ស៊ីកាហ្គោ ៖ កសិករអាមេរិកបាននិយាយថា ពួកគេនឹងដាំដំណាំតាមផែនការ មុនពេលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនអន់ថយ ខណៈប្រទេសទាំងពីរបានបន្តការចរចាជាមួយគ្នា។ ពួកគេនឹងរង់ចាំមើលការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបង្កើនការលក់ទៅកាន់ប្រទេសចិនផងដែរ ។
កាលពីចុងសប្តាហ៍មុន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកនេះបានសន្យាថា នឹងរក្សាការសន្ទនាពីវិធីធ្វើឲ្យប្រទេសចិនអាចនាំចូលថាមពល និងកសិផលបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មចំនួន៣៣៥ប៊ីលានដុល្លាររបស់អាមេរិកជាមួយចិន ។
ការព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថា នឹងដាក់ពន្ធដល់ទៅ១៥០ប៊ីលានដុល្លារ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងប្រឆាំងការប្រើប្រាស់បច្ចេកវិទ្យាអាមេរិកដែលមិនត្រឹមត្រូវ ។ ប្រទេសចិនបានឆ្លើយតបវិញថា នឹងដាក់ពន្ធលើផលិតផលធំៗរបស់សហរដ្ឋអាមេរិកផងដែរ រួមមាន សណ្តែកសៀង និងកសិផលផ្សេងទៀត ។
កសិករអាមេរិកមួយចំនួនស្ទាក់ស្ទើរក្នុងការកែប្រែគម្រោងដាំដំណាំរបស់ពួកគេ ដែលបង្ហាញថា ពួកគេនៅមិនទាន់ប្រាកដប្រជាពីលទ្ធផលចរចានៅឡើយទេ ។ សម្រាប់កសិករជាច្រើនគិតថា វាហួសពេលហើយដែលត្រូវផ្លាស់ប្តូរគម្រោង របស់ខ្លួន ព្រោះពួកគេបានទិញគ្រាប់ពូជ និងជី សម្រាប់ការធ្វើកសិកម្មរួចទៅហើយ ។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទឲ្យដឹងថា កសិករបានដាំដំណាំពោត៨១%, សណ្តែកសៀង៥៦% ព្រមទាំងដំណាំផ្សេងៗទៀត ។
ប្រធានសមាគមដំណាំពោតក្នុងរដ្ឋ Minnesota លោក Kirby Hettver បាននិយាយថា លោកចង់ឃើញមានកិច្ចព្រមព្រៀងរយៈពេលវែងមួយសិន មុនពេលលោកកែប្រែគម្រោង ៕
ចែករំលែកព័តមាននេះ