ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់ មានមនុស្សប្រុស-ស្រីចំនួន៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង
៨នាក់ផ្សេងទៀត រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីរសៀលម៉ោង០១ និង០៥នាទីថ្ងៃទី១២ ឧសភា ដោយរថយន្តបែក
កង់ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រភពព័ត៌មានរាយការណ៍ឱ្យដឹងថា ហេតុការណ៍នេះ មានមនុស្សស្លាប់និងរបួសច្រើននាក់ ខណៈរថយន្តដឹកអ្នកដំណើរម៉ាកស៊ីណា ដែលបើកបរក្នុងទិសដៅពីជើងមកត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែផ្ទុះកង់ បណ្តាលឱ្យរេចង្កូតក្រឡាប់ទៅបុកផ្ទះមួយខ្នង ដែលនៅក្បែរផ្លូវជាផ្ទះដាក់ឈើបំរុងធ្វើផ្ទះថ្មី ។ ពេលបុកនោះ ជនរងគ្រោះនៅក្នុងរថយន្ត ខ្លះបានខ្ទាតចេញមកក្រៅតាមកញ្ចក់បណ្តាលឱ្យស្លាប់ និងខ្លះទៀតត្រូវកៀបជាប់ក្នុងរថយន្ត ។ តាមព័ត៌មានថា ជនរងគ្រោះក្នុងឧប្បត្តិហេតុនេះ បានបាត់បង់ជីវិត៣នាក់ ក្នុងនោះមានបុរសពីរនាក់ និងស្ត្រីម្នាក់ ។

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ឱ្យដឹងថា មានមនុស្សចំនួន១២នាក់ រួមទាំងអ្នកបើកបរបានធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង និងបន្តគោលដៅ ឆ្ពោះទៅខេត្តរតន
គិរី ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានផ្ទុះកង់បង្កឱ្យរេចង្កូតក្រឡាប់ ទៅបុកផ្ទះមួយខ្នងដែលសង់អែបផ្លូវ ។ មន្ត្រីកងរាជអាវុធហត្ថដដែលបន្តថា គ្រាកើតហេតុមានជនរងគ្រោះ៣នាក់ស្លាប់នៅនឹងកន្លែង និង៨នាក់ទៀតរងរបួសធ្ងន់ត្រូវបានជួយសង្គ្រោះដឹកចេញពីរថយន្ត និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តដឹកអ្នកដំណើរឱ្យដឹងថា រថយន្តខាងលើ បានចេញដំណើរពីខេត្តព្រះវិហារឆ្លងកាត់ខេត្តស្ទឹងត្រែង និងបន្តទៅខេត្តរតនគិរីដោយមានភ្ញៀវប្រុសស្រីចំនួន១១នាក់ ។ ប្រភពដដែលបន្តថា រថយន្តខាងលើនេះពេលបើកចេញពីខេត្តព្រះវិហាមកកាន់ខេត្តស្ទឹងត្រែងបានផ្ទុះកងបែកមួយគ្រាប់ខាងស្តាំម្តងរួចទៅហើយ តែមិនបង្កឱ្យមានគ្រោះថ្នាក់នោះទេ ។ បន្ទាប់ពីផ្លាស់ប្តូរកង់សាគួររួច ក៏ធ្វើដំណើរបន្តជាធម្មតា ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ដែលបានដូរនោះទៀត ទើបបណ្តាលឱ្យក្រឡាប់តែម្តង ខណៈរថយន្តបើកក្នុងល្បឿនលឿន ។

មន្ត្រីនគរបាលចរាចរណ៍ដដែលបន្តថា រថយន្តដែលរងគ្រោះថ្នាក់ខាងលើនោះជាប្រភេទរថយន្តដឹកអ្នកដំណើរម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកំពង់ធំ២B-៧៦៧៨ ។ ជនរងគ្រោះចំនួន៣នាក់ដែលស្លាប់ ទី១-ឈ្មោះ ផន គុំភុម ភេទប្រុស អាយុ៥៣ឆ្នាំ ២-ឈ្មោះ រឿ វីត ភេទប្រុស អាយុ៣៨ឆ្នាំ ៣-ជាស្រី្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ចំណែកអ្នករួមដំណើរ៨នាក់ទៀតបានរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មិនដឹងថារត់ទៅពេទ្យ ឬក៏ដាក់មេប្រូចយករួចខ្លួនក៏មិនដឹងច្បាស់ដែរ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចរួមមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំអាង កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ កម្លាំងនគរបាលចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថស្រុកបានចុះជួយអន្តរាគមន៍សម្រួលដល់ការធ្វើចរាចរណ៍ និងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្រាវជ្រាវរកអត្តសញ្ញាណក្រុមគ្រួសារជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ