ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ទិញ​ដី​នេះ​ជាង​២​ឆ្នាំ​ហើយ ចុះ​ម៉េច​ឡើយ​មិនមែន​ជា​របស់​គាត់​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពលរដ្ឋ​១​គ្រួសារ​រស់នៅ​ភូមិ​តាំង​រមាំង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ថា ដី​របស់​គាត់​មួយ​កន្លែង​ទទឹង​ទំហំ​៣២០​ម៉ែត្រ និង​ជម្រៅ​៥៤​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ដែល​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជាង​២​ឆ្នាំ​មក​ហើយ​នោះ…

ខេត្តព្រៃវែង ៖ ពលរដ្ឋ​១​គ្រួសារ​រស់នៅ​ភូមិ​តាំង​រមាំង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សារព័ត៌​ថា ដី​របស់​គាត់​មួយ​កន្លែង​ទទឹង​ទំហំ​៣២០​ម៉ែត្រ និង​ជម្រៅ​៥៤​ម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ដែល​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ជាង​២​ឆ្នាំ​មក​ហើយ​នោះ ដោយ​មាន​ទាំង​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ដឹង​លឺ និង​ចេញ​បង្កាន់ដៃ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ទៀត​ផង ។ ពេល​នេះ​ស្រាប់តែ​មន្ត្រី​មួយ​ចំនួន​អះអាង​ថា ជា​ដី​បម្រុង​របស់​រដ្ឋ​ទៅ​វិញ ក្រោយ​ពី​លោក​អភិបាលស្រុក​ប្រើ​ឲ្យ​មន្ត្រី​ប៉ុន្មាន​នាក់ ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី ។

លោក គុយ ហាន ជា​ពលរដ្ឋ​រង​គ្រោះ​ខាងលើ​បាន​អះអាង​ថា ដី​នេះ​គាត់​បាន​ទិញ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ យ៉ុ​ន ថុ​ល អាយុ​៤៩​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ ហើយ​ពេល​ទិញ​លក់​នេះ​ក៏​បាន​ធ្វើ​លិខិត​ទិញ​លក់​ត្រឹមត្រូវ និង​មានការ​ចុះហត្ថលេខា​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ទាំង​សុរិយោដី និង​មន្ត្រី​សាធារណៈការ ព្រមទាំង​អាជ្ញាធរ​តាំងពី​លោក​មេ​ភូមិ មេឃុំ និង​អភិបាលស្រុក​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ក៏​បាន​ចេញ​លិខិត​ឯកសារ​ច្បាប់​ផ្សេង​ៗ ឲ្យ​គាត់​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​គ្មាន​អ្នក​ណា​មក​ជំទាស់​រារាំង​ថា ជា​ដី​របស់​ខ្លួន​ឬ​ដី​របស់​រដ្ឋ​អី​នោះ​ទេ ។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៨ ថ្មី​ៗ​នេះ ស្រាប់តែ​លោក ហុង ដា​នី ប្រធាន​ការិយាល័យ​សាធារណៈការ​ស្រុក​ដឹកនាំ​មនុស្ស ២-៣​នាក់ ចុះ​មក​បោះបង្គោល​លើ​ដី​នេះ ហើយ​ពេល​ដែល​រូប​លោក​(​គុយ ហាន )​ទៅ​សួរនាំ​ហេតុ​អ្វី មក​បោះបង្គោល​លើ​ដី​ខ្ញុំ គេ​ឆ្លើយ​ថា លោក​អភិបាលស្រុក​បញ្ជា​ឲ្យ​បោះ​ព្រោះ ដី​នេះ​ជា​ដី​បម្រុង​របស់​រដ្ឋ ។

លោក គុយ ហាន បាន​បញ្ជាក់​ថា កាលពី​ពេល​ដែល​គាត់​ទៅ​ទិញ​ដី​នេះ​ដំបូង​ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​ទទួលស្គាល់​ថា ដី​នេះ​ជា​ដី​របស់​អ្នកស្រី យ៉ុ​ន ថុ​ល ថែម​ទាំង​ចុះហត្ថលេខា​ទទួលស្គាល់​ថែម​ទៀត​ផង ទើប​គាត់​ហ៊ាន​ទិញ​ដី​នេះ ចុះ​ហេតុ​អី​២​ឆ្នាំ ក្រោយមក​អះអាង​ថា ដី​នេះ​ជា​ដី​បម្រុង​របស់​រដ្ឋ​ទៅ​វិញ ? ភាសា​ដី​បម្រុង​របស់​រដ្ឋ​នេះ គឺ​មាន​ន័យ​ច្បាស់​ណាស់​ថា ដី​របស់​គាត់ និង​ត្រូវ​គេ​ដកហូត​យក​ទាំងស្រុង ហេតុនេះ​ហើយ​ទើប​រូប​គាត់ និង​ក្រុម​គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត ហើយ​ក៏​ប្តឹង​ដល់​ក្រុម​អ្នក​សារព័ត៌មាន​គ្រប់​ស្ថាប័ន​ឲ្យ​ជួយ​ចុះ​ផ្សាយ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ។

ក្នុង​ពេល​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​ព័ត៌មាន នៅ​លើ​ទីតាំង​ដី​ទំនាស់​នេះ​លោក ហុង ដា​នី ប្រធាន​ការិយាល័យ​សាធារណៈការ​ស្រុក​ក៏​បាន​ទៅ​ដល់ ហើយ​លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​ព័ត៌មាន​ថា លោក​ពិតជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដី​នេះ​ពិតមែន ប៉ុន្តែ​មក​ពី​កាល​ណោះ​លោក​មិន​បានដឹង​ច្បាស់ តែ​ក្រោយមក​ពេល​សាកសួរ​រក​ឯកសារ​លិខិត​ស្នាម​ផ្សេង​ៗ ម្ចាស់​ដី​មុន​លោកស្រី យ៉ុ​ន ថុ​ល ពុំ​មាន​ទាល់តែ​សោះ គឺ​បញ្ជាក់​ថា លោកស្រី​មិនមែន​ជា​ម្ចាស់​ដី​ស្របច្បាប់​នោះ​ទេ ហេតុនេះ​ហើយ​លោក និង​ធ្វើ​លិខិត​បដិសេធ​ថ្មី​មួយទៀត គឺ​បដិសេធ​មិន​ទទួលស្គាល់​លើ​ឯកសារ​ដែល​លោក​បាន​ចុះហត្ថលេខា​មុន​នោះ​ទេ ។

ដោយឡែក​លោក ហេង ផល​លៀង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ពារាំង​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​ដី​នោះ​ដែរ និង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បង្កាន់ដៃ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​នោះ គឺ​គាត់​បាន​បញ្ជាក់​ពី​ភូមិ​.​ឃុំ​ពិតមែន តែ​ការិយាល័យ​សុរិយោដី​ស្រុក​អត់​បានដឹង​ទេ ក្រោយមក​ទៀត ទើប​លោក គុយ ហាន ហៅ​ឲ្យ​ជំនាញ​សុរិយោដី​ចុះ​ទៅ​វាស់វែង ដើម្បី​ឲ្យ​ដឹង​ព្រំ​ដី និង​ឲ្យ​ស្គាល់​ម្ចាស់​អ្នកទិញ និង​អ្នកលក់​ប៉ុណ្ណោះ រឿង​សាធារណៈការ និង​អាជ្ញាធរ​ស្រុក​ចុះ​មក​បោះបង្គោល​ថា ជា​ដី​បម្រុង​របស់​រដ្ឋ​អី​នោះ លោក​មិន​បានដឹង​ទេ ។

រីឯ​លោក សៀង ជាន មេ​ភូមិ​តាំង​រមាំង និង​លោក អ៊ិ​ត ស៊ី​ម មេឃុំ​ក​ញ្ចំ បាន​ទទួលស្គាល់​ថា ដី​នេះ គឺ​គ្រួសារ​លោក គុយ ហាន បាន​ទិញ​ពី​លោកស្រី យ៉ុ​ន ថុ​ល ពិតមែន​ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ ហើយ​ពេល​ទិញ​លក់​នោះ រូប​លោក និង​លោក​អភិបាលស្រុក​ព្រមទាំង​មន្ត្រី​ជំនាញ​ក៏​បាន​ស៊ី​ញ៉េ​ទទួលស្គាល់ និង​ចេញ​បង្កាន់ដៃ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​ឲ្យ​ឈ្មោះ គង់ ហាន នេះ​ដែរ ដោយ​ក្នុង​បង្កាន់ដៃ​នោះ​បាន​កំណត់​ព្រំ​យ៉ាង​ច្បាស់ គឺ​ខាងជើង​ទល់​ផ្លូវជាតិ​លេខ​៨A ខាងត្បូង​ទល់​ដី​ឈ្មោះ ឈាង​ជាប់​នឹង​ផ្លូវ​រទេះ ខាងកើត​ទល់​នឹង​ស្ពាន និង​ខាងលិច​ទល់ និង​ឈ្មោះ​ថា ហ៊​ន ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​បាន​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ឧសភា ដោយសារ​ទូរ​សព្ទ័​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។
ទោះជា​យ៉ាងណា ក្រុម​គ្រួសារ​ពលរដ្ឋ​ម្ចាស់​ដី បាន​សំណូមពរ​ដល់​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង សូម​លោក​មេត្តា​ជួយ​ដោះស្រាយ ប្រគល់​ដី​នេះ​ឲ្យ​ក្រុម​គ្រួសារ​គាត់ បាន​កាន់កាប់ និង​ប្រើប្រាស់​ដូច​ពលរដ្ឋ​ដទៃ​វិញ​ផង ព្រោះ​ដី​នេះ​គាត់​បាន​ទិញ និង​កាន់កាប់​ដោយ​ស្របច្បាប់ អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ