ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវនឹកស្មានដែកម្តាយបង្កើតបានបោះបង់កូនរបស់ខ្លួនដែលកើតហើយទុកចោលក្នុងបន្ទប់ទឹករោងចក្រ ព្រោះតែកូនកើតមិនគ្រប់ខែនោះបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋព្រមទាំងពេទ្យ និងរដ្ឋបាលរោងចក្របាននាំទារកដ៏អភ័ព្ទនេះទៅសង្គ្រោះនៅមន្ទីរពេទ្យត្រាំខ្នារ ។ ដែលហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៩ ឧសភា នៅក្នុងរោងចក្រវីងស្ដាស៊ូ ស្ថិតតាមផ្លូវជាតិលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ។

កម្មការិនីមូយរូបបានឱ្យដឹងថា ជាអ្នកមានចិត្តមេត្តា និងជាអ្នកមើលថែតាំងពីពេទ្យត្រាំខ្នារហូតដល់ពេទ្យកុមារជាតិបានអោយដឹងថា នាងមានឈ្មោះ សុភា អាយុ៣៦ឆ្នាំ ចំណែកប្តីឈ្មោះ សុគន្ឋ អាយុ៣៦ឆ្នាំ បំរើការងារនៅរោងចក្រវីងស្តារស៊ូអស់រយៈពេល៦ឆ្នាំមកហើយក្រោមមានការភ្ញាក់ផ្អើលនាងហាក់មានអារម្មណ៍អាណិតកេ្មងប្រុសនោះជាខ្លាំងរហូតបានជួបហាក់មាននិស្ស័យក៏ទាក់ទងយកមកពេទ្យហើយតាមមើលថែរហូតមក ។

ជាងនេះទៅទៀតនាង និងប្តីបានទុកក្មេងប្រុសរូបនេះដូចជាកូនបង្កើតរបស់នាងទៀតផង ។ ព្រោះតែនាង និងប្តីរៀបការអស់រយៈពេលជិត១០ឆ្នាំមកហើយមិនមានកូននឹងគេសោះបើទោះជាទៅបន់ស្រន់សុំកូនពីអារុកអារក្សអ្នកតាយ៉ាងណាក៏ដោយក៏មិនបានដូចបំណងសោះ ។ ថ្ងៃមួយក្រោយពេលចូលឆ្នាំបន្ទាប់ពីត្រឡប់មកពីស្រុកកំណើតវិញនាងបានបន់ស្រន់សុំកូនពីលោកតាក្រហម.កប្រចាំរោងចក្រមេត្តាជួយអោយនាង និងប្តីមានកូនដូចគ្រួសារគេដ៏ទៃគ្រាន់បានប្រលែងលេងនឹងគេផង ។

រហូតដល់យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ពេលលង់ក្នុងដំណេកស្រាប់តែមានក្មេងប្រុសម្នាក់មកដេកលើផ្ទៃរបស់នាងធ្វើអោយនាងសប្បាយចិត្តជាខ្លាំង និងរំភើបឥតឧបមា ព្រោះតែក្តីរំពឹងចង់បានកូនបានក្លាយជាការពិត ពុទ្ឋោស្រាប់តែក្តីសង្ឃឹមបានប្រែក្លាយជារលាយសូន្យសុងអស់រលីង ព្រោះតែការឃើញរបស់នាងគឺជាក្តីសុបិន្តប៉ុណ្ណោះ ។ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុភ្ញាក់ផ្អើលថា មានគេកើតកូនហើយបោះចោលនៅក្នុងបន្ទប់ទឹក នាងក៏បានស្វះស្វែងតាមរករហូតដល់ពេទ្យត្រាំខ្នារ ដោយមាននិស្ស័យ និងក្តីអាណិតអាសូរនាងក៏បានស្នើសុំអោយពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិព្រោះពេទ្យនៅត្រាំខ្នារថាសុខភាពរបស់ទារកខ្សោយខ្លាំងណាស់ ដោយសារតែគេត្រូវបានទុកចោលអោយនៅហាលខ្យល់យូរម៉ោងពេក ។

អ្នកនៅពេទ្យដែលដឹងរឿងបានលាន់មាត់អាណិតដល់វាសនាទារកដ៏អភ័ព្ទនេះថា ពិតជាមានសំណាងណាស់ដែលជួបមនុស្សចិត្តបុណ្យបែបនេះ ។ ប្តីប្រពន្ធ២នាក់នេះមើលថែទារកនេះបានយ៉ាងល្អប្រសើរបំផុតដែលម្តាយឪពុកខ្លះមើលថែកូនបង្កើតរបស់ខ្លួនពេលឈឺមិនបានល្អដូចអ្នកទាំង២នេះទេ ។

នាង និងប្តីបានសម្រេចចិត្តដាក់ឈ្មោះឱ្យទារកអភ័ព្ទនេះថា «សុគន្ឋវាសនាសំណាង» ដែលឈ្មោះនេះនាង និងប្តីយល់ថា វាសនាគឺទារកនេះ និងនាងមានវាសនានឹងគ្នាហើយសំណាងសូមអោយគេមានសំណាងរួចផុតចាកទុក្ខទោស និងជំងឺទាំងឡាយដើម្បីមានសុខភាពល្អដូចក្មេងដ៏ទៃ ។

ម្តាយចិត្តធម៌រូបនេះបានបញ្ជាក់ជាចុងក្រោយថា ក្រោយស្នាក់នៅទទួលការសង្គ្រោះអស់រយៈពេល១២ថ្ងៃកន្លងមកនេះតាមលោកគ្រូពេទ្យបានប្រាប់គាត់គឺកូនរបស់គាត់(វាសនាសំណាង)មានសុខភាពល្អប្រសើរជាងមុនបណ្តើលៗហើយរង់ចាំតែសុខភាពរបស់គេល្អមួយកម្រិតទៀតគ្រូពេទ្យអនុញ្ញាតិអោយចេញទៅ ។
សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅរោងចក្រ វីងស្តាស៊ូ ស្ថិតនៅតាមបណ្តោយផ្លវជាតិលេខ៣នៅភូមិអង្គសុគន្ឋា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីកើតកូនចោលក្នុងបន្ទប់ទឹកមួយបានកើតឡើង ហើយម្តាយបានគេចខ្លួនបាត់ត្រូវបានក្រុមគ្រូពេទ្យ និងរដ្ឋបាលរោងចក្របញ្ជូនទៅកាន់មណ្ឌលសុខភាពត្រាំខ្នារដើម្បីសង្គ្រោះបន្ទាន់ ៕
អត្ថបទទាក់ទង ៖ គេរកកូនប្រើសឹងមិនបាន… ឯម្តាយនេះកើតចោល
ចែករំលែកព័តមាននេះ