គ្រោះធម្មជាតិរន្ទះបាញ់បានប្រល័យជីវិតពលរដ្ឋជាបន្តបន្ទាប់នៅតាមខេត្តនានា ។ ខាងក្រោមនេះ ជាគ្រោះអកុសលដែលបានកើតឡើងនៅថ្ងៃទី១៩ និងទី២០ ខែឧសភា ដោយសាររន្ទះនិងខ្យល់កន្ត្រាក់ ។
ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់បានស្លាប់២នាក់រងរបួស និងគោ១ក្បាលបានងាប់ដោយសាររន្ទះបាញ់ ខណៈពួកគេដើរកាត់វាលស្រែត្រឡប់មកពីមើលគោវិញ កាលពីថ្ងៃទី២០ ខែឧសភា វេលាម៉ោង៥និង១០នាទីល្ងាច នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ។ សមត្ថកិច្ចនៅមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់ឈ្មោះ តុង តឿ អាយុ១៦ឆ្នាំ ចំណែកអ្នករងរបួសទាំង២នាក់ ម្នាក់ឈ្មោះ មា វិ អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈូក ថង អាយុ១៥ឆ្នាំ ។ អ្នកទាំង៣នាក់ រស់នៅភូមិ ឃុំខាងលើ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា នាល្ងាចថ្ងៃនោះ ខណៈក្មេងប្រុសទាំង៣នាក់កំពុងឃ្វាលគោនៅឯវាលស្រាប់តែមានភ្លៀងធ្លាក់ ហើយពួកគេក៏កៀងគោដើរកាត់តាមវាលស្រែត្រឡប់មកផ្ទះវិញ ។ ជាអកុសល នៅពេលត្រឡប់មកវិញនោះ ស្រាប់តែរន្ទះបាញ់ចំពួកគេទាំង៣នាក់ បណ្តាលឱ្យឈ្មោះ តុង តឿ ស្លាប់ភ្លាមនៅនឹងកន្លែង ព្រមទាំងគោមួយក្បាលដែរដើរជិតនោះក៏ងាប់ផងដែរ ឯ២២នាក់ទៀតរងរបួស ។
រន្ទះបាញ់របួសធ្ងន់ស្រាល៣នាក់ ងាប់គោ២ក្បាល និងខ្យល់កន្ត្រាក់បំផ្លាញផ្ទះ
ខេត្តកំពង់ធំ ៖ គ្រោះធម្មជាតិរន្ទះបាញ់ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា នៅភូមិស្វាយ ឃំុស្រើងស្រុកប្រាសាទសំបូរ ដោយបាញ់ចំដើមដូង១ដើមនៅមុខផ្ទះរបស់លោក យិន យីន ដែលជាមេភូមិ ។ ក្រៅពីបាញ់ចំដើមដូងហើយ ក៏បណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់ដែរក្នុងនោះ កូនស្រីរបស់លោកប្រធានភូមិ២នាក់របួសធ្ងន់គឺ ឈ្មោះ យីន វ៉ាន់នី អាយុ២៥ឆ្នាំ និងឈ្មោះ យីន សុីណា អាយុ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ មាស រ៉ាម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ របួសស្រាល។ ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។នៅថ្ងៃដដែលនោះ ក៏មានបាតុភូតរន្ទះបាញ់និងខ្យល់កន្ត្រាក់នៅភូមិនីពេជ្រ«ក» ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ បណ្តាលឱ្យងាប់គោ២ក្បាល និងខូចខាតសម្ភារមួយចំនួនរួមមាន ១-ឈ្មោះ ជុច ជួប ភេទប្រុស អាយុ៦១ឆ្នាំ ងាប់គោ១ក្បាល ២-ឈ្មោះ ជួប ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ ងាប់គោ១ក្បាល និងខូចអង់តែនទូរទស្សន៍១គ្រឿង ៣-ឈ្មោះ សេង ឃន ភេទប្រុស អាយុ៤៤ឆ្នាំ ខូចខាតបែកអាគុយ១២០W ចំនួន១គ្រឿង ៤-ឈ្មោះ រឿង ពៅ ភេទស្រី អាយុ៣៧ឆ្នាំ របើកក្បឿងប្រក់ដំបូលផ្ទះអស់ជាច្រើនសន្លឹក ។ចំណែកខ្យល់កន្ត្រាក់ក៏បានបំផ្លាញលំនៅឋានផងដែរ នាវេលាម៉ោង៥ល្ងាចថ្ងៃជាមួយគ្នានោះ នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ដដែល បណ្តាលឱ្យខូចខាតផ្ទះ១ខ្នង របស់ឈ្មោះ ចេង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ។ផ្ទះទំហំ៩ម៉ែត្រគុណនឹង១៧ម៉ែត្រ(៣ល្វែង) ជាន់ទី១ របើកសំយាបស័ង្កសីខាងមុខអស់ទាំងស្រុង ឯជាន់ទី២របើក១ចំហៀង និងរបើកក្បឿងអស់ជាច្រើនសន្លឹក ។
រន្ទះសម្លាប់មនុស្ស២នាក់ មាន់២ក្បាល និងស្លាប់ដោយខ្យល់រំលំសសរត្រូវក្បាល
ខេត្តរតនគិរី ៖ រន្ទះបានបាញ់ផ្ទាំងកញ្ចក់សូឡានៅលើដំបូលផ្ទះ បណ្តាលឱ្យស្លាប់មនុស្ស២នាក់ និងងាប់មាន់២ក្បាលនៅក្រោមផ្ទះ កាលពីវេលាម៉ោង១១យប់ថ្ងៃ១៩ ខែឧសភា នៅចំណុចផ្ទះចម្ការអូរកាវ ស្ថិតក្នុងភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ។ សមត្ថកិច្ចនគរបាលស្រុកវើនសៃបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នេះ ជាជនជាតិកាវែត ដែលម្នាក់ឈ្មោះ ស៊ីង កិត ភេទប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ប៉ាង នឹម ភេទប្រុស អាយុ៦០ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅក្នុងភូមិ ឃុំុខាងលើ ។
ប្រភពដដែលឲ្យដឹងទៀតថា នៅយប់ថ្ងៃនោះខណៈជនរងគ្រោះកំពុងសម្រាកនៅក្នុងផ្ទះ ក៏មានភ្លៀង និងផ្គរលាន់កក្រើកមេឃ ។ បន្តិចក្រោយមក ស្រាប់តែមានរន្ទះបាញ់ចំផ្ទាំងកញ្ចក់សូឡាដែលដាក់លើដំបូលផ្ទះ បណ្តាលឱ្យស្លាប់អ្នកទាំង២នាក់តែម្តង និងងាប់ទាំងមាន់២ក្បាលទៀត ។នៅថ្ងៃដដែលនោះដែរ វេលាម៉ោង៦និង៤០នាទីល្ងាច នៅភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់បានបណ្តាលឱ្យរលំសសរចំក្បាលបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក ។ ជនរងឈ្មោះ ចាន់ ហ៊ល អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នាល្ងាចថ្ងៃនោះ ជនរងគ្រោះកំពុងនៅក្នុងរោងក្បែរសសរផ្ទះដែលបានលើកបញ្ឈរជារាងផ្ទះធំតែនៅជាគ្រោងមិនទាន់បានសង់ជាផ្ទះនៅឡើយទេ ។ ពេលនោះ ស្រាប់តែមានភ្លៀងនិងខ្យល់កន្ត្រាក់ផងធ្វើឱ្យរោងរបស់គាត់ប៉ើងរហែកអស់ ក៏រត់ចេញបានចម្ងាយប្រហែល២ម៉ែត្រ ហើយសសរផ្ទះមួយដើមបានរលំបណ្តាលឲ្យឈើរបារជញ្ជាំងវ័ធត្រូវចំក្បាលពីខាងក្រោយយ៉ាងដំណំរងរបួសយ៉ាងធ្ងន់ និងបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ។
ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បំផ្លាញលំនៅឋាន៤ខ្នងនៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់១មេលាយឡំដោយខ្យល់កន្ត្រាក់ផង បណ្តាលឱ្យលំនៅឋានចំនួន៤ខ្នងខូចខាតធ្ងន់ កាលពីថ្ងៃទី១៩ ខែឧសភា នៅក្រុងប៉ោយប៉ែត ។ ប្រជាពលរដ្ឋនិយាយថា ក្រៅពីលំនៅឋានទាំង៤ខ្នងនេះ ក៏បណ្តាលឲ្យធ្លាក់ប៉ាណូ និងបាក់ដើមឈើសង្កត់របងផងដែរ ។យោងតាមរបាយការណ៍ឲ្យដឹងថា នៅក្នុងខែមេសា ឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យខ្យល់កន្ត្រាក់បានបណ្តាលឲ្យខូចខាតលំនៅឋានចំនួន៧៥ខ្នង ក្នុងនោះរលំចំនួន៧ខ្នង និងរន្ទះបាញ់ស្លាប់១នាក់ ។ក្នុងហេតុការណ៍ដោយឡែកមួយទៀត បុរសម្នាក់បានត្រូវរន្ទះបាញ់ស្លាប់ ខណៈកំពុងភ្ជួរស្រែដោយគោយន្ត កាលពីវេលាម៉ោង៤និង៣០នាទី
រសៀលថ្ងៃទី២០ ខែឧសភា នៅចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីភូមិម៉ៅ ឃុំផ្គាំ ស្រុកថ្មពួក ។ជនរងគ្រោះឈ្មោះ ទេព ធី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។ តាមសាច់ញាតិជនរងគ្រោះនិយាយថា ជនរងគ្រោះបានទៅភ្ជួរស្រែនៅចំណុចខាងលើតាំងពីព្រឹក លុះដល់វេលារសៀល មេឃក៏ងងឹតរកកល់ចង់ភ្លៀង ហើយស្រាប់តែកើតមានរន្ទះបាញ់តែម្តង ។ភ្លាមៗនោះ អ្នកភ្ជួរក្បែរគ្នាឃើញជនរងគ្រោះដួល ឯគោយន្តនៅតែឆេះទៅមុខក៏រត់ទៅមើលឃើញជនរងគ្រោះស្លាប់ទៅហើយ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ