ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ទំនើប​នឹង​មក​ដល់​ភ្នំពេញ​ក្នុង​អំឡុង​ខែកក្កដា​ខាង​មុខ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ រថភ្លើង​ដ៏​ទំនើប​និង​ស្រស់​ស្អាត ដែល​ផ្តល់​ផាសុកភាព​ដល់​អ្នក​ធ្វើ​ដំណើរ នឹង​ត្រូវ​នាំ​មក​ដល់​ក្រុងភ្នំពេញ​នា​អំឡុង​ខែកក្កដា ខាង​មុខ ។ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ រថភ្លើង​ដ៏​ទំនើប​និង​ស្រស់​ស្អាត ដែល​ផ្តល់​ផាសុកភាព​ដល់​អ្នក​ធ្វើ​ដំណើរ នឹង​ត្រូវ​នាំ​មក​ដល់​ក្រុងភ្នំពេញ​នា​អំឡុង​ខែកក្កដា ខាង​មុខ ។ នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

រថភ្លើង​ថ្មី​ដ៏​ស្រស់​ស្អាត​នេះ ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹង​ត្រូវ​បាន​គេ​ដឹក​មក​ដល់​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​១​ខែ ឬ​២​ខែ​ទៀត ដើម្បី​ជំនួស​រថភ្លើង​ចាស់ ពី​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។ ក្បាល​និង​ទូរថភ្លើង​ថ្មី​នេះ អាច​ផ្ទុក​អ្នកដំណើរ​បាន​១០០​នាក់ និង​រត់​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

លោក វ៉ា​ស៊ឹ​ម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ម្សិលមិញ​ថា ក្បាលរថភ្លើង​ថ្មី​នេះ ត្រូវ​បាន​គេ​ធ្វើ​រួចរាល់​អស់ហើយ និង​កំពុង​ដាក់​សាកល្បង​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក តែ​មិន​ទាន់​បាន​ដឹក​មក​ដល់​កម្ពុជា​ទេ ប៉ុន្តែ​យ៉ាង​យូរ​២​ខែ​ទៀត នឹង​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ។ ផ្ទុយ​ទៅ​វិញ បើ​មិន​មាន​អ្វី​ជា​ឧបសគ្គ​នៅ​តាម​សមុទ្រ ឬ​បើ​មិន​មាន​ខ្យល់ព្យុះ​ទេ រយៈពេល​១​ខែ​ទៀត​ទូរថភ្លើង​នោះ​នឹង​ដឹក​ដល់​ភ្នំពេញ​ហើយ ។

លោក​បន្ត​ថា នៅ​ពេល​មក​ដល់ ក្រសួង​នឹង​ប្រកាស​ជា​សាធារណៈ ស្តី​ពី ការ​ដាក់​ឲ្យ​ដំណើរការ​ក្បាលរថភ្លើង​ថ្មី​ជំនួស​ក្បាលរថភ្លើង​ចាស់​ដែល​ក្រសួង​និង​ក្រុមហ៊ុន Royal Group បាន​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ។

ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​ក្បាលរថភ្លើង​ថ្មី​នេះ​ថា មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្លូវដែក Royal Railway ជា​អ្នកបញ្ជា​ទិញ​ដោយ​ផ្ទាល់ ។
ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​នៅ​ពេល នេះ គឺ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា ពេលវេលា សុវត្ថិភាព គ្មាន​ការ​រំខាន ព្រមទាំង​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។

ក្នុង​ដំណាក់កាល​ដំបូង​នេះ គេ​នឹង​ប្រើប្រាស់​រថភ្លើង​ចំនួន​២​គ្រឿង​ដែល​មាន​ស្រាប់ សម្រាប់​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​មក ខណៈ​រង់ចាំ​ក្បាលរថភ្លើង​ថ្មី​ចំនួន​៣​គ្រឿង​ទៀត ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ