រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ ដោយក្រពឹតផ្នែកខាងមុខ ខណៈពេលកំពុងតែបើករកកន្លែងចូលចត ក៏ត្រូវបានរថយន្តកូរ៉េមួយគ្រឿងដែលមានដឹកកុងម៉ាបានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៨ នៅលើផ្លូវសប៊ិត (ក្បែរគល់ស្ពាននាគកោះពេជ្រ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២BB-៩៨៦៨ ដែលបើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងមានជនជាតិបរទេស៣ទៅ៤នាក់ជាអ្នករួមដំណើរផងដែរនោះ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានអែមស្តាំរកកន្លែងចូលចត ក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២T-៩០៩៤ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកចំពីមុខពេញទំហឹង និងធ្លាក់កុងម៉ាពេញផ្លូវតែម្តង។

តាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ទំនងជាកើតឡើងដោយសារតែអ្នកបើកបររថយន្តកូរ៉េដឹកកុងម៉ាខាងលើ បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ននោះ ទើបបានទៅបុករថយន្តម៉ាក BMW ចំពីមុខ បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងក្រពឹតមុខ រងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមនក៏បានចុះមកដល់កន្លែងកើតហេតុ ហើយក៏មានភាគីខាងរថយន្តកូរ៉េដឹកកុងម៉ាកចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយនឹងភាគីខាងរថយន្តម៉ាក BMW ដោយភាគីខាងរថយន្តកូរ៉េដឹកកុងម៉ា ព្រមសងសំណងចំនួន៥ពាន់ដុល្លារដើម្បីជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕


ចែករំលែកព័តមាននេះ