ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជេឌីវេន​ថា​ការ​ចរ​ចា​អាមេរិក-​អ៊ីរ៉ង់​ជា​បាត​គ្រឹះ​ដ៏​រឹង​មាំ​ឆ្ពោះ​ទៅកិច្ច​ព្រម​ព្រៀង​​បញ្ចប់​សង្គ្រាម​ជា​ស្ថា​ពរ​

2 ថ្ងៃ មុន

ទី​ក្រុង​ហ្សឺណែវ៖ អនុ​ប្រធានា​ធិបតី​អាមេរិក លោក​ជេ​ឌីវេន ថ្លែង​ថា​ការ​ចរ​ចា​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅប្រទេស​ស្វីស​បាន​រៀប​ចំ​​​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​ល្អ​សម្រាប់​ការ​ចរ​ចា​គ្នា​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​ជា​ស្ថា​ពរ​។ លោក​នៅតែ​មាន​ជំនឿ​យ៉ាង​ដូច្នេះ​ទោះ​បី​ភាគី​ទាំង​២​ចរ​ចា​គ្នា​ទៅ​មាន​​​ភាព​​តាន​តឹង ឬ​ក៏​ថា​មាន​ភាព​ប្រ​ទាំង​ប្រទើស​គ្នា​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ច្រក​សមុទ្រ​ហ័រ​ម៉ូស និង​ប្រទេស​លីបង់​យ៉ាង​ណា​ក្ដី​។ ភាគី​ទាំង​២​បាន​ឯក​ភាព​គ្នា​ទទួល​​យក​ផែន​ទី​បង្ហាញ​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ម៉េច​ត្រូវ​តែ​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​រង្វង់​៦០​ថ្ងៃ​។

ភាគី​ទាំង​២​ក៏​បាន​​ឯក​ភាព​គ្នា​ទទួល​យក​យន្ត​ការ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​លីបង់​រវាង​ក្រុម​ហេស​បូឡា​ និង​អ៊ីស្រា​អែល​ និង​បើក​បណ្ដាញ​ទំនាក់​ទំនង​ពិសេស​​ដើម្បី​​​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​សម្រាប់​កប៉ាល់​ពាណិជ្ជ​កម្ម​បើក​ចេញ​ចូល​ដោយ​សុវត្ថិ​ភាព​។ ទី​នេះ​ជា​ច្រក​ដ៏​សំខាន់​សម្រាប់​​​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​។ លោក​វេន​អះ​អាង​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​បាន​យល់​ព្រម​អនុញ្ញាត​​ឱ្យ​​ក្រុម​អ្នក​សង្កេត​ការណ៍​នុយ​ក្លេ​អ៊ែរ​​ចូល​ទៅ​ត្រួត​ពិនិត្យ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​, យល់​ព្រម​​បង្កើត​យន្ត​ការ​ដើម្បី​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​គេ​បង្កក​ទុក​នៅ​ក្រៅ​ប្រទេស​ និង​​យល់​ព្រម​​​គ្រប់​គ្រង​បទ​ឈប់​បាញ់​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​។

លោក​ថ្លែង​ប្រាប់​ក្រុមអ្នក​សារ​ព័ត៌​មាន​ថា​យើង​បាន​រៀប​ចំ​បាត​គ្រឹះ​ដ៏​រឹង​មាំ​បំផុត​ដើម្បី​ឈាន​ទៅ​រក​ការ​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​ស្ថាពរ​​​ប្រក​ប​ដោយ​ភាព​ជោគ​ជ័យ​។ សូម​ជម្រាប​ថា​ចាប់​តាំង​ពី​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​ទី​តាំង​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៥​ អ៊ីរ៉ង់​អនុ​ញ្ញាត​​ឱ្យ​ទី​ភ្នាក់​ងារ​អាតូមិច​អន្តរ​ជាតិ​ (IAEA) ​​ចូល​ពិនិត្យ​មើល​ទី​តាំង​ដែល​មិន​បាន​ទទួល​រង​ការ​វាយ​ប្រហារ​តែ​ប៉ុណ្ណោះ​។ ទី​ភ្នាក់ងារ​ខាង​លើ​នេះ​សម្រេច​ចិត្ត​ផ្អាក​ការ​ត្រួត​ពិនិត្យ​​ទាំង​ស្រុង​បន្ទាប់​ពី​អាមេរិក និង​អ៊ីស្រា​អែល​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​។ មក​ទល់​នឹង​ពេល​នេះ IAEA មិន​ទាន់​ចូល​ពិនិត្យ​ឡើង​វិញ​នៅ​ឡើយ​ទេ​។

លោក​វេន​ហាក់​ដូច​ជា​ចង់​និយាយ​សម្រាល​ស្ថាន​ការណ៍​តាន​តឹង​បន្តិច​វិញ​​បន្ទាប់​ពី​លោក​ត្រាំ​ចេញ​សារ​គំរាម​កំហែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​លោក​នឹង​បើក​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​បន្ទាប់​ពី​ប្រទេស​នេះ​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ក្រោម​ហេតុ​ផល​ថា​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីន​តោន​មិន​អាច​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​នៅ​លីបង់​។ លោក​វេន​ថា​មាន​ការ​គំរាម​កំហែង​តិច​តួច​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ទី​បញ្ចប់​យើង​នឹង​ចរ​ចា​គ្នា​ជា​បន្ត​ទៀត​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អ៊ីរ៉ង់​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ប្រេង​ឆៅ និង​ប្រេង​ពាក់​កណ្ដាល​សម្រេច, បញ្ចេញ​យក​មក​ប្រើ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​គេ​បង្កក​ទុក​នៅ​បរទេស​ និង​ចាប់​ផ្ដើម​ផែន​ការ​ស្ដារ​ និង​អភិ​វឌ្ឍ​ប្រទេស​​ជាតិ​​ឡើង​វិញ​៕ ប្រភព៖ Reuters​