រាជធានីភ្នំពេញ ៖ ទិន្នផលស្ករត្នោតខេត្តកំពង់ស្ពឺកំពុងប្រឈមនឹងការធ្លាក់ចុះបរិមាណ ដោយសារកង្វះកម្លាំងពលកម្មនៅក្នុងផ្នែកនេះ ព្រោះយុវជនបានងាកមកកាន់ការងារក្នុងវិស័យឧស្សាហកម្ម ។
លោក ហុង ហឿន ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មត្នោត ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នាព្រឹកថ្ងៃទី២៨ ឧសភា ម្សិលមិញថា ចាប់តាំងពីថ្ងៃបង្កើតសហគមន៍ដំបូង ការប្រមូលទិញស្ករត្នោតបានត្រឹមតែ១តោន ទៅជាង១តោនប៉ុណ្ណោះ ប៉ុន្តែក្រោយពីប្រជាពលរដ្ឋចូលជាសមាជិកកាន់តែច្រើន បានធ្វើឲ្យការផលិតស្ករត្នោតកើនឡើងរហូត ។

ជាក់ស្តែង មកដល់ឆ្នាំ២០១៧កន្លងមកនេះ សហគមន៍មានស្ករត្នោតសម្រាប់លក់ទៅកាន់ទីផ្សារ បានកើនឡើងដល់១៥០តោន ដែលជាប្រភេទស្ករសម្រាប់នាំចេញ និងចែកចាយក្នុងស្រុក ។
លោកបន្តថា ៖« ស្ករត្នោតបានធ្លាក់ចុះប្រមាណ១០តោន ហើយបើតាមការស្ទាបស្ទង់មតិ ទិន្នផលស្ករត្នោតអាចនឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀត ព្រោះបច្ចុប្បន្ន សមាជិកសហគមន៍អ្នកឡើងត្នោត មានវ័យកាន់តែចាស់ទៅហើយ ។ ចំណែកសមាជិកវ័យក្មេងបានបោះបង់មុខរបរនេះ ដោយពួកគាត់បានងាកទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនានា ខណៈដែលវិស័យទាំងនោះកំពុងរីកចម្រើន » ។
លោក ហុង ហឿន បានអំពាវនាវដល់សមាជិកសហគមន៍ ក៏ដូចជានៅតាមបណ្តា សហគមន៍ដែលមានដើមត្នោត គួរបន្តនូវមុខរបរនេះ ព្រោះស្ករត្នោតគឺជាស្ករធម្មជាតិ ហើយមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលមានស្ករប្រភេទនេះ ខណៈពេលបច្ចុប្បន្ន មានក្រុមហ៊ុនដៃគូនាំចេញចំនួន៨, ក្រុមហ៊ុនចែកចាយក្នុងស្រុកចំនួន៦ និងក្រុមហ៊ុនដទៃទៀត ដែលមានបំណងសហការ ជួយផ្តល់ជាបទពិសោធន៍ ឬការដំឡើងថ្លៃឲ្យបានសមរម្យដល់សហគមន៍ ដើម្បីជំរុញលើកទឹកចិត្តដល់សហគមន៍អ្នកផលិតស្ករត្នោត ក្នុងការបន្តអនុវត្តកិច្ចការនេះឲ្យរីកចម្រើន និងការបន្តប្រកួតប្រជែងស្ករធម្មជាតិឲ្យមានទីផ្សារល្អដាច់គេទាំងនៅក្នុងតំបន់ ក៏ដូចទីផ្សារអន្តរជាតិ ។
និន្នាការនេះកំពុងដើរស្របគ្នានឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅផ្លាស់ប្តូរពីទីផ្សារការងារតាមបែបអតិពលកម្ម ទៅជាការងារដែលពឹងផ្អែកលើការងារជំនាញ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដែលនិន្នាការនេះនឹងជំរុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកកាន់តែច្រើនមករស់នៅក្រុងភ្នំពេញ ។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាករថា ចំនួនប្រជាពលរដ្ឋមករស់នៅតាមទីក្រុង ទីប្រជុំជន ពិសេសក្រុងភ្នំពេញ នឹងកើនឡើងដល់៨លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting បានថ្លែងថា កង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងផ្នែកដទៃទៀតជាបញ្ហាប្រឈមធំមួយ ដោយសារកម្ពុជាជាប្រទេសកសិកម្ម តែយើងប្រើប្រាស់ធនធានមិនសូវមានប្រសិទ្ធភាពនៅឡើយ ។
លោកបន្តថា ៖« រាជរដ្ឋាភិបាលគួរបង្កើនប្រសិទ្ធភាព និងវិនិយោគលើវិស័យកសិកម្មបន្ថែម ដើម្បីទាញយកកម្លាំងពលកម្មកុំឲ្យគាត់ចំណាកស្រុកច្រើន និងគួរពង្រឹងស្តង់ដាការងារ សុវត្ថិភាព និងសុខភាពសម្រាប់ពលករចំណាកស្រុក ជាដើម » ។
លោកបានបន្ថែមថា ៖« ពលករធ្វើការងារក្នុងវិស័យសំណង់ និងការងារក្នុងវិស័យការងារក្រៅប្រព័ន្ធដទៃទៀត គួរទទួលបានការថែទាំ និងការព្យាបាលសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ដូចកម្មករក្នុងប្រព័ន្ធដែរ ហើយការបណ្តុះបណ្តាលពួកគេឲ្យមានជំនាញ ដើម្បីទទួលបានការងារល្អប្រសើរ និងទាញយកតម្លៃបន្ថែមខ្ពស់ ក៏គួរយកចិត្តទុកដាក់ផងដែរ » ៕
ចែករំលែកព័តមាននេះ