ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ដកហូតឡានដេញ​បុក​ប្អូនធម៌​នាយ​ពែ​ក​មី… ហាក់​​​​ដូចព្យាយា​ម​​​លាក់​​លៀម

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​TUNDRA​មួយ​គ្រឿង​ដែល​ជាប់ចោទ​ថា បាន​បើក​ដេញ​បុក​ប្អូនធម៌​នាយ​ ពែ​ក​មី តារា​កំប្លែង​មានប្រជាប្រិយ​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌប្ញស្សីកែវស្រាវជ្រាវ​រក​ឃើញ និង​ឈាន​ទៅ​ដកហូត​បាន​ហើយ ​កាលពី​វេលា​ល្ងាច​ថ្ងៃទី​២០ ឧសភា នៅផ្ទះ​ជនសង្ស័យនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​TUNDRA​មួយ​គ្រឿង​ដែល​ជាប់ចោទ​ថា បាន​បើក​ដេញ​បុក​ប្អូនធម៌​នាយ​
ពែ​ក​មី តារា​កំប្លែង​មានប្រជាប្រិយ​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌប្ញស្សីកែវស្រាវជ្រាវ​រក​ឃើញ និង​ឈាន​ទៅ​ដកហូត​បាន​ហើយ ​កាលពី​វេលា​ល្ងាច​ថ្ងៃទី​២០ ឧសភា នៅផ្ទះ​ជនសង្ស័យនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌប្ញស្សីកែវ ។ ទោះបីជា​យ៉ាងណា​ ម្ចាស់​រថយន្ត​ដែល​គេ​ចោទ​​ថា ជា​អ្នក​បើករថយន្ត​ដេញ​បុក​នោះ​បាន​គេចខ្លួន​បាត់ ។ ជុំវិញ​ការ​ដកហូត​រថយន្ត​នោះ នគរបាល​ខណ្ឌ​ប្ញ​ស្សីកែវ​ ហាក់ដូចជា​ព្យាយាម​លាក់លៀម មិន​ផ្តល់​ព័ត៌មាន​នានា​នោះ​​ទេ ។

រថយន្ត​ដែល​សមត្ថកិច្ច​ដកហូត​ម៉ាក TUNDRA ពណ៌​.ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AP-០១៩៨ មាន​ម្ចាស់​ឈ្មោះ វ៉ាល់ សុវណ្ណ​មក​រា ហៅ​គី អាយុ​៣២​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​ចរា​ចរណ៍​​ផ្លូវគោកនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​បាន​គេចខ្លួន ។ ចំណែក​ជន​រង​គ្រោះ​ដែល​ចោទ​ថា ត្រូវ​រថយន្ត​ដេញ​បុក​ឈ្មោះ​សាលី​ម ហ្វា​រីត (​តាម​នាយ​ពែ​ក​មី​ថា​ឈ្មោះ​ចាន់ សុ​ផាត​) ភេទ​​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត នៅ​សាកលវិទ្យាល័យ​បៀរ​ប្រាយ មហាវិទ្យាល័យ​ព័ត៌មានវិទ្យា ( IT) ឆ្នាំ​ទី​៤ មាន​លំនៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​បាន​រង​គ្រោះ​របួស​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គេច​ពី​ការ​ដេញ​បុក ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​តោ​ថ្ម និង​របង​ផ្ទះ​គេ​ធ្វើ​ឱ្យ​តោ​ថ្ម​បែក​ជា​ពីរ ។

គួរ​បញ្ជាក់​ថា ករណី​បើករថយន្ត​ដេញ​បុក​នេះ យោង​តាម​របាយការណ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២បានឱ្យ​ដឹង​ថា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ និង​៤២​នាទី​យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​ចំណុច​ផ្លូវ​លេខ​១១ (​ផ្លូវ​ចូល​អាង​ទឹក​ច្រាំង​ចំរេះ​) ក្នុងភូមិ​ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។ បន្ទាប់​ពី​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​តែ​បែរជា​ស្ងប់ស្ងាត់ ទើបតែ​នៅ​ថ្ងៃ​ទី​១៩ ឧសភា នាយ​ពែ​ក​មី​ក៏​បាន​បង្ហោះ​វី​ដេ​អូ​នៅ​ក្នុង​បណ្តាញ​សង្គម​និង​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ក៏​ដូច​ជា​សមត្ថកិច្ច​ផ្សេង​ៗ​ទៀត​ជួយ​រក​យុត្តិធម៌​ផង ។

ទន្ទឹម​នោះ​ ក្នុង​បណ្តាញ​សង្គម​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក៏​បាន​ប្រតិកម្ម​តប​ភ្លាម​ៗ ដោយ​អះអាង​ថា​នឹង​រក​យុត្តិធម៌​ជូន​ប្អូនធម៌​ប្រុស​របស់​នាយ​ពែ​ក​មី ដោយ​បាន​សរសេរ​តប​ថា​«​ជំរាប​ជូន​លោក​ពែ​ក​មី ក៏​ដូច​សាធារណជន​មេត្តា​ជូន​ជ្រាប ! ចំពោះ​ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ឧសភា សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​នឹង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​នឹង​កំពុង​ខិតខំ​ជំរុញ​លើ​វិធានការ​ជំនាញ​ទាំង​នីតិវិធី​និង​ប្រតិបត្តិការ​តាម​ប្រសាសន៍​ដឹកនាំ​និង​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​អគ្គស្នងការ​រង នឹង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដូច​សាធារណជន មេត្តា​ផ្តល់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​យើងខ្ញុំ !» ។ បន្ទាប់​ពី​មាន​ប្រតិកម្ម​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​ដកហូត​បាន​រថយន្ត​តែ​ម្តង ។

នៅ​ក្នុង​របាយការណ៍​ដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ​ ក៏​បាន​បន្ត​ទៀត​ថា យោង​តាម​កំណត់​ហេតុ​សាកសួរ​បំភ្លឺ​សន្និដ្ឋាន​ថា ឈ្មោះ វ៉ាល់ សុវណ្ណ​មក​រា ហៅ​គី ពិតជា​បាន​ប្រព្រឹត្តិ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​បើករថយន្ត​ដេញ​បុក​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បុក​ជញ្ជាំង​របង​ទ្វារផ្ទះ​រង​របួសធ្ងន់​) ពិត​ប្រាកដ​មែន ។ តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ការ​ឈាន​ទៅ​ប្រើ​ហិង្សា​បើករថយន្ត​ដេញ​បុក​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជិះ​គេច​ជ្រុល​ទៅ​បុក​របង​ទ្វារផ្ទះ​របួសធ្ងន់​នេះ ផ្តើម​ចេញពី​រឿង​ទំនាស់​ពេល​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់វី ពណ៌​.​ស​ លា​យ​ខ្មៅ​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១CC-៣៨៦៩​មួយ​គ្រឿង​ធ្វើ​ដំណើរ តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ នៅ​ពេល​មក​ដល់​ផ្លូវភ្លោះ​អតីត​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ស្រាប់​តែ​មាន​រថយន្ត​របស់​មន្ត្រី​នគរបាល​រូប​នេះ​ដែល​ទើបតែ​ចេញពី​ស៊ី​ការ​បាន​ស៊ី​ប្លេ​សុំ​ផ្លូវ តែ​ជន​រង​គ្រោះ​ទំនងជា​មិន​ឮ​មិន​បាន​គេច ឬ​បើកផ្លូវ​ឱ្យ​រថយន្ត​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​រូប​នោះ​ខឹង​បាន​បើក​ដេញ​និង​កៀរ​ឱ្យ​ឈប់ នៅ​ចំណុច​ផ្លូវ​ចូល​អាង​ទឹក​ក្បែរ​កន្លែង​កើត​ហ​តុ​ខាងលើ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឈប់​មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​បន្ទោស​ថា អ្ហែង​ចង់​ងាប់​បានជា​មិន​អែប​ខាង ហើយ​ជន​រង​គ្រោះ​ថា អត់​ដឹង ហើយ​ក៏​បាន​សុំ​ទោស​ដោយ​និយាយ​ថា សុទ្ធតែ​គ្នា​ឯង​ទេ តែ​ជន​នោះ​នៅ​តែ​គំហក​មិនបាច់​សុំ​ទោស​ទេ ព្រមទាំង​បោះ​សំដី​ថា បើ​ឡើង​ជិះ​ម៉ូតូ​អញ​បើក​បុក ។ នៅ​ពេល​ជន​រង​គ្រោះ​បើក​ម៉ូតូ​ចេញ​ទៅ ក៏​ត្រូវ​មន្ត្រី​ប៉ូលិស​រូប​នោះ​បើករថយន្ត​ដោយ​កំហឹង​រហូត​ទួង​កង់​រថយន្ត​បើក​ចេញ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​លោក​ពែ​ក​មី​អះអាង​ថា ជា​ប្អូនធម៌​បាន​ជិះ​គេចខ្លួន​ហួស​ផ្ទះ រហូត​ដល់​ផ្លូវកែង​ក៏​ជ្រុល​ទៅ​ត្រង់ បុក​របង​ទ្វារ​និង​តោ​ថ្ម រង​របួសធ្ងន់​ហើយ​ជន​នោះ​ក៏​បាន​គេចខ្លួន​បាត់ ។ តាម​រយៈ​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ចំណុច​នោះ ក៏​បាន​បង្ហាញ​ពី​សកម្មភាព​ដេញ​បុក​នោះ​ផង​ដែរ ។

តាម​ស្ត្រី​ឈ្មោះ នី រី​យ៉ា អាយុ​៣៧​ឆ្នាំ ត្រូវជា​ម្តាយមីង​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មួយ​ប្រុស​បាន​ធ្វើ​ដំណើរ​មក​ពី​រៀន​ដោយ​មុន​នោះ មាន​ភ្លៀង​លិច​ចិញ្ចើម​ផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យ​ក្មួយ​ជិះ​ម៉ូតូ​កណ្តាលផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ដៃដល់​ខឹង​មិន​ចៀស​ក៏ បើករថយន្ត​ដេញ​និង​គៀរ​ឱ្យ​ឈប់​និង​ជេរ​ប្រមាថ ហើយ​ក្មួយ​បាន​សុំ​ទោស​នៅ​ពុំ​ព្រម នៅ​ពេល​បើក​ម៉ូតូ​ចេញ​ជន​នោះ​ក៏​បាន​បើករថយន្ត​ដេញ​បុក ជា​ហេតុ​ធ្វើ​ឱ្យ​ក្មួយ​ជិះ​គេច​ជ្រុល​ទៅ​បុក​របង​ផ្ទះ​គេ​របួសធ្ងន់ ។តាម​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពីរ​ងរ​បួស​ក៏​បាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្អួត​ធ្លាក់ឈាម ហើយ​ថ្ងៃ​ទី​១៩ ឧសភា ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។

តាម​ក្រុម​គ្រួសារ​ក៏​បានឱ្យ​ដឹង​ដែល​ថា បន្ទាប់​ពី​កើតហេតុ​គាត់​និង​បងប្អូន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​២​ម៉ឺន ៥​ពាន់​ដុល្លារ ។ជន​រង​គ្រោះ និង​នាយ​ពែ​ក​មី​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​រាប់អាន​គ្នា​និង​លេង​បាល់​ជាមួយ​គ្នា (​តាម​ពែ​ក​មី​ថា ជា​ប្អូនធម៌​) ។ បើ​តាម​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​អនាគត​ត្រូវជា​ប្អូនថ្លៃនាយ​ពែ​ក​មី ព្រោះ​ជន​រង​គ្រោះ​និង​ប្អូនស្រី​របស់​នាយ​ពែ​ក​មី​ស្រលាញ់​គ្នា​ដោយ​ចាស់ទុំ​ទាំង​សងខាង​បានដឹង​ឮ ។ ដោយឡែក​ ឈ្មោះ វ៉ាល់ សុវណ្ណ​មក​រា ហៅ​គី តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជា​កូន​មន្ត្រី​នគរបាល​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចូល​និវត្តន៍ ។ ពី​មុន​លោក​ជា​នគរបាល​ខណ្ឌ​ឫស្សីកែវ​ផ្នែក​អន្តរាគមន៍ ហើយ​បាន​ប្តូរ​ទៅ​ជា​នគរបាល​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​កូនប្រសា​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​ម្នាក់​ផង​ដែរ ។

ជុំវិញ​ការ​ចោទប្រកាន់​មន្ត្រី​នគរបាល​ដេញ​បុក​នេះ កោះសន្តិភាព​ពុំ​បាន​ទទួល​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​ជាប់ចោទ​រូប​នោះឡើយ ៕ ​​

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ