ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ​ព្រមាន​ពី​ភាព​ងាយ​រង​គ្រោះ​នៃ​កំណើន​វិស័យ​អចលនទ្រព្យ និង​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា​កំពុង​រីក​ចម្រើន ធនាគារពិភពលោក (WB) បាន​បង្ហាញ​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​ពី​ភាព​ងាយ​រង​គ្រោះ​នៅ​ក្នុង​កំណើន​វិស័យ​អចលនទ្រព្យ និង​សំណង់ ។ យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា​កំពុង​រីក​ចម្រើន ធនាគារពិភពលោក (WB) បាន​បង្ហាញ​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​ពី​ភាព​ងាយ​រង​គ្រោះ​នៅ​ក្នុង​កំណើន​វិស័យ​អចលនទ្រព្យ និង​សំណង់ ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ឧសភា បាន​បង្ហាញ​ថា កម្ពុជា​មាន​ហានិភ័យ​អាច​នឹង​កើត​មាន​ឡើង​ដោយ​ពំ​នូ​នគរ​នៃ​ភាព​ងាយ​រង​គ្រោះ ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​ទាមទារ​ធ្វើការ​តាម​ឃ្លាំមើល​ឱ្យ​បាន​ដិត​ដល់​ទៅ​លើ​ដំណើរ​ស្ទុះ​ឡើង​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ និង​ការ​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ប្រុង​ប្រយ័ត្ន​ក្នុង​ទិដ្ឋភាព​ម៉ា​ក្រូ គឺជា​ការ​ចាំបាច់ ដើម្បី​កាត់​បន្ថយ​វិសាលភាព​របស់​សកម្មភាព​រកស៊ី​កេង​ចំណេញ​នៅ​ក្នុង​វិស័យ​ទាំងនេះ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting ក៏​បាន​យល់​ស្រប​នឹង​របាយការណ៍​នេះ​ផង​ដែរ ដោយ​លោក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១ ឧសភា ម្សិលមិញ​ថា ជាក់ស្តែង គឺ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​ធនាគារពិភពលោក ។

លោក​មាន​ប្រសាសន៍​ថា ៖« បើ​យើង​គណនា​កំណើនសេដ្ឋកិច្ច ប្រៀបធៀប​នឹង​កំណើន​ទំហំ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចូលរួម​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ខ្លាំង » ។

លោក​បន្ដ​ថា ធម្មតា តម្រូវការ​នៅ​តាម​វិស័យ​អចលនទ្រព្យ វា​មិនមែន​ចេះ​តែ​កើន​ធំ​រហូត​នោះ​ទេ វា​មាន​ដំណាក់កាល​របស់​វា ហើយ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ផង​ដែរ ។ អីចឹង ការ​ព្រមាន ក៏​ដូច​ជា​ផ្តល់​សញ្ញា ដើម្បី​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ហ្នឹង ជា​រឿង​ត្រឹមត្រូវ ។

លោក​បន្ត​ថា ៖« ការ​ផ្តល់​អនុសាសន៍​តាមដាន​ត្រួតពិនិត្យ​ដោយ​លក្ខណៈ​ប្រុង​ប្រយ័ត្ន​របស់​ធនាគារពិភពលោក វា​ជា​រឿង​ល្អ​បំផុត ព្រោះ​កាលណា​យើង​ឃើញ​សញ្ញា​ហានិ​ភ័យ​ដែល​អាច​កើត​មាន​ឡើង​អីចឹង វា​ត្រូវ​មាន​និយ័ត​កម្ម​ដើម្បី​ទប់ » ។

លោក​បាន​លើក​ឡើង​ថា ៖« បើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ជួប​បញ្ហា វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​, កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ និង​អាច​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ ព្រោះ​ម្ចាស់​គម្រោង​នីមួយ​ៗ ភាគច្រើន​គាត់​តែងតែ​ទទួល​បាន​ហិរញ្ញ​ប្បទាន​ពី​ធនាគារ ឬ​ពី​ប្រភព​ផ្សេង​ៗ​យក​មក​អភិវឌ្ឍន៍​គម្រោង ។ អីចឹង បើ​មាន​បញ្ហា​​ទៅ គាត់​មាន​លទ្ធភាព​រក​លុយ​មកពីណា​បង់​ទៅ​ធនាគារ​វិញ​។ ខ្ញុំ​គិត​ថា អ្វី​ដែល​ជា​អនុសាសន៍​នេះ វា​ត្រឹមត្រូវ​ណាស់ ហើយ​ខ្ញុំ​គិត​ថា ប្រហែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ពិនិត្យពិច័យ​លើ​បញ្ហា​នេះ​ដែរ និង​គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​វិស័យ​ហ្នឹង​ឱ្យ​បាន​ល្អិត​ល្អន់ » ។

បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គូសបញ្ជាក់​ថា ទិន្នន័យ​សំណង់​ទូ​ទាំង​ប្រទេស មាន​ចំនួន​សរុប​៣.០៥២​គម្រោង ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៦​ពាន់​លាន​ដុល្លារ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​២.៤០៥​គម្រោង គិត​ជា​ផ្ទៃក្រឡា​សាង​សង់​មាន​ជាង​១១​លាន​ម៉ែត្រការ៉េ មាន​ទុន​វិនិយោគ​ជាង​៥​ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង​២២,៣១% ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​របាយការណ៍​ស្ដី​ពី ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា បាន​បង្ហាញ​ការ​ព្យាករ​ថា វិស័យ​សំណង់​នឹង​មាន​អត្រាកំណើន​ប្រមាណ​១៦,៧%​ក្នុង​ឆ្នាំ​២០១៨ និង​១៦,៩%​ក្នុង​ឆ្នាំ​២០១៩ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​បន្ត​ងាក​ទៅ​រក​ប្រភេទ​គម្រោង​សំណង់​ថ្លៃ​ទាប និង​មធ្យម ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​សំណង់​ថ្លៃ​ខ្ពស់។ ចំណែក​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៨,៥%​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​មាន​និន្នាការ​ស្របគ្នា​នឹង​វិស័យ​សំណង់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ