ខេត្តកណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍ម្កាក់បានធ្វើការចាប់ខ្លួនជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនម្នាក់កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅ តាមផ្លូវលំ ស្ថិតនៅក្នុងភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យខាងលើនេះឈ្មោះទន ទូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលបាននិយាយថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើ ប្រជាពលរដ្ឋបានរាយការណ៍មកថា បានឃើញជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅកាន់កន្លែងកើតហេតុ ហើយឃាត់ខ្លួនបានជនសង្ស័យខាងលើដើម្បីសួរនាំ និងធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន២៦កញ្ចប់ជាប់នឹងខ្លួនជនសង្ស័យ ទើបចាប់នាំខ្លួនជនសង្ស័យខាងលើយកទៅសាកសួរនៅអធិការដ្ឋានស្រុកតែម្ដង។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនទិញថ្នាំញៀនពីម៉ូយនៅភ្នំពេញម្ដងៗតម្លៃ៦លាន៥សែនរៀល ដើម្បីយកទៅលក់បន្ត និងលក់តែប៉ុន្មានថ្ងៃប៉ុណ្ណោះគឺអស់ហើយ ។ កម្លាំងនគរ
បាលដកហូតបានថ្នាំញៀនចំនួន២៦កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន៤កញ្ចប់ និងកញ្ចប់តូចចំនួន២២កញ្ចប់ ទូរសព្ទដៃចំនួន១គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយពីការសាកសួររួច នគរបាលបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ហើយ៕
ចែករំលែកព័តមាននេះ