ខេត្តកណ្តាល ៖ ស្ត្រីវ័យក្មេងមានកូនខ្ចី អាយុទើបជាងមួយខែបានធ្វើអត្តឃាតដោយផឹកថ្នាំសំលាប់សត្វល្អិត កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី៤ កុម្ភៈ នៅនឹងផ្ទះរបស់ខ្លួនក្នុងភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ។ អ្វីដែលអាណោចអាធ័មបំផុតនោះ គឺក្រោយពេលដែលម្តាយស្លាប់ហើយសាច់ញាតិកំពុងតែរៀបចំធ្វើបុណ្យឱ្យនោះ ស្រាប់តែទារិការបស់សពដែលទើបមានអាយុជាងមួយខែបានស្លាប់តាមម្តាយក្រោយគ្នាតែមួយថ្ងៃប៉ុណ្ណោះ ។
ទាក់ទិននឹងការស្លាប់របស់ទារិការូបនេះត្រូវបានគេសង្ស័យថា ប្រហែលជាម្តាយផឹកថ្នាំរួចហើយមិនទាន់ស្លាប់បានឱ្យកូនបៅដោះជាចុងក្រោយ ហើយជាតិថ្នាំពុលបានជ្រាបតាមទឹកដោះម្តាយ បណ្តាលឱ្យពុលដល់កូន ។ មូលហេតុដែលនាំឱ្យស្ត្រីវ័យក្មេងគិតខ្លីផឹកថ្នាំពុលសំលាប់ខ្លួនបែបនេះ ដោយសារតែមានវិបត្តិក្នុងគ្រួសារពោលគឺចាប់តាំងពីរៀបការជាមួយគ្នារហូតមានកូនមួយ នាងនិងប្តីរស់នៅជាមួយគ្នាមិនសូវចុះសំរុងឡើយ រហូតឈានដល់សុំគ្នាលែងលះ ប៉ុន្តែមិនទាន់ដាច់ស្រេចនៅឡើយ។ ស្ត្រីដែលធ្វើអត្តឃាតនេះ ឈ្មោះវុធ ស្រីមុំ អាយុ១៩ឆ្នាំ បានរៀបការកាលពីជាងមួយឆ្នាំមុន ហើយទើបតែមានកូនស្រីមួយអាយុ១ខែ២៨ថ្ងៃប៉ុណ្ណោះ និងរស់នៅជាមួយឪពុកម្តាយបង្កើតនៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ។
បើតាមឪពុកជនរងគ្រោះឈ្មោះវុធ បានរៀបរាប់ឱ្យដឹងថា កូនស្រីគាត់ឈ្មោះវុធ ស្រីមុំ បានរៀបការជាមួយឈ្មោះចែម ឌី ហើយពួកគេបានកូនស្រីមួយអាយុជាង១ខែ។ ចាប់តាំងពីមានកូនមកពួកគេឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ហើយកូនតូចនោះក៏ឧស្សាហ៍ឈឺមិនឈប់ឈរសោះ ។ រយៈពេលប៉ុន្មានថ្ងៃមុនពេលកើតហេតុ កូនស្រីគាត់ និងកូនប្រសាបានឈ្លោះទាស់ទែងគ្នា ហើយបានបបួលគ្នាលែងលះថែមទៀត ប៉ុន្តែមិនទាន់បានផ្តិតមេដៃ ឬអ្នកណាទទួលស្គាល់ឡើយ ។ បុរសជាឪពុកបន្តថា នៅថ្ងៃកើតហេតុកូនស្រីគាត់បានលួចផឹកថ្នាំពុលសំលាប់សត្វល្អិតជាប្រភេទថ្នាំទឹក (ញីឈ្មោល) ដែលគាត់ទុកនៅក្នុងផ្ទះ ពេលនាងផឹកនោះពុំមានអ្នកណាម្នាក់បានដឹងឡើយ។ ក្រោយមកទៀត ពេលថ្នាំពុលធ្វើទុក្ខខ្លាំងនាងបានបីកូនខ្ចីមករកម្តាយ ហើយបានដួលទៅនឹងដី ទើបដឹងថា នាងផឹកថ្នាំពុល ក៏ប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅផ្ទះពេទ្យឯកជនក្នុងឃុំព្រែកអំបិល ប៉ុន្តែគ្រូពេទ្យប្រាប់ថា មិនអាចជួយសង្គ្រោះបានទេ ព្រោះហួសពេលបាត់ទៅហើយ ហើយនៅវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី៤ កុម្ភៈ នាងបានដាច់ខ្យល់ស្លាប់នៅទីនោះតែម្តង ។ លុះដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ខណៈពេលកំពុងធ្វើបុណ្យសពស្រាប់តែកូនរបស់នាងបានស្លាប់នាពេលនោះដែរ ។
បើតាមប្រភពអ្នកជិតខាងបានឱ្យដឹងថា មុនពេលកើតហេតុ៤ទៅ៥ថ្ងៃ នាងវុធ ស្រីមុំ បាននិយាយប្រាប់អ្នកជិតខាងថា ខ្លួនពិបាកចិត្តខ្លាំងណាស់ ចង់តែស្លាប់ទេ ណាមួយកូនឈឺមិនជាសោះ ម្យា៉ងទៀតមានទំនាស់ពាក្យសំដីជាមួយប្តីរស់នៅមិនចុះសំរុងគ្នាទេ គឺ ពិបាកចិត្តខ្លាំងណាស់។ លុះក្រោយមកទៀតក៏កើតហេតុនេះឡើងតែម្តង គួរឱ្យសង្វេគជាពន់ពេក ។ ឪពុកស្ត្រីរងគ្រោះបាននិយាយបន្តថា មុនពេលកើតហេតុ៣ទៅ៤ថ្ងៃ កូនប្រសាគាត់មិនចូលផ្ទះទេ គឺទៅនៅខាងឪពុកម្តាយរបស់គេ ហើយឪពុកម្តាយគេក៏មិនរាប់រកខាងក្រុមគ្រួសារគាត់ដែរ ។ រហូតដល់ពេលធ្វើបុណ្យសពទើបឱ្យកូនមកចូលបុណ្យបន្តិចបន្តួចដូចញាតិជិតខាងក្នុងភូមិអីុចឹងដែរ គឺមិនជួយទទួលខុសត្រូវជាគ្រួសារនោះទេ ៕
ចែករំលែកព័តមាននេះ