ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សារចោរទោះបី«បាត់ចោរ»នៅតែហៅ«ផ្សារចោរ»… ហេតុអ្វីទៅ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​មួយ​កន្លែង​ដែល​មាន​តូប​លក់​លើ​ចិញ្ចើម​ផ្លូវ​ ជាប់​របង​វត្ត​សំពៅ​មាស ជ្រុង​ខាងកើត និង​កែង​ខាងជើង ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​គេ​តែងតែ​ហៅ​យ៉ាង​សា…

រាជធានី​ភ្នំពេញ ៖ ផ្សារ​មួយ​កន្លែង​ដែល​មាន​តូប​លក់​លើ​ចិញ្ចើម​ផ្លូវ​ ជាប់​របង​វត្ត​សំពៅ​មាស ជ្រុង​ខាងកើត និង​កែង​ខាងជើង ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​គេ​តែងតែ​ហៅ​យ៉ាង​សា មញ្ញ​ថា «​ផ្សារចោរ​» នោះ​ សព្វថ្ងៃ​ផ្សារ​នេះ ​នៅ​តែ​មានការលក់​របស់​ចាស់របស់​ថ្មី​ជា​ហូរហែ ។ មន្ត្រី​សាលា​សង្កាត់​​បឹង​ព្រលិត​ជើង​ចាស់​មួយ​រូប​ ដែល​ចូល​និវត្តន៍​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា «​ផ្សារ​ចោរ​»​ មានឈ្មោះ​បោះ​សំឡេង​មាន​គេ​ស្គាល់​មិន​តិច​ទេ តាំងពី​ឆ្នាំ​១៩៨៣-១៩៨៤ ហើយ​មក​ដល់​ពេល​នេះ នៅ​តែ​មានឈ្មោះ​ហៅ​ជាប់មាត់​រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក​ពន្យល់​ថា បានជា​ផ្សារ​មួយ​នេះ ​គេ​ហៅ​ថា ​«​ផ្សារចោរ​» ព្រោះ​ក្នុងអំឡុងពេល​ច្រើន​ឆ្នាំ​មក​នោះ អ្នក​រក​សុ​ី​ទិញ​លក់​នៅ​ផ្សារ​នេះ ភាគច្រើន​ទិញ​លក់​តែ​របស់​ចោរ ដែល​លួច​បាន​ពី​គ្រប់​ទិស​ទី​យក​មក​លក់​ដូច​ជា ខោ​​អាវ ស្បែកជើង មួក ខ្សែក្រវាត់ នាឡិកា កុំព្យូទ័រ ធុងបាស់ វិទ្យុ ម៉ា​ញ៉េ ទូរទស្សន៍ កាមេរ៉ា​ថតរូបកម្រាល​ព្រំ កែវ ចាន ឆ្នាំង គឺ​រាប់​មិន​អស់​ទេ ។​ល​។ ដែល​របស់​ទាំង​អស់នេះ​ត្រូវ​បាន​ចោរ​ដើរ​លួច​ទាំងថ្ងៃទាំងយប់ តាម​ផ្ទះ រោងការ រោង​បុណ្យ ទី​ស្ងាត់ ឬ​ទីប្រជុំជន នៅ​រាជធានី​ភ្នំពេញ​ឱ្យ​តែ​លួច​បាន ដឹង​តែ​ពី​យក​ទៅ​លក់​នៅ​ទី​នេះ ។ អ្នក​ដែល​បាត់​របស់​សំខាន់​ៗ តែង​ទៅ​រក​មើល​និង​ទិញ​មក​វិញ​ក៏​មាន​មិន​តិច​ដែរ ។

មន្ត្រី​ចូល​និវត្តន៍​ដដែល​បន្ត​ថា នៅ​ពាក់កណ្តាល​ទស​វត្ស​ទី​៨០ ​ដល់​៩០ រហូត​ដល់​ឆ្នាំ​២០០០ ទីផ្សារ​មួយ​កន្លែង​នេះ ចោរ​ពេញ​និយម ធ្វើ​ម៉ូយ​ឱ្យ​អ្នកលក់ គឺ​ចោរលួច​បាន​ពី​ណា​ពី​ណី​មក យក​មក​លក់​នៅ​ទី​នេះ​បាន​ដាច់​ភ្លាម​ៗ លក់​ក្នុង​តម្លៃ​ថោក​ៗ ។ សម្រាប់​អ្នកទិញ​ពី​ចោរ​តែង​លក់​ចេញ​វិញ​ថ្លៃ​កប់​ពពក ក៏​មាន​ដែរ ព្រោះ​ជា​របស់​ចម្លែក​ៗ ដែល​របស់​ខ្លះ​មិន​មាន​លក់​លើ​ទីផ្សារ​ទេ និង​កម្រ​មាន​ទៀត​ផង​នា​សម័យ​នោះ ។

មានការ​តំណាល​ថា អ្នកខ្លះ​បាត់​របស់​រក​ទិញ​វិញ​អត់​បាន បើ​ទៅ​«​ផ្សារចោរ​»​នៅ​ជាប់​របង​វត្ត​សំពៅ​មាស​ដឹង​តែ​ពី​មាន និង​ពេល​ខ្លះទៅ​ទិញ​ចំ​របស់​ខ្លួនឯង​ដែល​ចោរលួច​បាត់​ក៏​មាន​ដែរ ។ សម័យ​នោះ ​មួក​ការពារ​
សុ​វត្តិភាព ដាក់​លើ​ម៉ូតូ​អត់​បាន​ទេ តែ​ភ្លេចខ្លួន​មួយ​ភ្លែត​ចោរលួច​បាត់​ទៅ​រក​មើលឃើញ​ដាក់​លក់​នៅ​ផ្សារ​ចោរ ។ ពិសេស​ទៀត​ដូច​ជា ស្បែកជើង​ស្អាត​ៗ​ពាក់​ទៅ​លើក​ជំ​នួន ឬ​ពិធី​មង្គលការ ហ៊ាន​តែ​ដោះ​ចេញពី​ជើង​ងាកខ្លួន​មិន​ទាន់​ចោរលួច​បាត់ ។ អ្នក​ឧស្សាហ៍​បាត់​ជាង​គ គឺ​ជាង​ថត ភ្នួ​ង និង​អាចារ្យ ។ ពេល​នោះ​ឱ្យ​តែ​បាត់​របស់ អ្នកខ្លះ​ដឹង​ពី​«​ផ្សារចោរ​» ប្រញាប់ប្រញាល់​ទៅ​ទិញ​បាន​របស់​ខ្លួន​វិញ​ភ្លាម ។ សំខាន់​វិទ្យុ ម៉ា​ញ៉េ និង​ម៉ា​សុ​ី​ន​ថត អ្នកខ្លះ​មិនដឹង​រឿង​«​ផ្សារចោរ​»​ច្បាស់​ក៏​ត្រូវ​ទិញ​ថ្មី​វិញ​ទៅ ។

លោក​អនុសេនីយ៍ឯក ប៉ាត សំណាត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលិត ខណ្ឌ​៧​មក​រា បាន​ប្រាប់​កោះ​សន្តិភាព​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា​ថា ផ្សារ​មួយ​កន្លែង​ដែល​គេ​តែងតែ​ហៅ​ថា​«​ផ្សារ​ចោរ​» នោះ​ចាប់ពី​ឆ្នាំ​២០១០ រហូត​មក លែង​មាន​ចោរលួច​របស់​យក​ទៅ​លក់​ហើយ ឬ​ក៏​ស្ទើរតែ​លែង​មាន​អ្នកលក់​របស់​ចោរ​ទៀត​ផង ព្រោះ​ជា​សម័យ​សម្បូណ៌​ទៅ​ដោយ​របស់​ជជុះ​នាំ​ចូល​មក​លក់​ប៉ាតណា​ប៉ាតណី ។ ទោះ​ជា​យ៉ាងណា​ក្តី ផ្សារ​ជាប់​វត្ត​សំពៅ​មាស​នោះ ក៏​គេ​នៅ​តែ​ហៅ​ថា​«​ផ្សារចោរ​»​ដដែល​ប៉ុន្តែ​សព្វថ្ងៃ​ស្ទើរ​បាត់​មុខ​ចោរលួច​យក​របស់​ទៅ​លក់​ទីនោះ​ទៀត​ហើយ ។ ព្រោះ​ដោយសារ​របស់របរ​លើ​ទីផ្សារ​ឥឡូវ​សម្បូរ​បែប និង​ធូរ​ថ្លៃ​ទៀត​ផង ។ ម្យ៉ាងទៀត​ចោរលួច​មួក លួច​ស្បែកជើង​ក៏​ស្ទើរ​បាត់​ស្រមោល​អស់​ទៅ​ហើយ​ដែរ ។
លោក​និយាយ​ថា ផ្សារចោរ​ទោះបី «​បាត់​ចោរ​»​ក៏​គេ​គ្រប់​គ្នា​នៅ​តែ​ហៅ​ឈ្មោះ «​ផ្សារចោរ​»​ដដែល មិន​ងាយ​​លុប​បំបាត់​បាន​ឡើយ គួរ​ឱ្យ​ខ្មាស់​ណាស់ ៕ ​

អត្ថបទសរសេរ ដោយ