សួន ចាន់ណារ៉ូ ចុះកិច្ចសន្យាជាផ្លូវការលេងឱ្យក្លិបបាល់ទះវៀតណាម Dong Nai City Volleyball Team
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករ សួន ចាន់ណារ៉ូ បានចុះកិច្ចសន្យាជាផ្លូវការ ដើម្បីផ្ទេរទៅលេងឱ្យក្លិបបាល់ទះវៀតណាម Dong Nai City Volleyball Team ក្នុងការត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់ 2026 National Volleyball Championship។
កិច្ចសន្យាជាផ្លូវការនេះត្រូវបានប្រកាសឡើងដោយផ្ទាល់ពីសំណាក់ក្លិបបាល់ទះ Dong Nai City Volleyball Team កាលពីដើមខែតុលា ឆ្នាំ២០២៦ នេះ។
ការផ្ទេរទៅកាន់លីគបាល់ទះកំពូលវៀតណាមរបស់ដៃប៉ះសេ (Setter) ឆ្នើម និងជាប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីលោកបានសាងទម្រង់លេងយ៉ាងលេចធ្លោមួយចំនួនដូចជា ថ្មីៗនេះ បានដឹកនាំក្លិបបាល់ទះ វិសាខា (Visakha VC) ឈ្នះជើងឯកពានរង្វាន់ Dong Nai City Cup 2026 នៅប្រទេសវៀតណាម កាលពីចុងខែកញ្ញា។ ឈ្នះពានរង្វាន់ឯកត្តជនជាអ្នកប៉ះសេល្អបំផុត (Best Setter) នៅក្នុងព្រឹត្តិការណ៍កម្រិតអាស៊ាន SEA V League 2026 (Leg 1) កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅផងដែរ។
គួរបញ្ជាក់ថា សួន ចាន់ណារ៉ូ ជាកីឡាករបាល់ទះដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងជាអតីតកីឡាកររបស់ក្លិបបាល់ទះវិសាខា ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងបច្ចុប្បន្នបានចូលរួមលេងឱ្យក្លិប Dong Nai City នៅប្រទេសវៀតណាម។
កោះសន្តិភាពសូមជូនពរដល់ដៃប៉ះសេឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាគឺកីឡាករសួន ចាន់ណារ៉ូ ឱ្យទទួលជោគជ័យគ្រប់ភារកិច្ចជាមួយក្លិបថ្មី និងអាចវិលត្រឡប់មកជួយក្រុមជម្រើសជាតិវិញនៅពេលក្រុមជម្រើសជាតិត្រូវការ៕ ដោយ ៖ នាគ សេន



ចែករំលែកព័តមាននេះ