រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពផុសផុលទៅលើការទិញ-លក់ដីធ្លី ជាពិសេស សកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគត ។
លោក ជា កុយ នាយកក្រុមហ៊ុនអចលនទ្រព្យសេដ្ឋី បានឲ្យដឹងថា បើតាមលោកសង្កេតមើលឃើញថា បច្ចុប្បន្ននេះ ការពុះដីឡូត៍លក់នៅតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ ភាគខាងលិចរាជធានីភ្នំពេញ មានសកម្មភាពកាន់តែខ្លាំងឡើង ជាពិសេស នៅដើមឆ្នាំ២០១៨នេះ ។ លោកថា ៖« កាលពីរាជរដ្ឋាភិបាលប្រកាសអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនៅស្រុកកណ្ដាលស្ទឹង សកម្មភាពទិញ-លក់ដីធ្លីនៅភាគខាងលិចហាក់ស្ងាត់បន្តិច តែក្រោយមក រហូតមកដល់បច្ចុប្បន្ន សកម្មភាពទិញដីធ្លីនៅភាគខាងលិចរាជធានីបានកក្រើកឡើងវិញ ហើយសកម្មភាពនេះខ្លាំងជាងកាលពីចុងឆ្នាំ២០១៧ទៅទៀត » ។
លោកបន្តថា អ្វីដែលធ្វើឲ្យសកម្មភាពទិញ-លក់ដីធ្លី ជាពិសេស ដីឡូត៍នៅតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ កាន់តែផុសផុលឡើង លោកមើលឃើញថា មានគម្រោងធំៗមួយចំនួនដែលនឹងអភិវឌ្ឍន៍ គឺគម្រោងរោងចក្រដែលនឹងលេចរូបរាងឡើងនៅតំបន់នោះនាពេលឆាប់ៗ ស្របពេលព័ត៌មានថា រោងចក្រនៅក្នុងក្រុងនឹងត្រូវរើមកកាន់ជាយៗ ហើយតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ ក៏នឹងកាត់ចូលជាទឹកដីរាជធានីភ្នំពេញដែរ ។ ដូចនេះ នៅពេលវាក្លាយជាទឹកដីរាជធានី វានឹងកាន់តែមានតម្លៃខ្ពស់ថែមទៀត ហើយវិនិយោគិន ក៏នឹងចាប់អារម្មណ៍ច្រើនលើការវិនិយោគនានាផងដែរ ។

ក្នុងនាមជាប្រតិបត្តិករអចលនទ្រព្យមួយរូប លោកក៏បានអំពាវនាវ និងស្នើឲ្យពលរដ្ឋដែលមានបំណងដីទិញឡូត៍សម្រាប់ទុកសង់ផ្ទះ ឬលក់បន្តក្តី សូមពិនិត្យមើល និងសិក្សាឲ្យបានច្បាស់លាស់ទៅលើទីតាំង និងអ្នកលក់គម្រោងដីឡូត៍ ជាដើម ។ លោកថា ៖« ថ្វីដ្បិតតែតំបន់ភ្នំរាប និងភ្នំប្រសិទ្ធ មានការពុះដីឡូត៍លក់ច្រើនពិតមែន ក៏ប៉ុន្តែក្នុងចំណោមអ្នកលក់ដីឡូត៍ទាំងនោះ មិនមែនសុទ្ធតែល្អទាំងអស់ទេ មានអ្នកខ្លះយកលុយពីធនាគារមកពុះដីឡូត៍លក់ ហើយពេលលក់បានលុយយកទៅសងធនាគារវិញ ។ តែក្នុងករណីលក់មិនដាច់ ឬលក់ដាច់ដែរ តែប្រើពេលយូរ ដូចនេះ ការប្រាក់ធនាគារនឹងកើនឡើងជាបន្តបន្ទាប់ ខណៈប្លង់ដីទាំងនោះក៏ជាប់នៅធនាគារ » ។
លោក ឌិត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឡាក់គី បានឲ្យដឹងដែរថា តំបន់ភាគខាងលិច ជាពិសេស នៅជុំវិញបឹងកប់ស្រូវ វាមិនឆ្ងាយពីទីក្រុងប៉ុន្មានទេ ។ ជាក់ស្ដែង បើយើងធ្វើដំណើរពីតំបន់ភ្នំពេញថ្មី សែនសុខ និងផ្សារទំនើបអ៊ីអន២ តែប៉ុន្មាននាទីប៉ុណ្ណោះនឹងដល់តំបន់នោះហើយ ។ ដូចនេះ សក្ដានុពលតំបន់នេះនៅពេលអនាគត នឹងល្អប្រសើរមិនចាញ់តំបន់ផ្សេងដែលនៅជាយក្រុងទេ ។
លោកបន្តថា នៅតំបន់ខាងលិច យើងមើលឃើញថា រាជរដ្ឋាភិបាលក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនហើយដែរ ទាំងប្រព័ន្ធទឹក-ភ្លើង និងផ្លូវ ជាដើម ។ ដូចនេះ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏អាចនឹងសម្លឹងពីការអភិវឌ្ឍតំបន់នោះឲ្យខ្លាំងក្លាផងដែរ ។
លោកថា ៖« បើនិយាយពីការអភិវឌ្ឍជាយរាជធានីនាពេលបច្ចុប្បន្ននេះឃើញថា មានសក្ដានុពលម្យ៉ាងម្នាក់ ។ ដូចនេះ យើងពិបាកនឹងដាក់ចំណាត់ថ្នាក់ថា នៅតំបន់មួយណាល្អជាងមួយណាទេ គឺវាអាស្រ័យលើប្រភេទនៃការអភិវឌ្ឍតំបន់ទាំងនោះ » ៕
ចែករំលែកព័តមាននេះ