គណៈ​ស្ថាបត្យករកម្ពុជា​អំពាវនាវ​ឱ្យថែរក្សា​អ្វី​ជា​អត្តសញ្ញាណ​ជាតិ


រាជធានី​ភ្នំពេញ ៖ វឌ្ឍនភាព​នៃ​វិស័យ​ស្ថាបត្យកម្ម​សំណង់​របស់​កម្ពុជា កាន់តែ​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​មាន​អគារ​លំនៅ​ឋាន អគារ​ការិយាល័យ និង​អគារ​ពាណិជ្ជ​កម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទេព​កោសល្យ​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ស្រប​ទៅ​តាម​សម័យកាល​ទំនើប គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​អំពាវនាវ​សូម​ឲ្យ​ស្ថាបត្យករ វិស្វករ និង​នគ​រូប​នី​យករ​ខ្មែរ​ទាំងអស់ ថែរក្សា​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ ។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី ពិព័រណ៍​ស្ថាបត្យកម្ម និង​ការ​រចនា កាលពី​ថ្ងៃ​ពុធ ស​ប្ដា​ហ៍​នេះ លោក ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាលពីដើម មនុស្ស​​រស់នៅ​ក្នុង​រូងភ្នំ ល្អាង​ភ្នំ ក្រោយមក​មានការ​សង់​ដោយ​ស្លឹកឈើ មែកឈើ រហូត​ដល់​ធ្វើ​ពី​ថ្មភ្នំ ថ្មបាយក្រៀម និង​បច្ចុប្បន្ន ឈាន​ដល់​សាងសង់​ពី​បេតុង និង​បំពាក់​ទៅ​ដោយ​សម្ភារ​បច្ចេកវិទ្យា​ទំនើប ប៉ុន្ដែ​ការ​រីក​ចម្រើន​នេះ គឺ​ត្រូវ​គ្រប់គ្រង ដើម្បី​កុំ​ឲ្យ​ហួស​ហេតុ​ពេក ។ ដូច្នេះ​ហើយ មុន​ពេល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​ឲ្យ​សាងសង់ តែងតែ​សុំ​ឲ្យ​រក្សា​បាន​នូវ​អ្វី​ជា​លក្ខណៈ​របស់​ខ្មែរ ។

លោក​ថ្លែង​ថា ៖« នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​បង្កើត​ទស្សនៈ​មួយ​ហៅ​ថា ទស្សនៈ​​ប្រាសាទភ្នំ ដែល​បាន​មក​ពី​ការ​បញ្ចូល​គ្នា​នូវ​វប្បធម៌ អរិយធម៌ ប្រពៃណី​ខ្មែរ សាសនា និង​នយោបាយ ជាដើម ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​នូវ​អ្វី​ទៅ​ជា​ស្នាដៃ​របស់​ខ្មែរ​យើង​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដូច​ជា មាន​វត្ថុ​បុរាណ ប្រាសាទបុរាណ ដែល​ជា​មោទនភាព​របស់​ខ្មែរ​យើង » ។

លោក​បន្ដ​ថា ៖« យើង​មិន​ទប់ស្កាត់​ពី​ការ​រីក​ចម្រើន​ទេ ប៉ុន្ដែ​ត្រូវ​រក្សា​បាន​នូវ​អ្វី​ដែល​ជា​អត្ត​សញ្ញាណ​ជាតិ ដូច​ជា​យើង​អាច​ធ្វើ​រចនាបថ​ខ្មែរ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប ឬ​ហៅ​ថា ទំនើប​កម្ម ដែល​ជា​កា​រវិ​វត្ត​នៃ​ស្ថាបត្យកម្ម​ទូ​ទាំង​ពិភពលោក » ។

លោក​ក៏​បាន​អំពាវនាវ​ដល់​មហាវិទ្យាល័យ​ស្ថាបត្យកម្ម សំណង់ និង​នគ​រូប​នី​កម្ម​ទាំង​អស់ ធ្វើ​យ៉ាងណា អប់រំ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ឲ្យ​ស្ថាបត្យករ នគ​រូប​នី​យករ និង​វិស្វករ ដែល​បញ្ចប់​ការ​សិក្សា​នោះ ចេះ​ប្រើប្រាស់​នូវ​អ្វី​ដែល​ជា​ធនធាន​របស់​ខ្មែរ ។

លោក​ថ្លែង​ថា ៖« ពេល​នេះ យើង​កំពុង​យក​សម្ភារ​ទំនើប​មក​បូក​បញ្ចូល​គ្នា ប៉ុន្ដែ​យើង​កុំ​ភ្លេច​អ្វី​ទៅ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​យើង អ្វី​ទៅ​ជា​របស់​យើង ។ យើង​អាចយ​កមក​បញ្ចូល​គ្នា​ដោយ​អាច​ធ្វើ​ជា​ខ្មែរ​ទំនើប​បាន ឬ​ហៅ​ថា​ស្ទីល​ខ្មែរ ប៉ុន្ដែ​ប្រើប្រាស់​សម្ភារ​ទំនើប ។ ជាមួយ​គ្នា​នេះ ក៏​ត្រូវ​សិក្សា​ពី​រចនាសម្ព័ន្ធ​ខាងក្នុង​អគារ​ដែរ ធ្វើ​ម៉េច​ឲ្យ​មាន​ផាសុកភាព បរិស្ថាន​រស់នៅ​ល្អ និង​អភិវឌ្ឍន៍​ទៅ​តាម​សម័យកាល​ដែរ » ។

លោក​បញ្ជាក់​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មុន​នឹង​ចេញ​វិញ្ញាបន​បត្រ​អនុញ្ញាត​ឲ្យ​សាងសង់ តែងតែ​សុំ​ឲ្យ​រក្សា​បាន​នូវ​អ្វី​ទៅ​ជា​លក្ខណៈ​របស់​ខ្មែរ ។ ដូច្នេះ សូម​វិស្វករ ស្ថាបត្យករ នគ​រូប​នី​យករ​ទាំងអស់​ថែរក្សា​ផង ។

លោក ស៊ិ​ន សុ​ជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថាបត្យកម្ម​មាន​សារសំខាន់​ណាស់ ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ៗ​ទាំងអស់​នៃ​ប្រទេស​ជាតិ​មួយ ។

លោក​បន្ដ​ថា ៖« មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថាបត្យកម្ម​យើង​ដូរ​ច្រើន ដោយសារ​អ្នក​ជំនាន់​ក្រោយ​បាន​នាំ​មក​នូវ​អ្វី​ដែល​ថ្មី រួម​មាន​ទាំង​រចនា​គូរ​ប្លង់​ថ្មី ជាដើម ហើយ​បើ​ក្រឡេក​មើល​សិស្ស​និស្សិត​ក្នុង​វិស័យ​ស្ថាបត្យកម្ម​វិញ យើង​ឃើញ​ថា ខុស​គ្នា​ឆ្ងាយ​ពី​ជំនាន់​មុន​ៗ ពួក​គេ​មាន​ទំនោរ​នៃ​ការ​បង្កើត​ការ​ច្នៃប្រឌិត​យ៉ាង​ខ្លាំង ដោយ​បាន​ដាក់​បញ្ចូល​សព្វបែបយ៉ាង​នៅ​ក្នុង​ប្លង់​របស់​ពួក​គេ ដែល​ជា​ផ្នែក​មួយ​លើកកម្ពស់​វិស័យ​ស្ថាបត្យកម្ម​នៅ​ក្នុង​ប្រទេស​របស់​យើង » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ