើយរថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួនបីកង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែឧសភា នៅតាមបណ្តោយផ្លូវជាតិលេខ២ ខាងជើងហាងសប្បាយក្លឹប ភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រ៉ឺម៉កម៉ូតូបម្រុងនឹងបត់ឆ្វេងត្រលប់ក្រោយ ក៏មានរថយន្តដឹកត្រីធុនធំមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា បើកបរក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុបានងាកចង្កូតទៅខាងឆ្វេងមិនផុតបានកៀររ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើង បណ្តាលឱ្យអ្នកបើកបររ៉ឺម៉ូតូកង់បីរងរបួសធ្ងន់ ហើយរថយន្តក៏ជ្រុលទៅបុកផ្ទប់នឹងក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយបាក់អស់ចំនួន៣កង់ ចំណែករថយន្តរងការខូចខាតមួយកំណាត់ខ្ទេច ។ ភ្លាមៗនោះអ្នកបើកបររថយន្ត និងអ្នករួមដំណើរនៅក្នុងរថយន្តនោះបានចេញពីរថយន្តនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៏ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ដែរចំណែករថយន្តធុនធំដឹកត្រី និងរ៉ឺម៉កម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ជើងគោករងចាំដោះស្រាយគា្ននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ