ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ​-​កីឡាការិនី​ដែល​មានសំណាង​ក្លាយជា​តួ​សម្ដែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ដំណាក់កាលលោក អេ ភូ​ថង ហក់​ចូល​សម្ដែង​ភាពយន្តដំបូង​អំឡុង​​ឆ្នាំ​២០០៤​មក​ទល់​ពេល​នេះ​គេមើលឃើញ​ថា កីឡាករ​-​កីឡាការិនី​មិន​តិច​នាក់​​ទេ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​សម្ដែងក្នុង​ខ្សែភាពយន្ត​ខ្នាត​តូច​និង​ខ្នាត​ធំ​ដូច​លោក ដែរ ។ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​បាន​ក្លាយជាតារា​សម្ដែង​អាជីព​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង…

រាជធានី​ភ្នំពេញ ៖ តាំងពី​ដំណាក់កាលលោក អេ ភូ​ថង ហក់​ចូល​សម្ដែង​ភាពយន្តដំបូង​អំឡុង​​ឆ្នាំ​២០០៤​មក​ទល់​ពេល​នេះ​គេមើលឃើញ​ថា កីឡាករ​-​កីឡាការិនី​មិន​តិច​នាក់​​ទេ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​សម្ដែងក្នុង​ខ្សែភាពយន្ត​ខ្នាត​តូច​និង​ខ្នាត​ធំ​ដូច​លោក
ដែរ ។ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​បាន​ក្លាយជាតារា​សម្ដែង​អាជីព​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​ពិភព​ភាពយន្ត​ទៀតផង ។ ខាងក្រោម​នេះ​កោះសន្តិភាព​សូម​លើក​យក​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​ដែល​មាន​ស្នាដៃ​ក្នុង​ពិភព​សម្ដែង​មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​។

+ អេ ភូ​ថង ៖ ជា​អតីត​កីឡាករ​ប្រដាល់​ដែល​មាន​ទីផ្សារ​ខ្ពស់​ក្នុង​វិស័យ​សម្ដែង​ចាប់តាំងពី​លោក​ល្បីឈ្មោះ ។ ស្ទើរតែ​គ្រប់​ភាពយន្ត​ដែល​លោក​បាន​សម្ដែង សុទ្ធតែ​មាន​សន្ទុះ​ខ្លាំង
ក្លា​ទទួល​ការ​គាំទ្រ​មិន​អន់​ជាង​តារា​សម្ដែង​អាជីព​នោះ​ទេ ដោយសារ​តែ​លោក​គឺជា​កីឡា​ករ​ល្បីឈ្មោះ​ស្រាប់ ហើយ​បើ​និយាយ​ពី​ការ​សម្ដែង​របស់លោក​វិញ​ក៏​ថ្នឹក​មិនធម្មតា​ដែរ ។

ថ្វី​ដ្បិតតែ​ការនិយាយ​ស្ដី​រាង​ដំឡាន់​បន្តិច ប៉ុន្តែ​ផលិតករ​ភាគច្រើន​ចូល​ចិត្ត​ផ្ដល់​ឱកាស​ឱ្យ​លោក​បាន​សម្ដែង​ក្នុង​តំណែង​ជា​តួអង្គ​មេ​បងធំ ជា​តួ​អ្នកចេះ​ក្បាច់គុន និង​ជា​តួ​ចិត្ត​អាក្រក់​​ជាដើម កម្រ​បាន​សម្ដែង​ជា​តួ​ចិត្តល្អ ឬ​ជា​តួឯក​ខ្លាំង​ណាស់ ។ នៅ​ក្នុង​រឿង​ខ្លះ​លោក​​សម្ដែង​តែ​មួយ​ប្លង់​បង្គ្រប់កិច្ច​ក៏​មាន តែ​លោក​មិន​ដែល​ប្រកាន់​ថា​ទាល់តែ​ឱ្យ
សម្ដែង​​ច្រើន​ប្លង់​ទើប​ទទួល​សម្ដែង​នោះ​ទេ ។

ភាពយន្ត​ដំបូង​បង្អស់​របស់​លោក​គឺ​រឿង​«​អាត់​៣»​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០០៤​ធ្វើ​ឱ្យ​លោក​លេច​ធ្លោ​និង​ចាប់ផ្ដើម​មានការ​ងារ​សម្ដែង​ជា​ហូរហែ​បន្ថែម​ពីលើ​ការងារ​ប្រដាល់ ។ មក​ទល់​ពេល​នេះ ដ្បិតថា​លោក​បាន​បោះបង់​ការ​ប្រដាល់​លើ​រេញ​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​លោក​នៅ​តែ​ឆ្មក់​បាន​តំណែង​ក្នុង​ខ្សែភាពយន្ត​ម្ដង​ៗ​ដែរ ។ អ៊ីចឹង​ហើយ​ទើប​លោក អេ ភូ​ថង នៅ​តែ​លេចធ្លោ​ក្នុង​អាជីព​សម្ដែង ដោយ​មុន​នេះ​លោក​ក៏​ទើបតែ​លេចមុខ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ផង​ដែរ​។

+ ជៀស ស្រួច ៖ អតីត​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​រូប​នេះ​បាន​សម្ដែង​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង​«​បេះដូង​អ្នក​ប្រដាល់​»​អំឡុង​ចុងឆ្នាំ​២០០៤ ជាមួយ​នាង​ហៀ​ប ម៉ា​រ៉ា​ឌី ។

ការ​សម្ដែង​របស់​លោក​នៅ​ក្នុង​ពេល​នោះ​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​លោក​បោះបង់​ការ​ប្រដាល់​ចូល​ប្រឡូក​ការងារ​សម្ដែង​នោះ​វិញ ។ នៅ​នាទី​ចុង​ក្រោយ បើ​កុំ​តែ​លោក​ខូច​ចិត្ត​រឿង​បែកបាក់​ភរិយា កុំ​អី​លោក​ល្បី​កាន់តែ​ខ្លាំង​បាត់​ទៅ​ហើយ​មក​ទល់​នឹង​ពេល​នេះ ។ ទោះ​បី​យ៉ាងណា​មុន​ពេល​ធ្លាក់ខ្លួន លោក ជៀស ស្រួច ក៏​មាន​ស្នាដៃ​រាប់​មិន​អស់​ផង​ដែរ​ក្នុង​ពេល​លោក​នៅ​ជា​តារា​សម្ដែង​។

+ សម ថា​រ័​ត្ន ៖ កីឡាការិនី​ពហុ​ជំនាញ​រូប​នេះ រឹតតែ​លេចធ្លោ​ថែម​ទៀត​សម្រាប់​វិស័យ​សម្ដែង ដោយសារ​តែ​នាង​គឺជា​កីឡាការិនី​ល្បុក្កតោ​តែម្នាក់​គត់​ដែល​មានឱកាស​បាន​សម្ដែង​ច្រើន​រឿងជាងគេ ។ នាង​មាន​ស្នាដៃ​រាប់​មិន​អស់​នៅ​ក្នុងវិស័យ​ភាពយន្ត ដោយ​ភាពយន្ត​រឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» និង​រឿង «Jailbreak ការពារ​​ឧក្រិដ្ឋ​ជន​»​គឺជា​ភាពយន្ត​ដែល​ធ្វើ​ឱ្យ​នាង​ឡើង​កូដ​កប់​ពពក​តែ​ម្ដង ។

កញ្ញា សម ថា​រ័​ត្ន និយាយ​ថា ការ​សម្ដែង​គឺជា​ចំណូលចិត្ត​របស់​នាង ទើប​នាង​ប្រឹងប្រែង​រហូត​ទទួល​ជោគជ័យ​ក្នុង​វិ​ថី​សិល្បៈ​។

+ ចាន់ រតនា ៖ កីឡាករ​ប្រដាល់​រូប​នេះ ក៏​ជា​តារា​សម្ដែង​ដែល​មានការ​គាំទ្រ​ខ្លាំង​កាល​ពី​​មុន​ផង​ដែរ ។ លោក​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​«​ផ្នូរខ្មោច​រន្ទះបាញ់​»​ខណៈ​តារា​សម្ដែង
និង​បង្ហាញ​ម៉ូ​ដ​នាង​ម៉ាក សែន​សូ​នី​តា​ជា​តួឯក​ស្រី ។ ប៉ុន្តែ​មក​ពី​លោក​ចាកចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​មួយ​រយៈ ហើយ​ក្រោយ​ការ​វិល​វិញ​លោក​ក៏​ស្ងាត់​ទាំង​ការ​សម្ដែង និង​ការ​ប្រដាល់​ស្របគ្នា​ធ្វើ​ឱ្យ​ទស្សនិកជន​ប៊ិៈ​នឹង​បំភ្លេច​ស្នាដៃ​របស់​លោក​ទៅ​ហើយ​។

+ ប្រាក់ មុន្នី​ឧត្ដម ៖ ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​បាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​ភាព
យន្ត​ខ្នាត​ធំ​ឱ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ក្នុង​តំណែង​ជា​តួឯក​រឿង​«​មេ​កប់​ស៊េរី​»​។ ប៉ុន្តែ​​ក្រោយ​​លេចមុខ​ក្នុង​ភាពយន្ត​នេះ លោក​បែរជា​ប្រកាស​ថា​ឈប់​ថត​ទៅ​វិញ​ដោយសារ​តែ​លោក​បញ្ជាក់​ថា​មិន​មាន​ចំណូលចិត្ត និង​ថា​មិន​ចង់​សុំ​ច្បាប់​ពី​ការ​ហាត់​បាល់ទាត់​។

+ លី វ៉ា​ហេ​ទ ៖ កីឡាករ​បាល់ទាត់​រូប​នេះ​ក៏​បាន​ក្លាយជា​តារា​សម្ដែង​ផង​ដែរ ដោយ​លោក​បាន​សម្ដែង​ក្នុង​រឿង​«​ខូចចិត្ត​អាជីព​»​ជា​តួឯក​ជាមួយ​អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី ហើយ​ដោយ​​សារ​តែ​ភាពយន្ត​នេះ លោក និង​តួឯក​ស្រី​រូប​នេះ ក៏​បាន​ក្លាយជា​គូស្នេហ៍​នឹង​គ្នា​រហូត​​ដល់​បច្ចុប្បន្ន​។ មក​ទល់​ពេល​នេះ លោក​បាន​ទាក់ទាញ​ការងារ​សម្ដែង​លើ​ផ្នែក​ថត​បង្ហាញ​ម៉ូ​ដ និង​ការងារ​ថត​ស្ព​ត​ច្រើន ប៉ុន្តែ​ភាពយន្ត​ជា​ស្នាដៃ​ថ្មី​នៅ​មិន​ទាន់​មាន​ទេ​។

+ អូត ភូ​ថង ៖ អតីត​កីឡាករ​ប្រដាល់​រូប​នេះ ទោះបី​មិនសូវ​មាន​ដុ​ង​ខាង​សម្ដែង​ ប៉ុន្តែ​លោក​​បាន​លេចមុខ​ក្នុង​ខ្សែភាពយន្ត​រឿង​«​ក្បាច់គុន​ល្បុក្កតោ​»​ដោយ​សម្ដែង​ជា​សិស្ស​គុន​ចូល​ចិត្តរករឿង​គេឯង​ក្នុងភូមិ ។ លោក​មិនសូវ​ហ៊ាន​ទទួល​សម្ដែង​រឿង​ច្រើន​ទេ ដោយ​សារ​តែ​ខ្លាច​សម្ដែង​មិនកើត និង​មិនសូវ​សម ទើប​ធ្វើ​ឱ្យ​លោក​មិនសូវ​លេចធ្លោ​ក្នុង​ការ​សម្ដែង​។

+ វ៉​ន វី​វ៉ា និង​សេន ប៊ុ​ន​ថេ​ន ៖ កីឡាករប្រដាល់​ទាំង​២​រូប​នេះ​ក៏​ធ្លាប់​សម្ដែង​ភាពយន្ត​មួយ​រឿង​ជាមួយ​គ្នា​ផង​ដែរ ស្របគ្នា​នឹង​ជម្លោះពាក្យ​សម្ដី​ក្នុង​គ្រា​មុន​ផ្ទុះ​ឡើង ប៉ុន្តែ​ភាពយន្ត​មុន​ៗមិន​ធ្វើ​ឱ្យ​ពួក​លោក​លេចធ្លោ​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទេ​។

+ ឃុន ឌី​ម៉ា ៖ កីឡាករ​ប្រដាល់​រូប​នេះ​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​រឿង ​ប៉ុន្តែ​មិនសូវ​ទទួល​ការ​ចាប់អារម្មណ៍​នោះ​ទេ ដោយសារ​តែ​ភាពយន្ត​នោះ ក្រោយ​ការ​ដាក់​បញ្ចាំង​​ក្នុង​រោងកុន​ទទួល​បានការ​ចាប់អារម្មណ៍​តិចតួច ហើយ​ការ​សម្ដែង​របស់​លោក​ក៏​មិន​ច្រើន​ប្លង់​ប៉ុន្មាន​ដែរ​។

+ សុខ សុវណ្ណដែន ៖ អតីត​កីឡាករ​ល្បុក្កតោ​រូប​នេះ បាន​ក្លាយជា​តារា​សម្ដែង​ភាពយន្ត​ល្បីល្បាញ​តែ​ម្ដង​មក​ទល់​ម៉ោង​នេះ ដោយសារ​តែ​លោក​បាន​សម្ដែង​ភាពយន្ត​វាយតប់​ច្រើន​នា​ពេល​ចុង​ក្រោយ ។ លោក​ត្រូវ​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ច្រើន​ជាង​អាជីព​កីឡា​ករ​នោះ​ផង មក​ទល់​ម៉ោង​នេះ​។


+ ពេជ្រ ចរណៃ ៖ កញ្ញា​ជា​សិស្ស​គុន​ល្បុក្កតោ ប៉ុន្តែ​ចុង​ក្រោយ​គេ​ស្គាល់​នាង​ជា​តារា​សម្ដែង​​ច្រើន​ជាង ដោយសារ​តែ​នាង​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​ស្នាដៃ​បញ្ចេញ​ក្បាច់គុន​បាន​ល្អ​ត្រូវ​តាម​ផលិតករ​ចង់បាន ។ នាង​មាន​ស្នាដៃ​ក្នុង​ភាពយន្ត​ច្រើន​នា​ពេល​ចុង​ក្រោយ ជា​ពិសេស​ចាប់តាំងពី​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​«​គ្រួសារ​តារា​កម្ពុជា​»​។

+ សុវណ្ណ គី​រី ៖ កីឡាករ​កា​រ៉ា​តេ​ដូ​រូប​នេះ តាំងពី​បាន​សម្ដែង​ក្នុង​រឿង​«​ភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ​» មក គឺថា​ល្បីឈ្មោះ​តែ​ម្ដង ។ មក​ទល់​ពេល​នេះ ក្រៅពី​ការងារ​សម្ដែង​លោក​គឺជា​ពិធីករ​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន​ផង ដោយសារ​តែ​លោក​ចេះ​កំប្លុកកំប្លែង ប៉ុន្តែ​លោក​នៅ​តែ​បង្ហាញ​មុខជា​គ្រូបង្វឹក​កា​រ៉ា​តេ​ដូ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​ជា​ប្រចាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ