នាយករដ្ឋមន្ត្រីកម្ពុជាវាយបក្សទៅបក្សប្រឆាំងរឿងហៅបក្សថ្មីៗជាបក្សអាបមានតែក្បាល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ៍ ទី២២ ឧសភានេះ បានប្រតិកម្មតបទៅនឹងលោក…
រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ៍ ទី២២ ឧសភានេះ បានប្រតិកម្មតបទៅនឹងលោក…
រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ៍ ទី២២ ឧសភានេះ បានប្រតិកម្មតបទៅនឹងលោក សម រង្ស៊ី និងបណ្តាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលបានរិះគន់ម៉ាក់ងាយនូវគណបក្សនយោបាយថ្មីៗថា ជាគណបក្សដែលសម្តេចជាអ្នកបង្កើត និងជាគណបក្សអំពិលអំពែកតែប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ៣,៣៤៩នាក់ នៅមជ្ឈមណ្ឌលកោះពេជ្របានរម្លឹកដល់យុវជនឲ្យចូលរួមឲ្យបានក្នុងការរក្សាសន្តិភាពដែលមាននៅក្នុងដៃ ហើយត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ព្រោះពួកគេមានឱកាសច្រើនជាងយុវជនជំនាន់មុខៗដែលធំធាត់ក្នុងសម័យសង្គ្រាម ។
សម្តេចមានប្រសាសន៍បញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធមនុស្ស វាមិនដែលចាប់ផ្ទៃនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ ដូចជាក្រឡេកមើលទៅសម័យលន់ នល់ ដែលមានការគាំទ្រពីបរទេស គឺអាមេរិកដែលជាបិតាប្រជាធិបតេយ្យ អញ្ចឹងសួរថា តើលន់ នល់ អាចអនុវត្តការគោរពសិទ្ធមនុស្សបាន ឬអត់ ? អាចអនុវត្តនូវដំណើរការលទ្ធិប្រជាធិបតេយ្យបាន ឬអត់ ? វាអត់ទេ ។ ប៉ុន្តែលន់ នល់ សម័យមុនឈានដល់ការកាត់.កមនុស្ស ។ ទាហានរបស់លន់ នល់ កាត់.កមនុស្ស ដែលមានរូបភាពរហូតមកដល់សព្វថ្ងៃ តើនោះជាការគោរពសិទ្ធមនុស្ស ឬអី ? ដូចជាគ្រាន់តែធ្វើការបោះឆ្នោតសម័យនោះមានលោក អ៊ិន តាំ , លន់ នល់ និងកែវ អន គឺបោះឆ្នោតតែក្រុងភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សម្រាប់ប្រទេសអ៊ីរ៉ាក់វិញ គឺត្រៀមបោះឆ្នោត តែស្ថានភាពភ័យព្រួយរឿងសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅទីនោះយ៉ាងម៉េច លីប៊ី ស៊ីរី យ៉េមែន និងដូចជា នៅស៊ូដង់ បច្ចុប្បន្ននេះ គឺប្រធានាធិបតី និងអនុប្រធានាធិបតីវ៉ៃគ្នារហូត ។ ដូច្នេះយ៉ាងណាក៏ដោយយើងត្រូវបន្តខិតខំការពារនូវសន្តិភាព ហើយត្រូវបន្តការខិតខំ ដើម្បីដំណើរការប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ «គណបក្ស ២០ចូលរួមការបោះឆ្នោត មិនមែនជាបញ្ហាលេងសើចទេ ។ ហើយមានអ្នកខ្លះ គឺថាចាត់ទុកថា គណបក្សនេះសុទ្ធតែជាគណបក្ស ហ៊ុន សែនអ្នកបង្កើត ។ ហាក់ដូចជាមើលស្រាលបណ្តាគណបក្សនយោបាយដទៃទៀត ។ ហើយរហូតទៅដល់ឈានហៅគេថា ជាគណបក្ស អាបមានតែក្បាល គណបក្សអំពិលអំពែក ។ វាអស់ឆ្ងល់ត្រង់កន្លែងហ្នឹង ។ ឲ្យតែហៅថាបក្សនយោបាយ … មិនថាតូច មិនថាធំ គឺមានសិទ្ធដូចៗគ្នា នៅក្នុងដំណើរការប្រជាធិបតេយ្យ» ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ៖ «ហើយកម្ពុជាមិនមែនជាចំណាត់ខ្មាំងរបស់ក្រុមណាមួយ ឬមនុស្សណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ។ ដំណើរការបោះឆ្នោត គឺត្រូវដំណើរការដោយគ្មានការពន្យាពេល» ដូច្នេះការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា ដដែល ។ សម្តេចក៏បានបន្ថែមទៀតថា បើទោះបីជាលទ្ធផលឆ្នោតយើងមិនទាន់បានដឹងនៅឡើយ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែធ្វើការចុះបញ្ជី ឥឡូវនេះគណបក្សនយោបាយដែលរហូតមកត្រឹមថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨ គឺមាន១៦ គណបក្សនយោបាយត្រូវបានទទួលស្គាល់ដោយគ.ជ.ប ជាផ្លូវការ គឺនៅសល់តែ៤ទៀតប៉ុណ្ណោះដែលកំពុងតែពិនិត្យ ។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា ៖ «បើទោះបីជាមិនទាន់ដឹងលទ្ធផលនៃការបោះឆ្នោត ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏បានត្រៀមរៀបចំឲ្យចាត់ចែង ដើម្បីរៀបចំយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ជាបន្ត ។ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នេះ យើងនៅតែយកបញ្ហាវិស័យអប់រំ និងការបណ្តុះបណ្តាលនេះជាមុំទី១ អាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៤» ។
ងាកទៅលោក សម រង្ស៊ី ឯណោះវិញ គឺកំពុងតែធ្វើយុទ្ធនាការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយថ្មីនេះទៀតសោះបានបញ្ចេញសារមួយដែលមានខ្លឹមសារថា «សម្រាប់អ្នកស្នេហាជាតិ ដែលបានធ្វើដំណើរមកដល់ផ្លូវបំបែក គឺត្រូវបត់ស្តាំតាមផ្លូវសង្គ្រោះជាតិ ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! កុំបត់ឆ្វេងតាមហ៊ុន សែន ចង់បាន! ត្រូវបត់ស្តាំវិញ គឺបត់ចូលផ្ទះយើងវិញ ដោយមិនទៅបោះឆ្នោតក្លែងក្លាយនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ» ដែលការអំពាវនាវរបស់មេបក្សប្រឆាំងរូបនេះត្រូវបានអ្នកនយោបាយផ្សេងៗ រួមទាំងសម្តេចតេជោផងនោះចាត់ទុកជាទស្សនៈ «អគតិ» ៕
ចែករំលែកព័តមាននេះ