ទីក្រុងតូក្យូ ៖ កាលពីដើមឆ្នាំនេះ សេដ្ឋកិច្ចប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លងមក ព្រោះតែការចំណាយក្នុងស្រុកអន់ថយ និងរដូវរងា ប៉ុន្តែអ្នកវិភាគព្យាករថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៣លើពិភពលោកនេះ នឹងមានសេដ្ឋកិច្ចល្អប្រសើរឡើងវិញនាពេលឆាប់ៗ ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,២%ក្នុងអំឡុងពីខែមករា ដល់ខែមីនា បើធៀបនឹងកំណើន០,១%ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ។
វាបានបញ្ចប់ការលូតលាស់រយៈពេល៨ត្រីមាសជាប់ៗគ្នារបស់ប្រទេសជប៉ុន ។ ប៉ុន្តែអ្នកជំនាញគិតថា វាគ្រាន់តែផ្អាកការលូតលាស់បន្តិច ហើយនេះមិនមែនជាការធ្លាក់ចុះរយៈពេលវែងទេ ។
លោក Takeshi Minami ប្រធានសេដ្ឋវិទូមកពីធនាគារ Norinchukin បាននិយាយថា ៖ «មានកត្តាពិសេសៗក្នុងអំឡុងពីខែមករា ដល់ខែមីនា រួមមាន ទីផ្សារភាគហ៊ុន និងតម្លៃបន្លែកើនឡើងផងដែរ ព្រោះតែអាកាសធាតុមិនល្អ » ។
តម្លៃប្រាក់យេនក៏បានកើនឡើងដែរ គឺអាចនឹងបង្កផលប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសជប៉ុន ។
សេដ្ឋកិច្ចត្រូវបានផ្អាកដោយសារការចំណាយផ្នែកឯកជនអន់ថយ ដែលវាគ្មានការផ្លាស់ប្តូរទេក្នុងអំឡុងពីខែមករា ដល់ខែមីនា ។
ចំណែកការវិនិយោគផ្នែកឧស្សាហកម្ម ក៏បានធ្លាក់ចុះ២,១%ផងដែរ បន្ទាប់ពីធ្លាក់ចុះ២% នៅក្នុងត្រីមាសទី៤ កន្លងមក ។
រីឯការនាំចេញផលិតផល និងសេវាកម្មវិញ បានកើនឡើង០,៦% ប៉ុន្តែនៅតែទាបជាងត្រីមាសទី៤ឆ្នាំមុន ដែលកើនឡើងបានរហូតដល់២,២%ឯណោះ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ