រាជធានីភ្នំពេញ ៖ នៅវត្តទួលអង្គក្រពើ ស្ថិតនៅសង្កាត់គោករកា ខណ្ឌដង្កោ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មានរៀបចំធ្វើពិធី ក្រុងពាលី ប្រសិទ្ធពរជ័យ បួងសួងសុំសេចក្តីសុខ និងសេចក្តីចំរើនដល់កីឡាករអុំទូក.ង និងសុំសិរីសួស្តីជ័យជំនះកើតមានដល់ទូក.ងឈ្មោះមហាសម្បត្តិតេជោសែនជ័យ និងទូកឈ្មោះព្រះបារមីស្តេចអង្គក្រពើ.សក្នុងព្រះរាជពិធីបុណ្យជាតិនេះ។ ពិធីនេះក៏បានការអញ្ជើញចូលរួមធ្វើការសំណេះសំណាលពីសំណាក់លោកឧត្តមសេនីយ៍ឯក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះវិន័យមង្គលកែវ សម្បត្តិ រាជាគណៈកិត្តិយស និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសង្ឃរាជា ធិបតីទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តទូលអង្គក្រពើ ព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តជាច្រើនរូបទៀត ។
ព្រះវិន័យមង្គលកែវ សម្បត្តិ មានថេរដីការៀបរាប់ពីប្រវត្តិរបស់ទូក.ងទាំង២ នេះថា ទូក.ងឈ្មោះមហាសម្បត្តិតេជោសែនជ័យ ជាទូកខ្នាតវែងមានប្រវែង៣៤,៨០ម៉ែត្រ មាន៤៣ខ្ទង់ ចំណុះ៨៩នាក់ ដែលបានចំណាយទឹកប្រាក់កសាងអស់ចំនួន១០.៧៧៧ដុល្លារសហរដ្ឋអាមេរិក ។ ទូក.ងនេះបានដឹកនាំកសាងដោយព្រះអង្គផ្តាល់ និងមានការជួយឧបត្ថម្ភពីលោកថាត់ ហៃ និងភរិយា ព្រមទាំងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។
ទូក.ងនេះចាប់ផ្តើមកសាងនៅថ្ងៃទី២០ ឧសភា ឆ្នាំ២០០៥ មកម៉្លេះ ។ ទូក.ងមហាសម្បត្តិតេជោសែនជ័យ ធ្លាប់បានចូលរួមប្រកួត៤ឆ្នាំជាប់ៗគ្នា និងទទួលបានលេខ១ ជារៀងរាល់ឆ្នាំ ហើយត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រើសរើសជាគូប្រណាំងផែនពិសេស នៅពីរឆ្នាំចុងក្រោយនេះ ។
ចំណែកទូក.ងឈ្មោះព្រះបារមីស្តេចអង្គក្រពើ.ស វិញ ជាទូកខ្នាតខ្លីមានប្រវែង១៤ម៉ែត្រ ចំណុះ២២នាក់ ដែលបានចំណាយទឹកប្រាក់អស់១.៨៥០ដុល្លារអាមេរិក ផ្តើមកសាងឡើងនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០០៨ បានការជួយឧបត្ថម្ភពីលោកយាយឧបាសិកា ជា រុណ ព្រមទាំងបុត្រ ។ ហើយទូក.ងនេះធ្លាប់ចូលរួមប្រកួត ទើបតែបាន២លើកប៉ុណ្ណោះ ។ លោកឧត្តមសេនីយ៍ តេង សាវង្ស បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវខិតខំសាមគ្គីគ្នាដណ្តើមយកជ័យជំនះជាបន្តទៀត។ ព្រោះតែកាលណាយើងឈ្នះក៏ជាមុខមាត់វត្តទួលអង្គក្រពើរបស់យើងដែរ ។ លោកក៏សូមបួងសួងដល់បារមីវត្តទួលអង្គក្រពើតាមជួយថែរក្សាកីឡាករអុំទូកទាំងអស់ឱ្យជួបតែសេចក្តីសុខសប្បាយកុំឱ្យមានគ្រោះអាក្រក់អ្វីមកបៀតបៀនឡើយ ៕
ចែករំលែកព័តមាននេះ