វៀតណាម​សន្យា​ថា នឹង​ផ្តល់​ឱកាស​បន្ថែម​ដល់​វិនិយោគិន​


ទីក្រុង​ហាណូយ ៖ កាលពី​ថ្ងៃ​ទី​២៥ ឧសភា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​និយាយ​ក្នុង​សន្និសីទ «Meet Europe 2018» នៅ​ទីក្រុង​ហាណូយ​ថា ប្រទេស​វៀតណាម​បាន​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​រដ្ឋាភិបាល​ស្មោះត្រង់​សម្រាប់​ប្រជា​ពល​រដ្ឋ និង​អាជីវកម្ម​នានា ខណៈ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ស្ថាប័ន បង្កើន​សមត្ថភាព​ធ្វើ​អភិ​បាលកិច្ច និង​បង្កើត​ឱកាស​បន្ថែម​ដល់​ក្រុមហ៊ុន​ទាំងអស់ រួម​ទាំង​វិនិយោគិន​មក​ពី​អឺរ៉ុប​ផង​ដែរ ។

លោក​បន្ត​ថា ៖« ប្រទេស​វៀតណាម​កំពុង​តែ​អភិវឌ្ឍន៍​ទៅ​មុខ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ាន ហើយ​វៀតណាម​សម្រេច​បាន​ស្តង់ដា​ខ្ពស់​ផ្នែក​បរិស្ថាន​អាជីវកម្ម ខណៈ​ប្តេជ្ញា​​ការពារ​លើ​កម្មសិទ្ធិបញ្ញា ។ វៀតណាម​បាន​ជំរុញ​ដល់​ផ្នែក​បច្ចេកវិទ្យា​មិន​ប៉ះពាល់​បរិស្ថាន​, សម្រប​នឹង​បម្រែបម្រួល​បរិយាកាស និង​ការ​ធ្វើ​កំណែទម្រង់​សហគ្រាស​រដ្ឋ » ។

លោក​បន្ថែម​ថា វិនិយោគិន​មក​ពី EU គឺជា​វិនិយោគិន​បរទេស​នាំមុខ​គេ​នៅ​វៀតណាម ដោយ​ពួក​គេ​បាន​វិនិយោគ​សរុប​ជិត​២៥​ប៊ី​លាន​ដុល្លារ និង​ជា​អ្នក​ផ្តល់​ជំនួយ​ធំ​ជាងគេ​ដល់​វៀតណាម​ផង​ដែរ ។ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​៥​ដង​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០១៧ មក​ស្មើ​ជាង​៥០​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក​បញ្ជាក់​ថា វៀតណាម​តែងតែ​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អឺរ៉ុប​ជាង​២​ពាន់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​នេះ ជា​ពិសេស ផ្នែក​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, កំពង់​ផែ​សមុទ្រ​, អាកាសយានដ្ឋាន​, ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​, ថាមពល​អគ្គិសនី​, ប្រេង​និង​ឧស្ម័ន​, កសិកម្ម​, ទេសចរណ៍ និង​សុខាភិបាល ជាដើម ។

លោក​បាន​ស្នើ​ឲ្យ​អ្នកដឹកនាំ​ក្រសួង និង​តាម​តំបន់​ទាំងអស់​ដោះស្រាយ​ការ​លំបាក​របស់​ដៃគូ និង​ក្រុមហ៊ុន​អឺរ៉ុប​នៅ​វៀតណាម ។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា ដៃគូ​អឺរ៉ុប​នឹង​រៀប​ចំការ​​វិនិយោគ និង​យុទ្ធសាស្ត្រ​អាជីវកម្ម​រយៈពេល​វែង​នៅ​ប្រទេស​វៀតណាម ព្រមទាំង​ជំរុញ​កា​រត​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ផង​ដែរ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ