ខេត្តព្រៃវែង ៖ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើននិយមចូលចិត្តបរិភោគសាច់កង្កែបទាំងនៅក្នុងគ្រួសារ និងនៅក្នុងកម្មវិធីតូចធំផ្សេងៗនោះ បានធ្វើអោយសាច់កង្កែបមានហាងឆេងខ្ពស់ ហើយអ្នកចិញ្ចឹមកង្កែបក៏ទទួលបានប្រាក់ចំណូលខ្ពស់ទៅតាមនោះដែរ។ សាច់កង្កែបមានរសជាតិឆ្ងាញ់ ដែលគេអាចយកទៅធ្វើជាម្ហូបអ្វីក៏បានទៅតាមចំណូលចិត្ត ទាំងស្ងោរ ចៀន អាំង និងឆា ប៉ុន្តែបើសម្រាប់ម្ហូបក្លែម គេនិយមឆាគ្រឿង ឬលីងគល់ស្លឹកគ្រៃជាដើម។
លោក រស់ ផល្លា ជាកសិករដែលកំពុងប្រកបមុខរបរចិញ្ចឹមកង្កែប នៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង បានអោយដឹងថា សព្វថ្ងៃនេះគាត់ចិញ្ចឹមកង្កែបលក់ទាំងកូនកង្កែប និងកង្កែបសាច់ ហើយក្នុងមួយខែគាត់អាចរកចំណូលបានជាង៣លានរៀល ដែលជួយអោយជីវភាពគ្រួសារគាត់ បានធូរធារជាងមុនច្រើន។
កសិករ រស់ ផល្លា បានប្រាប់ពីរបៀបនៃការចិញ្ចឹមកង្កែបថា ការបង្កាត់ពូជកង្កែបដំបូង គេត្រូវយកកង្កែបមេ និងឈ្មោល ដែលល្អៗ មានអាយុចាប់ពី១ឆ្នាំឡើង ពីសំបុកផ្សេងគ្នា ដាក់បង្កាត់នៅក្នុងទីតាំងមួយ
ម៉ែត្រការ៉េទឹក ពេលវាពាក់គ្នារួចហើយ កង្កែបមេអាចបញ្ចេញពងបានចន្លោះពី៣០០០ ទៅ៨០០០ពង។ ប៉ុន្តែដាច់ខាតមិនត្រូវយកកង្កែបមេពូជពីក្នុងសំបុកតែមួយនោះទេ ព្រោះវាបង្កាត់ពងមិនបានច្រើន ហើយចិញ្ចឹមមិនងាយធំ។
កសិករដដែលនេះបានបន្តថា កង្កែបមេពូជ និងកង្កែបឈ្មោល មានអាយុចាប់ពី១ឆ្នាំឡើង វាអាចបង្កកំណើតបានល្អ ហើយវាពងចាប់ពីខែមិថុនា រហូតដល់ខែវិច្ឆិកា ក្នុងចន្លោះពេលហ្នឹងវាអាចបង្ហូរពងបាន៣ទៅ៤ដង បែបពាក់កណ្ដាលធម្មជាតិ ឬហៅថាតាមបែបសម្ព័ន្ធនិមិត្ត វាឲ្យផលច្រើនលើសពី៤ដងក្នុងមួយឆ្នាំ ខុសពីវាពាក់គ្នា ឬស្គាល់គ្នាញាស់តាមធម្មជាតិនៅតាមវាលស្រែ ដែលវាញាស់ម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
ពងកង្កែប ពេលកើតចេញមកក្រៅពោះមេ រយៈពេលតែ៨ម៉ោងប៉ុណ្ណោះ វានិងញាស់ជាកូនកង្កែបភ្លាម ហើយក្រោយពីញាស់ វាមានអាហារបំរុងជាប់នឹងខ្លួនវា ដែលអាចអោយវាស៊ីបាន៣ថ្ងៃ បន្ទាប់មកបានគេដាក់ពងទាដែលស្ងោឱ្យឆ្អិន ឆ្កឹះយកតែពងក្រហមអោយកូនកង្កែបស៊ី។ ពេលកូនកង្កែបនៅតូច គេមិនអាចកំណត់បានទេថាវាស៊ីអស់ពងទាប៉ុន្មានក្នុងមួយថ្ងៃ តែយើងអាចចំណាំថា ដាក់តិចល្មមៗបានហើយ កុំអោយសល់។
កូនកង្កែបអាយុចាប់ពី៤០ថ្ងៃទៅ អាចលក់បានក្នុងតម្លៃ៥០០រៀលក្នុងមួយក្បាល។ ហើយបើចិញ្ចឹមរយៈពេលពី៤ ទៅ៦ខែ កង្កែប៨ទៅ១០ក្បាល បានទំងន់១គីឡូក្រាម អាចលក់បានតម្លៃ៨ពាន់រៀល ហើយកង្កែបមានប៉ុន្មានក៏លក់អស់ដែរ គឺមិនបារម្ភខ្លាចអត់ទីផ្សារនោះទេ៕
ចែករំលែកព័តមាននេះ