អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ម្តាយ និងកូន3នាក់ ត្រូវបានបាត់បង់ផ្ទះស្នាក់នៅដោយសារតែឆ្នាំងសាកទូរស័ព្ទតម្លៃថោកគ្មានគុណភាព។
រឿងហេតុនេះកើតឡើងនៅពេលយប់ថ្ងៃច័ន្ទនា Bournemouth, Dorset ចក្រភពអង់គ្លេស។ Donna Burton ដែលជាម្ចាស់ផ្ទះ និងជាម្តាយរបស់កូន៣នាក់ បានប្រាប់ថា ពេលយប់នោះនាងនិងកូនៗបានអង្គុយមើលកម្មវិធី Britain’s got Talent ជុំគ្នា។ ពេលនោះ នាងក៏ធុំក្លិនឈ្ងៀមចេញពីគ្រែរបស់កូននាង។ វាគឺជាឆ្នាំងសាកទូរស័ព្ទកំពុងឆេះ។ ភ្លាមៗនាងបានទៅដកវាចេញ ហើយទើបដឹងថា វាក្តៅដល់ថ្នាក់រលួយកន្លែងដោតថែមទៀត។

រឿងមិនបានបញ្ចប់ត្រឹមនេះទេ។ នាងស្រាប់តែឃើញអណ្តាតភ្លើងចេញពីពូករបស់កូននាង។ ពេលនោះហើយ ដែលនាងដឹងថា ផ្ទះរបស់នាងកំពុងតែត្រូវភ្លើងឆេះ ដោយសារតែឆ្លងភ្លើងពីឆ្នាំងសាកទូរស័ព្ទ។ រថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងទាន់ពេលវេលា ហើយព្រមានមហាជនកុំឲ្យប្រើប្រាស់ឆ្នាំងសាកថោកៗបែបនេះទៀត។
Donna បានប្រាប់ឲ្យគ្រប់គ្នាប្រុងប្រយ័ត្ននឹងការប្រើប្រាស់ឆ្នាំងសាកថ្មទូរស័ព្ទ។ នាងទិញវាពីផ្សារក្នុងតម្លៃត្រឹមតែ១ដុល្លារជាងបន្តិចបន្តួច។ នាងឲ្យយោបល់ថា គ្រប់គ្នាគួរតែទិញអាល្អជាងនេះទៅ ដើម្បីសុវត្ថិភាព៕

ចែករំលែកព័តមាននេះ