រាជធានីភ្នំពេញ ៖ និយាយពីរឿងតោសើច តោយំ អង្គុយយ៉ាងស្វាហាប់នៅអមអគារសាលាកាត់ក្តី ពិតជាគួរឱ្យចាប់អារម្មណ៍ សម្រាប់មហាជនទូទៅ ហើយប្រហែលជាមនុស្សតិចតួចទេ ដែលបានដឹងពីបញ្ហានេះ ។ ការពិតរឿងរ៉ាវមានប្រវត្តិតាំងពីសម័យកាល កកើតមានសាលាជំនុំជម្រះក្តីមកម្លេ៉ះ ដូចជាសាលាដំបូងសាលាឧទ្ធរណ៍រហូតដល់តុលាការកំពូល ។ គេតែងតែពិនិត្យឃើញមានរូបសំណាក់ដាក់តាំងមុខខ្លោងទ្វារ ឬតាមបង្កាន់ដៃជណ្តើរឡើងអគារធ្វើការ ឬអគារជំនុំជម្រះក្តី ។

ជាក់ស្តែង បច្ចុប្បន្ននៅសាលាដំបូងរាជធានីភ្នំពេញ ពេលលោកបណ្ឌិត ជីវ កេង ធ្វើជាប្រធានសាលាដំបូង លោកបានប្រឹងប្រែងសហការជាមួយក្រុមហ៊ុនឯកជនសាងសង់អគារសាលាដំបូងថ្មីសន្លាងមួយខ្នង មានកម្ពស់៥ជាន់ និងមានបន្ទប់សម្រាប់ប្រធាន អនុប្រធាន បន្ទប់ព្រះរាជអាជ្ញាព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាប់សិបនាក់ អង្គុយបម្រើការងារយ៉ាងត្រជាក់ចិត្ត ព្រមទាំងមានសោភ័ណភាពល្អសមរម្យទាក់ចិត្តទាក់ភ្នែកគួរជាទីមោទនៈ ។

ជាមួយនឹងការសាងសង់អគារសាលាដំបូងរាជធានីភ្នំពេញ និងក្រោយពីសាងសង់រួចលោកបណ្ឌិត ជីវ កេង បានតម្រូវឲ្យជាងឆ្លាក់រូបសំណាកតោពីរ ដាក់តាំងនៅក្បែរជណ្តើរឡើងទៅលើអគារសាលាដំបូងនោះ ។ រូបសំណាកតោពីរដែលអង្គុយនៅទីនោះបានបង្ហាញនូវឫទ្ធិពលភាពជាស្តេចម្រឹក តែបើពិនិត្យឱ្យច្បាស់ទៅទើបឃើញថារវាងរូបសំណាកតោទាំង២ គឺមានតោមួយសើចមាត់ចំហ តោមួយយំស្បែប ។ មិនខុសគ្នាពីនៅសាលាឧទ្ធរណ៍ គេដាក់តាំងរូបសំណាកមនុស្សម្នាក់ស្លៀកខោ និង រូបសំណាកមនុស្សម្នាក់ទៀតអត់ស្លៀកខោ ។ ចំណែកទីកន្លែងខ្លះ ឬការិយាល័យមេធាវី ខ្លះគេបានប្រើរូបសញ្ញាជញ្ជីង (បាស់) គឺម្ខាងទាប ម្ខាងខ្ពស់ ហេតុអ្វី ?

តាមមន្ត្រីជាន់ខ្ពស់នៅបម្រើការងារស្និទ្ធិជាមួយលោកបណ្ឌិត ជីវ កេង ដែលបច្ចុប្បន្នលោកបណ្ឌិតជាអនុប្រធានតុលាការកំពូលបានផ្តល់ជាយោបល់ឲ្យដឹងថា រូបសំណាកតោពីរអង្គុយនៅជាប់ជណ្តើរឡើងអគារសាលាដំបូងរាជធានីភ្នំពេញ រូបតោមួយអង្គុយសើចសប្បាយចិត្ត គឺតំណាងឲ្យអ្នកឈ្នះក្តី ។ ឯតោមួយទៀតដែលអង្គុយយំតំណាងឲ្យអ្នកចាញ់ក្តី ។ មិនខុសគ្នា ទៅនិងរូបសំណាកមនុស្សស្លៀកខោ និងអត់ខោស្លៀកនៅសាលាឧទ្ធរណ៍ ឬក៏ជញ្ជីងយុត្តិធម៌ខ្លះទាបខ្លះខ្ពស់(បាស់)មិនស្មើគ្នានោះទេ គឺមានប្រវត្តិរឿងរ៉ាវតាំងពីសម័យដើម ដែលកកើតតុលាការជម្រះក្តីមកម្លេ៉ះ ។

រូបសំណាកតោសើច និងតោយំ ជានិមិត្តរូបបញ្ជាក់ពីការកកើតជាជម្លោះឈ្លោះទាស់ទែង ឬមានការប្តឹងប្តល់មកដល់សាលាដំបូង តាមចំណាំមិនដែលមានភាគីគូទំនាស់ណាមួយទទួលបានការកាត់ក្តីបានស្មើគ្នានោះទេ គឺតែងតែមានអ្នកចាញ់ក្តី និងអ្នកឈ្នះក្តី ។ ចំណុចនេះហើយបានបញ្ជាក់ថា អ្នកចាញ់គឺតោអង្គុយយំស្បែប ។ រីឯអ្នកឈ្នះក្តី គឺតោអង្គុយសើចសប្បាយចិត្ត ។ ក៏ដូចគ្នាទៅនិងរូបសំណាកជាមនុស្សនៅសាលាឧទ្ធរណ៍ បច្ចុប្បន្នម្នាក់ស្លៀកខោ ម្នាក់អត់ស្លៀកខោក៏ជានិមិត្តរូបតំណាងឲ្យអ្នកដែល«តក្តី» គឺអ្នកចាញ់រហូតអស់ខោអស់អាវ អ្នកឈ្នះក្តីនៅមានខោស្លៀក ដូចសុភាសិតមួយដែលដំណាលថា (កំុឈ្លោះជាមួយមនុស្សស្រី កុំក្តីជាមួយចិន) ។ នេះជាការពិត ពេលណាក្តីក្តាំគ្នាឡើងតុលាការ មានអ្នកឈ្នះ និងមានអ្នកចាញ់ បើនៅតែតតាំងក្តីទៀត មានអ្នកខ្លះអស់ខោ អស់អាវក៏មានដែរ សូម្បីលីអូក៏សឹងអស់ដែរ ។

មិនខុសពីរអ្នកច្បាប់ខ្លះ ប្រើរូបសញ្ញាជញ្ជីងម្ខាងបាស់ ម្ខាងធ្លាក់ ដែលសបញ្ជាក់ថា ការកាត់ក្តីនៅតុលាការគ្រប់ជាន់ថ្នាក់ មានភាពលម្អៀង ដោយមានអ្នកឈ្នះក្តី តែងពោលថា ទទួលបានយុត្តិធម៌ ។ ចំណែកភាគីចាញ់ក្តីបានស្រែកថា «អយុត្តិធម៌ណាស់» ពិតជាត្រឹមត្រូវដូចរូបសញ្ញា (ជញ្ជីងនោះមែន) ។ មន្ត្រីតុលាការដដែលបន្តថា ដូច្នោះហើយបានជាមានអ្នកខ្លះឆ្ងល់ថា ហេតុអីនៅសាលាដំបូងមានរូបសំណាកតោមួយអង្គុយសើច តោមួយអង្គុយយំ និងនៅសាលាឧទ្ធរណ៍មានរូបសំណាក មនុស្សម្នាក់មានខោស្លៀក និងមនុស្សម្នាក់ទៀតគ្មានខោស្លៀក លោកសូមបញ្ជាក់ឡើងវិញថា ក្តីក្តាំដែលឡើងនៅតុលាការគឺវាអញ្ចឹង ។

អ្នកចាញ់អស់គោក្របី អស់ដី អស់ស្រែ អស់ខោអស់អាវ (មានលុយឈ្នះ អត់លុយចាញ់ នោះហើយពាក្យកុំឈ្លោះជាមនុស្សស្រី កំុក្តីជាមួយ ចិន) ។ បើគ្រប់គ្នាចៀសវាងមិនក្តីក្តាំគ្នាដល់ តុលាការគឺប្រសើរពេកណាស់ និងមិនឈឺចាប់វែងឆ្ងាយផង តែជាការពិតចង់បានទទួលត្រឹមជាអ្នកឈ្នះក្តីអស់អីអស់ទៅ សេះដាច់យកសេះតាមជួនកាលឡានតាមគឺពិតជារលំរលាយហើយ ព្រោះមួយថ្ងៃៗ ឃើញតែស្តាយក្រដាស១សំណុំធំ សុទ្ធតែលិខិតស្នាមទាក់ទងនឹងសំណុំរឿង គ្រាន់តែអ្នកឃើញក៏ឈឺក្បាលដែរ ៕

ចែករំលែកព័តមាននេះ