ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី នឹងដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ២៦,៣៤ ទ្រីលានរូពី ឬ ១,៤៨ ពាល់លានដុល្លារអាមេរិក សម្រាប់ឆមាសទី២ នៃឆ្នាំ ២០២៦ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការផ្តល់ជំនួយអង្ករ ១០ គីឡូក្រាមដល់ពលរដ្ឋរាប់លាននាក់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២២ ខែមិថុនា ដោយក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដែលរាយការណ៍ដោយសារព័ត៌មាន Jakarta Globe បានឱ្យដឹងថា កញ្ចប់ថវិកានេះផ្តោតសំខាន់លើជំនួយស្បៀងអាហារ ដោយ ៦៨% ត្រូវបានបែងចែកលើការចែកស្បៀងអាហារ។ កញ្ចប់ថវិកាសរុបនេះទៀតសោត ក៏រួមបញ្ចូលទាំងការបញ្ចុះតម្លៃលើការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវរថភ្លើង និងផ្លូវទឹក ព្រមទាំងកម្មវិធីកម្មសិក្សាដែលផ្តល់ជូនប្រាក់កម្រៃផងដែរ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់បណ្តាអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងជួយរ៉ាប់រងថ្លៃអាករលើតម្លៃបន្ថែម (VAT) សម្រាប់សំបុត្រយន្តហោះផងដែរ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNBC Indonesia បានឱ្យដឹងថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ឥណ្ឌូណេស៊ីនឹងចែកកញ្ចប់អង្ករទម្ងន់ ១០ គីឡូក្រាមដល់ពលរដ្ឋចំនួន ៣៣ លាននាក់ ចាប់ពីខែក្រោយតទៅ ដោយបានត្រៀមថវិកាចំនួន ១៧,៥៤ ពាន់លានរូពី ឬជាង ៩៧៧ លានដុល្លារអាមេរិកសម្រាប់កម្មវិធីនេះ។
នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ រដ្ឋាភិបាល៌ណ្ឌូណេស៊ីបានចំណាយថវិកាចំនួន ១៥ ពាន់លានរូពី ឬជាង ៨៣៦ លានដុល្លារអាមេរិក លើជំនួយស្បៀងអាហារ និងវិធានការជំរុញផ្សេងៗទៀត។
បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងតែកំណត់គោលដៅកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៥,៤% នៅឆ្នាំនេះ ដែលជាការកើនឡើងពីកំណើន ៥,១១% ដែលបានកត់ត្រាកាលពីឆ្នាំមុន៕ ប្រភព ៖ Reuters និង VnExpress


ចែករំលែកព័តមាននេះ