ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជក់ថ្នាំ និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ត្រូវបាននគរបាលស្រុកគងពិសីធ្វើការបង្ក្រាបព្រមទាំងដកហូតថ្នាមញៀនមួយចំនួនធំទៀតផង ។ ករណីបង្ក្រាបការរក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់នេះធ្វើឡើងនៅល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកពិសីបានអោយដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះថាកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តដែកដឹកនាំដោយលោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានម្នាក់ឈ្មោះ ឌឹម បុរី ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខណៈកំពុងធ្វើសកម្មភាពដោះដូរ(ជួញដូរ)ថ្នាំញៀននៅចំណុចខាងលើ ។
តាមចម្លើយដែលផ្ដល់ដោយមុខសញ្ញាខាងលើ គឺខ្លួនគេបានទិញថ្នាំពីអ្នកដទៃដើម្បីទុកជក់ហើយសល់ពីជក់គេបានដើរលក់អោយម៉ូយដើម្បីយកទៅលក់ចែកចាយបន្ដ និងទុកប្រើប្រាស់ផ្ទាល់ខ្លួនខ្លះ ។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកក១១កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕
ចែករំលែកព័តមាននេះ