រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេសមិនស្រួលខ្លួនចូលទៅម៉ាស្សានៅហាងយីហោបែបបុរាណខ្មែរ ខណៈចេញមកវិញបម្រុងនឹងគិតលុយឱ្យយកកាបូបមកមើលបាត់លុយអស់ចំនួន១០០០ដុល្លារផ្អើលទៅដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនស្ត្រីម៉ាស្សាយកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោ បែបបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណ វ័យជាង២០ឆ្នាំ មិនដឹងថា គាត់ដើរមកពីណានោះទេ សង្ស័យអត់សូវស្រួលខ្លួនហើយមើលទៅបានជាចូលទៅម៉ាស្សានៅក្នុងកន្លែងម៉ាស្សាយីហោបែបបុរាណខ្មែរ ។
ពេលចូលទៅម៉ាស្សាបុគ្គលិកម៉ាស្សាក៏ប្រាប់ជនជាតិបរទេសនោះថា ឱ្យគាត់ដោះខោអាវចេញទៅដើម្បីស្រួលម៉ាស្សា លុះពេលដែលជនជាតិបរទេសនោះម៉ាស្សាហើយដើរចេញមកវិញបម្រុងនឹងដកកាបូបគិតលុយតែពេលមើលឆែកកាបូបមើលបាត់លុយនៅក្នុងកាបូបរបស់គាត់ចំនួន១០០០ដុល្លារ ភ្លាមៗនោះដែលជនជាតិបរទេសក៏បានស្រែកឆោឡោផ្អើលទៅដល់សមត្ថកិច្ចចុះមកអន្តរាគមន៍សួរនាំ និងឃាត់ខ្លួនស្ត្រីជាអ្នកម៉ាស្សាឱ្យជនជាតិបរទេសយកទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីសួរនាំជាបន្តទៀត ។
ក្រោយពេលកើតហេតុជនជាតិបរទេសក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកលុយរបស់គាត់មកវិញ ៕
ចែករំលែកព័តមាននេះ