ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ប្រកាស​ចុះ​ចេញ​ពី​តំណែង​បន្ទាប់​ពី​មាន​ការ​ប្រជែង​អំណាច​គ្នា​នៅ​ក្នុង​គណ​បក្ស

2 ថ្ងៃ មុន

ទី​ក្រុង​ឡុង​៖ ​ជា​ករណី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​នៅ​សុខ​ៗនាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក​ខៀ​ស្តាមើ​  (Keir Starmer) ប្រកាស​ជា​ចំហ​តែ​ម្ដង​ថា​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​​ប្រធាន​គណ​បក្សពល​ករ​ដែ​កំពុង​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​​។ ម៉្យាង​ទៀត​ បន្ទាប់​ពី​ចុះ​ចេញ​ពី​តំណែង​ប្រធាន​បក្សរួច​ លោក​ក៏​នឹង​ចាក​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​រង្វង់​ប៉ុន្មាន​អាទិត្យ​ខាង​មុខនេះ​​។ នៅ​ក្នុង​ច្បាប់​របស់​អង់​គ្លេស​ ​​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ជា​ប្រធាន​គណ​បក្ស​គ្រប់​គ្រង​ប្រទេស។​​ ដូច្នេះ​តំណែង​នាយក​រដ្ឋ​មន្ត្រី​មិន​ចាំ​បាច់​សភា​បោះ​ឆ្នោត​ដក​តំណែង​ទេ​ គឺ​ត្រូវ​តែ​អស់​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​ពេល​មាន​​អ្នក​ផ្សេង​នៅ​ក្នុង​គណ​បក្ស​ជា​មួយ​គ្នា​ស្នើ​សុំ​ប្រកួត​ប្រជែង​​​។

តាម​ដឹង​មក​ថា​លោក​ស្តាមើ​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​មន្ត្រី​ធំ​ៗ​នៅ​ក្នុង​គណ​បក្ស​ជា​មួយ​គ្នា​បន្ទាប់​ពី​លោក​ឡើង​កាន់​អំណាច​ក្រោយ​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​ពី​រ​ឆ្នាំ​មុន​។ លោក​ស្តាមើ​ថ្លែង​ថា​លោក​នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រីចាំ​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​​រហូត​ដល់​គណ​បក្ស​របស់​លោក​ជ្រើស​រើស​បាន​ប្រធាន​ថ្មី​។ គេ​រំពឹង​ថា​អតីត​ចៅ​ហ្វាយ​ក្រុង​មេន​​ឆេស​ស្ទើ​ លោក​បឺនហេម (Burnham) អាច​ជា​អ្នក​ឡើង​កាន់​តំណែង​បន្ត​។ លោក​បឺន​ហេម​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា​លោក​នឹង​ចូល​ខ្លួន​ប្រឡូក​នៅ​ក្នុង​កិច្ច​ការ​នេះ​។

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក​វេស​ស្ទ្រីត​ធីង (Wes Streeting) ដែល​ពី​ដំបូង​ដៃ​គេ​គិត​ថា​ជា​អ្នក​ដែល​អាច​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ប្រធាន​គណ​បក្ស​ លោក​ក៏​ប្រកាស​គាំទ្រ​លោក​បឺន​ហេម​ផង​ដែរ​។ បើ​ដូច្នេះ​មែន តាម​មើល​ទៅ គណ​បក្ស​ពល​ករ​មិន​ចាំ​បាច់​​​បោះ​ឆ្នោត​រើស​ប្រធាន​បក្ស​ទេ គឺ​ប្រគល់​ជូន​លោក​បឺន​ហេម​តែ​ម្ដង​។ លោក​បឺន​ហេម​​វិល​ទៅ​កាន់​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​វិញ​បន្ទាប់​ពី​កាន់​តំណែង​ជា​អភិ​បាល​​ក្រុង​មេន​ឆេស​ស្ទើ​ជិត​មួយ​ទស​វត្សរ៍។ នៅ​រាត្រី​នេះ លោក​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​ពេញសិទ្ធិ​។

​គិត​ទៅ​ មិន​ដល់​មិនទស​វត្សរ៍​ផង នាយក​រដ្ឋ​មន្ត្រី​ចំនួន​៦​រូប​ រួម​ទាំង​លោក​ស្តាមើ​ផង​ដែរ​ត្រូវ​ចាក​ចេញ​​មុន​អាណត្តិ​​ពី​វិមាន​ដោន​នីង​ស្ទ្រីត (Downing Street) ដែល​ជា​និវាសនដ្ឋាន​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​អង់​​គ្លេស។ សេចក្ដី​ប្រកាស​អំពី​គម្រោង​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ស្តា​មើ​កើត​មាន​ឡើង​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ខួប​ទី​ដប់​ឆ្នាំ​ដែល​អង់​គ្លេស​ចាក​ចេញ​ពី​សហ​ភាព​អឺរ៉ុប​។ ការ​សម្រេច​ចិត្ត​ចាក​ចេញ​នេះ​ធ្វើ​ឱ្យ​អង់​គ្លេស​ប្រឈម​នឹង​បញ្ហា​សេដ្ឋ​កិច្ច​ និង​នយោ​បាយ​រហូត​ដល់​សព្វ​ថ្ងៃ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ Associated Press និង​ប្រភព​ដទៃ​ទៀត​៕​