រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកកៀរររថយន្តសាំយ៉ុង បណ្តាលឲ្យខូចខាតតិចតួច ដោយតៃកុងអត់មានលុយសងដាច់ចិត្តដោះកង់រថយន្តយកទៅបញ្ចាំយកលុយសងគេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A-2817 បើកក្នុងទិសដៅពីលិចទៅកើត ។ រថយន្តរងគ្រោះម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AR-9943 បើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងជារថយន្តកុងតឺន័រ ពណ៌ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា បើកក្នុងល្បឿនលឿនបានបើកជែងកៀររថយន្តរងគ្រោះ បណ្ដាលឲ្យរថយន្តរងគ្រោះខូចខាតផ្នែកខាងឆ្វេង និងខាងក្រោយខូចខាតតិចតួចពេលភ្លាមនោះដែរមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងដូចគ្នា បានបើកដេញតាមរថយន្តបង្ក ដល់រង្វង់មូលចោមចៅ ហើយបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ដោយមានសមត្ថកិច្ចជាអាជ្ញាកណ្ដាលផងដែរ ។

បន្ទាប់មកភាគីរងគ្រោះខាងរថយន្តសាំយ៉ុងបានទារសំណងចំនួន៥០ដុល្លារ តែភាគីខាងរថយន្តបង្កពុំមានលុយឲ្យរថយន្តបង្កឡើយ បន្ទាប់មកតៃកុងរថយន្តបានទាក់ទងទៅថៅកែរបស់ខ្លួនតែទាក់ទងពុំបានសោះ ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបង្កដាច់ចិត្តដោះកង់រថយន្តមួយ ដើម្បីយកទៅបញ្ចាំ ហើយយកលុយឲ្យភាគីរងគ្រោះបញ្ចប់នៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ