ក្រៅពីសមុទ្រ និងផ្លូវអាកាសនៅពេលនេះ កម្ពុជាបានចាប់ផ្តើមបញ្ជូនទំនិញទៅកាន់ទីផ្សារនៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោកបានអះអាងថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅកម្ពុជាបានពិធីសម្ពោធជាផ្លូវការនូវការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ។
លោកបានបន្តថា ពិធីនេះត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវហើយ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជា ចំនួន ៣០ក្រុមហ៊ុនផងដែរ។

លោកបានអះអាងថា សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ និងក្រសួងកសិកម្ម និងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន៦មុខ ទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន ។
លោកបានបន្តថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាង សម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ ។
៥ខែដើ មឆ្នាំ២០២៦កន្លងទៅនេះ កម្ពុជាបាននាំចេញនូវទំនិញសរុបជាង៧៥៣លានដុល្លារ ទៅកាន់ប្រទេសចិន ៕
ចែករំលែកព័តមាននេះ