ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទៅអន់អី ! យុគ យក្សគីល វាយទាល់តែដៃគូប្រកួតលុតជង្គង់ថ្វាយបង្គំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ​ទី​១៣ ឧសភា ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ យុគ យក្ស​គី​ល និង​កីឡាករ​អុី​ស្រា​អែ​លដោយសារ​តែ​ពួក​គេ​បាន​បើក​ការ​វាយ​គ្នា​យ៉ាង​ចាស់ដៃ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ​ទី​១៣ ឧសភា ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ យុគ យក្ស​គី​ល និង​កីឡាករ​អុី​ស្រា​អែ​លដោយសារ​តែ​ពួក​គេ​បាន​បើក​ការ​វាយ​គ្នា​យ៉ាង​ចាស់ដៃ ។

ក្រោយ​ពី​ដឹង​លទ្ធផល​ចាញ់​ឈ្នះ គេឃើញ​កីឡាករ​បរទេស​ស្ទុះ​មក​លុតជង្គង់​ថ្វាយបង្គំ​កីឡាករ​កម្ពុជា ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទះដៃ​ឡើង​ខ្ទរ​ពេញ​សង្វៀន ។ នេះ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​ទស្សនា​មើលឃើញ​ថា មិន​ខុស​ពី​យក្ស​ធំ​ប៉ះ​យក្ស​តូច​នោះ​ទេ ដោយសារ​តែ​កីឡាករ​ទាំង​២​មើលទៅ​សុទ្ធតែ​មាន​មាឌធំ​ដូច​គ្នា ហើយ​កីឡាករ​បរទេស​ខ្ពស់​ជាង​និង​ធំ​ជាង​បន្តិច​ផង​ដែល​មើលទៅ​មិន​ខុស​ពី​យក្ស​២​ប៉ះ​គ្នា​ទេ​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គ្រាន់តែ​បង្ហាញសមាសភាព​ភ្លាម ម្នាក់​ៗ​បាន​លាន់មាត់​ដោយ​ប្រដូច​កីឡាករ​ យុគ យក្ស​គី​ល គឺជា​យក្ស​តូច ចំណែក​កីឡាករ​អុី​ស្រា​អែ​ល ដែល​មាន​មាឌធំ​ជាង ខ្ពស់​ជាង​ជាយ​ក្សធំ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាំងពី​មុន​ចាប់ផ្ដើម​ប្រកួត ។

កីឡាករ​អុី​ស្រា​អែ​ល ត្រូវ​គេ​ដឹង​ថា​មានបទពិសោធន៍​ឡើង​រេញ​តិច​ជាង​កីឡាករ​កម្ពុជា ប៉ុន្តែ​ទាំង​កម្ពស់ និង​សមត្ថភាព​ដែល​បាន​បង្ហាញ​ក្នុង​ការ​ប្រកួត​នោះ​គេ​អាច​ដឹង​ថា កីឡាករ​អុី​ស្រា​អែ​លអាច​ប្រកួត​ជាមួយ​ យុគ យក្ស​គី​ល ក្នុង​ថ្ងៃ​នោះ​បាន ដោយសារ​តែ​កីឡាករ​ទាំង​ពីរមាន​សមត្ថភាព និង​កម្លាំង​ប្រហែល​គ្នា ។ ស្របគ្នា​កីឡាករ​បរទេស​នៅ​ក្នុង​ទឹក​ទី​១​បាន​បញ្ចេញថ្វីដៃ​ខ្លាំងក្លា​ផង​នោះ រឹតតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ពិបាក​ជឿ​ថា យុគ យក្សគី​ល ដែល​ជា​កីឡាករ​ចាស់វស្សា​និង​មាន​បទពិសោធន៍​លើ​រេញ​រាប់​មិន​អស់ ពិតជា​មិន​ងាយសុី​ផុយ​ឡើយ ។

នៅ​ក្នុង​ទឹក​ទី​១ កីឡាករ​កម្ពុជា​ដ្បិតថា​មាន​កម្លាំង​វាយ​ចេញ​បាន​ច្រើន​ប៉ុន្តែ​សន្ទុះ​ក្នុង​ការ​វាយ​ត្រូវ​មិន​ច្រើន​នោះ​ទេ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​បរទេស​វាយ​សម្រុក​ដោយ​កម្លាំងបាយ​ត្រឡប់​មក​វិញ ។ យក្ស​ធំ​អុី​ស្រា​អែ​ល បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បុក​ពោះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​មានឱកាស​វាយ​ទៅ​លើ​យក្ស​តូច​កម្ពុជា​ធ្វើ​ឱ្យ​យុគ យក្ស​គី​ល ចង់​អស់ខ្យល់​ក្នុង​ការ​តតាំង​ទៀត​ផង ។

នៅ​ដើម​ទឹក​ទី​២ គេ​ឃើញ​យក្ស​តូច​យុគ យក្ស​គី​ល ថែម​ទាំង​ត្រូវ​យក្ស​ធំ​អុី​ស្រា​អែ​ល​វាយ​ឡើង​ប៉ោង​មុខ ហើយ​ដង្ហក់​រក​ផ្លូវ​តតាំង​ស្ទើរតែ​មិន​បាន​នោះផង ។ ទោះបី​យ៉ាងណា ចាត់ទុកជា​រឿង​សំណាង សម្រាប់​កីឡាករ​កម្ពុជា​ដោយសារ​តែ​ក្នុង​ពេល​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ យុគ យក្ស​គី​ល​ស្រាប់តែ​មានឱកាស​វាយ​ត្រូវ​គុម្ព​ថ្គាម​គូប្រកួត​២​ដៃ​ពេញទំហឹង​បណ្ដាល​ឱ្យ​ដួល​ខ្ព​ក​ដូច​គេ​ច្រាន​និង​ត្រូវអាជ្ញាកណ្ដាល​រាប់​ដល់​៨​ហើយ​នៅ​តែ​សន្លប់
ស្ដូកស្ដឹង​មិនដឹង​ខ្លួន​ទៀត ។

យុគ យក្ស​គី​ល ដែល​អ្នក​ណា​ក៏​មើលឃើញ​ថា​អស់ខ្យល់​ទៅ​ហើយ​នោះ សប្បាយចិត្ត​ចង់​ហោះ​នៅ​ពេល​ឃើញ​គូប្រកួត​របស់​ខ្លួន​ចាញ់​ដោយ​សន្លប់​ធំ​ក្នុងទឹក​ទី​២ ជាមួយ​សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​អ្នកគាំទ្រ​យ៉ាង​កងរំពង​ពេញ​សង្វៀន ។ ទាំង​ក្រុម​គ្រូពេទ្យ និង​អ្នក​ឱ្យ​ទឹកបាន​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុងរេញ​ធ្វើ​ចលនា​ឱ្យ​កីឡាករ​អុី​ស្រា​អែ​ល​មួយសន្ទុះទើប​ដឹងខ្លួន​វិញ ។

ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​បរទេស​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡា​ករ​អុី​ស្រា​អែ​ល មិន​បាន​ចុះ​ពី​រេញ​ភ្លាម​ទេ គេ​បែរជា​ដើរ​បក​ក្រោយ​ពី​កន្លែង​អ្នក​ឱ្យ​ទឹក​គ្រាហ៍​ចុះ​នោះ មក​លុតជង្គង់​ថ្វាយបង្គំ​កីឡាករ​កម្ពុជា ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រែក​ហ៊ោកញ្ជ្រៀវ​អបអរ ។

យុគ យក្ស​គី​ល ស្រឡាំងកាំង​មិន​តិច​នោះ​ទេ នៅ​ពេល​ឃើញ​គូប្រកួត​ដែល​ខ្លួន​វាយ​ដល់​ថ្នាក់​សន្លប់​ធំ​ទៅ​ហើយ​មក​លុតជង្គង់​ថ្វាយបង្គំ​ទៅ​វិញ ហើយ​គេ​ក៏​ឱន​លុតជង្គង់​ឱប​វិញ​ដែរ ។ ទិដ្ឋភាព​នៃ​ការ​លុតជង្គង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ក្លាយជា​រូបភាព​គំរូ​មួយ​សម្រាប់​កីឡាករ​នៅ​លើ​សង្វៀន ដើម្បី​កុំឱ្យ​មានការ​វាយតម្លៃ​ថា កីឡាករ​ក្រោយ​ពេល​ប្រកួត​ចប់​អ្នក​ចាញ់​មិន​ទទួលស្គាល់​ថា​ខ្លួន​អន់ ហើយ​ក្រោយ​ពេល​ចុះ​មក​ដល់​ក្រោយ​ឆាក​តែង​មានការ​លាប​ពណ៌​ថា​ខ្លួន​ចាញ់​ដោយសារ​ហេតុផល​នេះ​ហេតុផល​នោះ​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​អុី​ស្រា​អែ​លឱ្យមក​ប្រកួត​នៅ​កម្ពុជា​បាន​អះអាង​ថា លោក​ពិតជា​សរសើរ​កីឡាករ​អុី​ស្រា​អែ​ល​ដែល​ក្រោយ​ប្រកួត​ចាញ់​បាន​ស្ទុះ​ទៅ​ថ្វាយបង្គំ​កីឡាករ​ យុគ យក្ស​​គី​ល ដោយ​ចាត់​ទុក យុគ យក្ស​គី​ល ដូច​ជា​គ្រូ​ដែល​ខុស​ពី​កីឡាករ​ថៃ​ដែល​ឱ្យ​តែ​វាយ​ចាញ់
គឺ​​​មិន​​ចង់​មើល​មុខ​កីឡាករ​កម្ពុជា​នោះ​ទេ​។ លោកថា ការ​ប្រកួត​មួយ​នេះ ការ​ពិត​កីឡាករ​កម្ពុជា​សំណាង​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ យុគ យក្ស​គី​ល ក៏​អស់កម្លាំង​ស៊ុ​ហ្វ​ដោយសារ​តែ​គេ​ប្រឹង​វាយលុក​នៅ​ដើម​ទឹក ។

អ៊ីចឹង​ហើយ​ទើប​លោក​នៅ​តែ​សរសើរ​ថា កីឡាករ​អុី​ស្រា​អែ​ល​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដែល​ក្រោយ​ប្រកួត​ចាញ់​ហ៊ាន​ទទួល​ការ​ពិត និង​បាន​ទាំង​ស្ទុះ​ទៅ​លុតជង្គង់​ថ្វាយបង្គំ យុគ យក្ស​គី​ល លើ​រេញ ដោយ​មិន​ខ្វល់​ពី​ភ្នែក​អ្នក​ណា​នោះ​ទេ ។ លោក​ថា មួយគូ​នេះ​បើ​ជួប​គ្នា​លើក​ក្រោយ​នឹង​កាន់តែ​ល្អមើល ដោយសារ​តែ​កីឡាករ​អុី​ស្រា​អែ​ល ក៏​ស្គាល់​កណ្ដាប់ដៃ និង​បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​រួច​ម្ដង​ហើយ​បែប​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ