ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ចាប់វ៉ៃខ្នោះបញ្ជូនទៅកាន់តុលាការ ដោយជាប់សង្ស័យក្នុងករណីចោរកម្ម។ ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភានេះ វេលាម៉ោង៥ និង២០នាទីព្រឹក នៅចំណុចរង្វង់មូលស្វាយអន្ទរ ស្ថិតក្នុងភូមិឃុំ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ជនសង្សយ័ក្នុងករណីលួចម៉ូតូខាងលើមានឈ្មោះ អ៊ីម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយកាលពីថ្ងៃទី២៨ ខែឧសភា រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះឈ្មោះ ឡាត់ លីន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិពោធិចិន្តាំ ឃុំ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ហើយបានយកមកលាក់ទុកនៅក្នុងដេប៉ូលក់គ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតក្នុងភូមិក្រចាប១ ឃុំព្រៃព្នៅ ស្រុកពារាំង រហូតដល់វេលាម៉ោង៥ និង២០នាទីទៀបភ្លឺ ថ្ងៃបន្ទាប់ ពេលដែលរូបគេកំពុងជិះម៉ូតូ ដែលលួចបាន បម្រុងយកទៅលក់ ក៏ត្រូវសមត្ថកិច្ចពួនស្ទាក់ចាប់បានតែម្តង។ ក្រោយពីត្រូវឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ