ខេត្តកំពង់ឆ្នាំង ៖ « ទោះបីខ្ញុំពិការភាពពិតមែន ក៏ប៉ុន្តែខ្ញុំមិនដាច់ចិត្តដើរសុំទានគេតាមទីសាធារណៈ ឬនៅតាមទីផ្សារនោះទេ» នេះជាសម្តីរបស់លោក សោម សំបូរ ជាជនពិការរស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដោយបាននិយាយដូចច្នេះ ប្រាប់ភ្នាក់ងារ ខណៈចុះទៅសម្ភាសន៍អំពីការចិញ្ចឹមត្រី និងកង្កែបដល់លំនៅឋានរបស់លោកកាលពីចុងសប្តាហ៍មុន ។
លោក សំបូរ បានបញ្ជាក់ថា លោករងរបួសធ្លាក់ខ្លួនពិការនៅឆ្នាំ១៩៩៣ ពេលលោកជាទាហានក្នុងអង្គភាព វីរៈ E១៧ កងពលលេខ៥ របស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបញ្ជូនឲ្យទៅវាយនៅសមរភូមិភ្នំវល្លិ ខេត្តកំពត ។ ក្នុងពេលធ្លាក់ខ្លួនពិការលោកអស់សង្ឃឹមក្នុងជីវិតរួចទៅហើយ ប៉ុន្តែដោយការលើកទឹកចិត្តពីប្រពន្ធ និងមិត្តភក្តិ លោកក៏តាំងចិត្តឡើងវិញ ហើយខិតខំរកស៊ីធ្វើស្រែចំការចិញ្ចឹមប្រពន្ធកូនរហូតមក។ សព្វថ្ងៃនេះ លោកមានកូន៦នាក់ តែបែកទៅមានប្តីប្រពន្ធអស់៤នាក់ សល់ក្នុងបន្ទុក៤នាក់ ហើយកាលពីជាង២ឆ្នាំមុន ដោយមានការយកចិត្តទុកពីមន្ត្រីជលផលខេត្ត និងមានការឧបត្ថម្ភពីសហគមន៍អឺរ៉ុបបានបង្ហាត់របៀបចិញ្ចឹមត្រីអណ្តែងក្នុងថង់ផ្លាស្ទីក និងចិញ្ចឹមកង្កែបផងដែរ ក្រោយមក៏បានឧបត្ថម្ភពូជត្រី ពូជកង្កែប ចំណីសត្វ និងសម្ភារៈសម្រាប់ដាក់ចិញ្ចឹមជាដើម ។ ចំពោះលទ្ធផលក្នុង៣ខែចាប់លក់ម្ដងបានប្រាក់ពី៤០ទៅ៥០ម៉ឺនរៀល ដែល អាចជួយឱ្យជីវភាពគាត់បានសមរម្យមួយកម្រិត រួមផ្សំនឹងប្រាក់ខែជនពិការផង គាត់មានលទ្ធភាពទិញម៉ូតូ ទិញមេគោ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ហើយក្រៅពីចិញ្ចឹមត្រី កង្កែប គាត់នូវចិញ្ចឹមមាន់ និងដាំដំណាំ ទៀតផង ។
លោកសំបូរ បាននិយាយទៀតថា «ខ្ញុំមិនអាចលើកដៃសុំទានតាមផ្សារនោះទេ ខ្ញុំខ្មាស់គេណាស់ ។ ប៉ុន្តែខ្ញុំឃើញខ្លះមិនទាំងពិការផង បានធ្វើខ្លួនជាពិការ ញាត់ដៃញាត់ជើងចូលក្នុងខោ ក្នុងអាវ រំកិលខ្លួនតាមផ្លូវកាត់ភក់ជ្រាំ ដើម្បីសុំទានគេ ខ្ញុំធ្វើទៅមិនរួចទេ» ។
ជាចុងក្រោយលោក ក៏សូមថ្លែងអំណរគុណចំពោះមន្ត្រីជលផល និងសហគមន៍អឺរ៉ុបដែលបានបង្ហាត់បង្រៀន និងផ្តល់ពូជត្រី កង្កែប ដល់គ្រួសារគាត់រួចផុតពីភាពក្រីក្រផងដែរ៕
ចែករំលែកព័តមាននេះ