ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ

7 ឆ្នាំ មុន

ស្ទើរតែ​៤​ទស​វត្ស​ទៅ​ហើយ ដែល​ប៉េ​រូ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៨៦ មក​ម៉្លេះ ។ ចំណារ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​បានឱ្យ​ដឹង​ថា ពួក​គេ​បាន​ចូលរួម​ប្រកួត World…

ស្ទើរតែ​៤​ទស​វត្ស​ទៅ​ហើយ ដែល​ប៉េ​រូ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​១៩៨៦ មក​ម៉្លេះ ។ ចំណារ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​បានឱ្យ​ដឹង​ថា ពួក​គេ​បាន​ចូលរួម​ប្រកួត World Cup ដំបូង​ដោយ​ការ​អញ្ជើញ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៣០ ពោល​គឺ​តាំងពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​បង្កើត​ឡើង​នៅ​អ៊ុយ​រូ​ហ្គា​យ ហើយ​គ្រានោះ​ប៉េ​រូ​មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឡើយ ។

ក្រោយមក​ពួក​គេ​មិន​បាន​លេង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​ដល់​រដូវ​កាល​ឆ្នាំ​១៩៧០​ទើប​ក្រុម​ជម្រើសជាតិ​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​បង្ហាញខ្លួន​ជា​លើក​ទី​២ និង​មាន​វាសនា​ឡើង​ដល់​វគ្គ​៨​ក្រុម​លើក​ដំបូង​ផង​ដែរ ប៉ុន្តែ​ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង​ប្រេ​ស៊ី​ល​ដោយ​លទ្ធផល​៤​ទល់​នឹង​២ ។

រីឯ​វត្តមាន​២​លើក​ផ្សេង​ទៀត​នៅ​ឆ្នាំ​១៩៧៨ និង​១៩៨២ ប៉េ​រូ​ធ្វើ​ពុំ​បាន​ល្អ​នោះ​ទេ ដោយ​ត្រូវ​ហាវ​អាវ​តាំងពី​វគ្គ​ចែក​ពូ​ល ។ ការ​វិល​ត្រឡប់​មក​បង្ហាញខ្លួន​ជា​លើក​ទី​៥​នា​រដូវ​កាល​ថ្មី​២០១៨​នេះ ប៉េ​រូ​មាន​ទំនុកចិត្ត​ច្រើន​ជាង​មុន​បន្ទាប់​ពី​យកឈ្នះ​នូ​វែ​ល​សេ​ឡង់​ក្នុង​វគ្គ Play-offs ២​ទល់​នឹង​០ ហើយ​បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១១​ក្នុង​តារាង​របស់ FIFA ។

ក្តី​រំពឹង ៖ បើ​ទោះជា​ប៉េ​រូ​ជា​ក្រុម​ជម្រើសជាតិ​មួយ​តូច​មែន​បើ​ធៀប​នឹង​កម្រិត​ក្រុម​ដទៃ​នៅ​ទ្វីបអឺរ៉ុប ប៉ុន្តែ​ពួក​គេ​អាច​ឆ្លង​មក​ដល់​វគ្គ​ចែក​ពូ​ល​ដោយ​ជោគជ័យ ខណៈ​ស៊ី​លី អេក្វាទ័រ និង​ប៉ា​រ៉ា​ហ្គា​យ​សុទ្ធតែ​ធ្លាក់​ទាំងអស់ ។ ដូច្នេះ​សមត្ថភាព សេចក្តី​ក្លាហាន ឆន្ទៈ រួម​ជាមួយ​ទ័ព​ប្រយុទ្ធ​មួយ​ដ៏​រឹង​មាំ​របស់​ប៉េ​រូ បាន​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​រីក​ចម្រើន​របស់​ខ្លួន ។ យ៉ាង​ណា​មិញ ប៉េ​រូ​ត្រូវ​ប្រឈម​បញ្ហា​ច្រើន​បន្ទាប់​ពី​ចាប់ឆ្នោត​ត្រូវ​ពូ​ល C ជាមួយ​បារាំង ដា​ណឺ​ម៉ាក និង​អូស្ត្រាលី ។

គ្រូ​បង្វឹក ៖ លោក Ricardo Gareca អាយុ​៦០​ឆ្នាំ ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​សម័យ​ឆ្នាំ​១៩៨១-១៩៨៦ ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ដឹកនាំ​ក្រុម​ឈុត​ធំ​ប៉េ​រូ​អំឡុង​ឆ្នាំ​២០១៥ ជាមួយនឹង​ក្តី​សង្ឃឹមថានឹង​អាច​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ជូន​ក្រុម​ជម្រើសជាតិ​មួយ​នេះ​បំបែក​កំណត់​ត្រាចាស់​ៗ​នៅ World Cup ។

កីឡាករ ​Super Star ​ប្រចាំ​ក្រុម ៖ បើ​ទោះជា​បច្ចុប្បន្ន Jefferson Farfan មាន​អាយុ​៣៣ ឆ្នាំ​ក្តី ក៏​ខ្សែបម្រើ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ នៅ​តែ​បង្ហាញ​អ្នកគាំទ្រ​របស់​ខ្លួន​ឱ្យ​ឃើញ​ថា លោក​ពិតជា​មិន​ទាន់​ខ្សោយ​ទៅ​តាម​វ័យ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​រូប​លោក​ប្រៀប​ដូច​ជា​ខ្ញី​មួយ​មើម​ធំ​ដែល​កាន់
តែ​​ចាស់​កាន់តែ​មាន​សមត្ថភាព​ខ្លាំង ។ កីឡាករ Farfan ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​តាំងពី​ឆ្នាំ​២០០៣​មក​ម៉្លេះ និង​បង្ហាញខ្លួន​បាន​៨១​ប្រកួត ស៊ុត​បាន​២៤​គ្រាប់ ខណៈ​លេង​នៅ​ក្លិប Lokomotive Moscow ចំនួន​២៨​លើក​រកបាន​១១​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Carlos Cáceda (Veracruz), José Carvallo (UTC), Alejandro Duarte (Universidad San Martín) ។

-​ខ្សែការពារ ៖ ប្រធាន​ក្រុម Alberto Rodríguez (Junior), Christian Ramos (Veracruz), Luis Advíncula (BUAP), Aldo Corzo (Universitario), Miguel Trauco (Flamengo), Miguel Araujo (Alianza Lima), Luis Abram (Vélez Sarsfield), Nilson Loyola (Melgar), Santamaría (Puebla) ។

-​ខ្សែបម្រើ ៖ Yoshimar Yotún (Orlando City), Christian Cueva (São Paulo), Paolo Hurtado (Vitória), Renato Tapia (Feyenoord), Edison Flores (Aalborg BK), Cristian Benavente (Charleroi), Andy Polo (Portland Timbers), Pedro Aquino (BUAP), Sergio Peña (Granada), Roberto Siucho (Universitario) ។

-​ខ្សែប្រយុទ្ធ ៖ Jefferson Farfán (Lokomotiv Moscow), André Carrillo (Watford), Raúl Ruidíaz (Morelia), Beto da Silva (Argentinos Juniors), (Paolo Guerrero), Iván Bulos (Boavista) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ