រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសន្និសីទជាតិវិស័យសកម្មភាពមីនរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែឧសភា ឆ្នាំ២០១៨ នៅវិមានសន្និភាពក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីអាជ្ញាធរមីន ។ សន្និសីទនេះបើកកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីលោកប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងបិទក្រោមអធិបតីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី១៧ ខែឧសភា ។

លោកព្រំ សុភង្គល អគ្គលេខាធិការអាជ្ញាធរមីនបានថ្លែងពេលបើកសន្និបាតថា អង្គសន្និបាតដែលអាជ្ញាធរមីន បានសហការរៀបចំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហញពីសមិទ្ធិផល២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគម្រាមកំហែងពីគាប់មីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្គ្រាម ស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីកៀងគរធនធាន សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ។

លោកអគ្គលេខាធិការអាជ្ញាធរមីនបានលើកឡើងទៀតថា ៖«យើងមានបំណងយកឱកាសដ៍ល្អប្រណៃនេះ បង្ហាញជូនដល់ក្រសួង ស្ថានប័ន និងភាគីពាក់ព័ន្ធបានជ្រាបពីវឌ្ឍនភាពរយៈពេល២៥ឆ្នាំ នៃការអនុវត្តន៍នៃសកម្មភាពមីន១៩៩២- ២០១៧» ។ លោកថា សន្និបាទនេះក៏ដូចជា ការពិនិត្យឡើងវិញនូវការប្រឈមនានាដែលវិស័យមីនទាំងមូលបានកំពុងជួបប្រទះ ។

លោកថា សន្និបាតនេះក៏ដើម្បីរិះរកនូវដំណោះស្រាយសមស្របសំដៅពន្លឿនការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ ដែលទើបត្រូវបានអនុម័តដោយរដ្ឋាភិបាលឲ្យកាន់តែមានសន្ទុះ និងទទួលបានជោគជ័យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ