ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០៤នាក់ រថយន្ត០១គ្រឿងដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១៦៩/២០១៨ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងដោយមានការសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងជំនាញបានឈានដល់ធ្វើការឃាត់ខ្លួនបានជនដៃដល់ម្នាក់នៅភ្នំពេញ ។

ហេតុការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងក្រុមហ៊ុន មួយនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចបញ្ជូនមកខេត្តសៀមរាបវិញ ។
លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា បន្ទាប់ពីជនសង្ស័យបានសម្លាប់ស្រីសេ្នហ៍នៅស្រុកស្រីស្នំ រួចមកជនសង្ស័យក៏បានគេចខ្លួនទៅសម្ងំនៅខេត្តកណ្តាល ខេត្តកំពត តាកែវ កំពង់សោម កោះកុងចឹង សមត្ថកិច្ចយើងតាមរហូតរយៈពេលកន្លះខែ ទើបឃាត់ខ្លួនមកភ្នំពេញវិញ ហើយកម្លាំងយើងតាមប្រម៉ាញ់ ចាប់បាននៅចំណុចក្នុងក្រុមហ៊ុន មួយនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួចបញ្ជូនមកខេត្តសៀមរាបវិញ ។

លោកបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ម៉ៅ សុខថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្តកងវិស្វកម្មលេខ១៧៨ មានទីកន្លែងកំណើតនៅ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះ(ត្រូវជាសង្សារ) ឈ្មោះ ស៊ុន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ទីកន្លែងកំណើត ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរនារីបំរើការខារ៉ាអូខេ មួយកន្លែងបណ្តាលឱ្យស្លាប់ ហើយជនសង្ស័យបានយកសពទៅចោលនៅចំណុចខាងលើ ។
មូលហេតុជនសង្ស័យខឹងនឹងជនរងគ្រោះសុំទៅនៅជាមួយមិនឱ្យពីព្រោះជនសង្ស័យត្រូវផ្លាស់ប្ដូរការដ្ឋានទៅធ្វើនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ផងដែរថា កាលពីវេម៉ោង៦និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងត្បូងជាប់ជើងភ្នំតាប៉ែន ចម្ងាយ៥០០ម៉ែត្រ ខាងកើត ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីឃាតកម្មបង្កឡើយដោយជនសង្ស័យឈ្មោះម៉ៅ សុថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្តកងវិស្វកម្មក្រសួងការពារជាតិដឹកដីនៅការដ្ឋានធ្វើផ្លូវ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប (រត់គេចខ្លួន) ហើយបានធ្វើសកម្មភាពរឹត.ក ជនរងគ្រោះ (ត្រូវជាសង្សារ) ឈ្មោះ ស៊ុន ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ហើយជនសង្ស័យបានយកសពទៅចោលនៅចំណុចខាងត្បូងជាប់ជើងភ្នំតាប៉ែន ចម្ងាយ៥០០ម៉ែត្រ ខាងកើត ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ