ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើនខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ​(Digital Economy) ខណៈ​បច្ចុប្បន្ន ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​ហើយ ដោយ​ស្ដែង​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​,…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ​(Digital Economy) ខណៈ​បច្ចុប្បន្ន ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​ហើយ ដោយ​ស្ដែង​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​, ការ​ទូទាត់​ប្រាក់​អន​ឡាញ​, ការ​ផ្ដល់​សេវា​ពាណិជ្ជកម្ម​អន​ឡាញ និង​ការ​ផ្ដល់​សេវា​សាធារណៈ​អន​ឡាញ ជាដើម ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​ថ្លែង​ថា វិស័យ​បច្ចេកវិទ្យា ពិសេស​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កំពុង​មានការ​រីក​ចម្រើន គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​ការ​ផ្តល់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដល់​សាធារណជន​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ថា ការ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​មាន​សារសំខាន់​បំផុត ដើម្បី​រួមចំណែក​ក្នុង​ការ​ធ្វើ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​សេដ្ឋកិច្ច ។

លោក​បន្ត​ថា ៖« ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​ជំរុញ​បញ្ចប់​នូវ​សេចក្ដីព្រាងច្បាប់ ស្ដី​ពី​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក ដែល​នឹង​អាច​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក ហើយ​មិន​ត្រឹមតែ​រវាង​អ្នកលក់ និង​អ្នកទិញ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​នឹង​អាច​ជំរុញ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ឆ្លង​ដែន​ទៀត​ផង » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក កំពុង​រីក​ចម្រើន ប៉ុន្តែ​នៅ​កម្ពុជា​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​កម្ពុជា​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​នេះ​នៅឡើយ​ទេ ។
លោក​បន្ត​ថា ៖« ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ផល​ចំណេញ​ច្រើន តែ​ក៏​បង្ក​ហានិភ័យ​ដែរ ប្រសិនជា​យើង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​សម​ស្រប ដើម្បី​គ្រប់គ្រង និង​ទាញ​យក​ផលប្រយោជន៍​ពី​វា » ។

លោក​ថា ៖« ការ​ចាយប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ហ្នឹង វា​ចំណេញ​ដល់​សេដ្ឋកិច្ច​ច្រើន ដោយសារ​លុយ​រក្សា​ទុក​នៅ​តែ​ក្នុង​ធនាគារ ហើយ​ប្រតិបត្តិការ គឺ​មាន​តែ​តួលេខ​ប៉ុណ្ណោះ ។ អីចឹង​ធនាគារ​អាច​យក​ប្រាក់​ទាំងនោះ​ទៅ​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​សាធារណជន ឬ​អាជីវករ ជាដើម » ។ ទោះ​យ៉ាងនេះ​ក្ដី លោក​យល់​ឃើញ​ថា វិស័យ​នេះ​ក៏​នៅ​មាន​ហានិភ័យ​ច្រើន​ដែរ ពិសេស​គឺ​សុវត្ថិភាព​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ។ ក្រៅពី​នេះ ទំនុកចិត្ត​ពី​អតិថិជន​ទៅ​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​យល់​ដឹង​ពី​អ្នក​ប្រើប្រាស់ ក៏​ជា​ចំណែក​មួយ​ផង​ដែរ ប៉ុន្ដែ​អ្វី​ដែល​ជា​ហានិភ័យ​ធំ​នោះ គឺ​សមត្ថភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​នៅ​មាន​កម្រិត ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា ការ​ប្រើប្រាស់​លុយ​តាម​អេ​ឡិច​ត្រូ​និក គឺជា​និន្នាការ​ក្នុង​សកលលោក​ទាំងមូល ដែល​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើប្រាស់​យូរ​មក​ហើយ ។ ចំណែក​កម្ពុជា​ក៏​កំពុង​មាន​និន្នាការ​តាម​សកល​ដែរ បើ​ទោះជា​យឺត​ពេល​បន្តិច​ក្តី ។ លោក​បន្ត​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន ទើប​ជំរុញ​ឱ្យ​ការ​ទូទាត់​លុយ​តាម​អេ​ឡិច​ត្រូ​និក​មាន​ភាព​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

លោក​បណ្ឌិត​ពន្យល់​ថា ដោយសារ​ល្បឿន នៃ​ការ​ប្រើប្រាស់​លុយ​លឿន បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីក​ចម្រើន​ជាង​មុន និងសកម្មភាព​សេដ្ឋកិច្ច​មាន​កំណើន​ផង​ដែរ ។ លោក​បណ្ឌិត​ថា ៖« នៅ​ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច មាន​ទ្រឹស្តី​នៃ​ល្បឿន​ការ​ប្រើប្រាស់​លុយ កាលណា​ល្បឿន​នេះ​លឿន​ទៅ​ៗ ល្បឿន​នៃ​ការ​ជួញដូរ និង​ការ​ធ្វើ​សេដ្ឋកិច្ច​ហ្នឹង ក៏​លឿន​ដែរ » ។ បើ​ទោះបី​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​ងាយស្រួល និង​លឿន​ក៏​ដោយ លោក​បណ្ឌិត ម៉ី កល្យាណ លើក​ឡើង​ថា វា​ក៏​អាច​ផ្តល់​ហានិភ័យ ឬ​គ្រោះថ្នាក់​ដែរ ដូច​ជា មានការ​លួច​ចូល​យក​ទិន្នន័យ (Hacke) ដែល​ទាមទារ​ឱ្យ​ទាំង​រាជរដ្ឋាភិបាល និង​ឯកជន ត្រូវ​ខិតខំ​ការពារ​ដើម្បី​បញ្ចៀស​ហានិភ័យ​ទាំងនោះ​ឱ្យ​បាន ។

កម្ពុជា​បាន​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និក​ជា​បន្តបន្ទាប់ ។ កា​រវិ​វត្ត​នៃ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក​នេះ បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​ប្រតិបត្តិការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក ដូច​ជា ការ​ទិញ​លក់​តាម​អន​ឡាញ (E-Commerce), ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់ QR Codes សម្រាប់​ការ​ទូទាត់​ទំនិញ និង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​តាម​អេ​ឡិច​ត្រូ​និក​លំដាប់​ពិភពលោក ជាដើម ។ កា​រវិ​វត្ត​នៃ​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ អ្វី​ដែល​រាជរដ្ឋាភិបាល​ប្រមើល​មើល និង​មាន​ទស្សនវិស័យ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ សេដ្ឋកិច្ច និង​សង្គម គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឆ្ពោះទៅ​រក​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ថ្លែង​កន្លង​មក​ថា ឌី​ជី​ថ​ល ជា​សក្ដានុពល​ធំ​ណាស់​ខាង​ផ្នែក​ICT ប៉ុន្ដែ​វា​មាន​ផល​ប៉ះពាល់​ក៏​ធំ​ដែរ ដែល​ទាមទារ​ត្រូវ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ដូច្នេះ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៅ មុខសញ្ញា​សំខាន់​មួយទៀត គឺ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ គិត​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​ប្រមាណ​១០​លាន​នាក់ ស្មើ​ប្រមាណ​៦៧%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ខណៈ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សកម្ម​មាន​ប្រមាណ​៧​លាន​នាក់ ក្នុង​នោះ​៨១%​ប្រើប្រាស់​តាម​ទូរស័ព្ទ​ដៃ ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ