ផ្អើលក្រុង​សៀមរាបទាំង​យប់​!!! ឃាត់ខ្លួន​ជនបន្លំជា​សង្ឃ និង​បក្ខពួក


ខេត្តសៀមរាប​៖ សមត្ថកិច្ច​ខេត្ត​បង្ក្រាប​បាន​ជនសង្ស័យ​បន្លំ​ខ្លួន​ជា​សង្ឃ និង​បក្ខពួក​​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​, ឆបោក និង​ស្លៀក​ស្បង់​បែប​ព្រះពុទ្ធ​សា​នា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា មាន​ជនសង្ស័យ​បន្លំខ្លួន​ជា​សង្ឃ​​ដើរ​បិណ្ឌ​បាត្រ​នៅ​បរិ​វេន​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ខុស​ប្រក្រតី ហើយ​មាន​រថយន្ត​១​គ្រឿង​សម្រាប់​ចាំ​ដឹក​ផង​នោះ ទើប​កម្លាំង​ជំនាញ​សុំ​យោ​លប​ល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពេល​នោះ​លោក​ក៏​បានឱ្យ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សួរនាំ​។ ជនសង្ស័យ​ទាំង​៦​នាក់​រួម​មាន ១-​ឈ្មោះ ផ​ន ផា​ន់​ណា អាយុ​៣០​ឆ្នាំ (​បន្លំខ្លួនជាសង្ឃ​​) ជា​អ្នក​ផ្តើមគំនិត រស់នៅ​ភូមិ​ជ្រៃ​អូរ​ភ្នៅ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ យួន យឿ​ន អាយុ​២៤​ឆ្នាំ (​បន្លំ​ខ្លួនជា​សង្ឃ​​) រស់នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ទី​៣-​ឈ្មោះ ឯម វិចិត្រ អាយុ​១៩​ឆ្នាំ (​បន្លំខ្លួនជា​សង្ឃ​​) រស់នៅ​ភូមិ​អូរ​ក្រសារ ឃុំ​អូរ​ក្រសារ ស្រុក​អូរ​ក្រសារ ខេត្ត​កែប ទី​៤-​ឈ្មោះ ខាត់ សុខា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ទី​៥-​ឈ្មោះ រឹម អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​ត្រពាំង​ជ្រៅ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​ទី​៦-​ឈ្មោះ ជា ស៊ុន ហៅ ម៉ា​ប់ អាយុ​២១​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ដី​ថ្មី ឃុំ​អូរ​ជ្រៅ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

ក្រោយ​ពេល​ឃាត់​យក​មក​សួរនាំ ឈ្មោះ ផ​ន ផា​ន់​ណា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​បក្ខពួក​៣​ទៅ​៤​នាក់ បាន​ក្លែង​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​សុំ​ប្រាក់​គេ​នៅ​តាម​ទីកន្លែង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​បាត់​ដំ​បង ខេត្តបន្ទាយមានជ័យ ​និង​ខេត្តសៀមរាប ហើយ​ធ្វើ​សកម្មភាព​បែប​នេះ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​ម្នាក់​រកបាន​ប្រាក់​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ក្រោយ​បាន​ប្រាក់ ខ្លួន​ជា​អ្នក​ប្រមូល​មក​ទុក ហើយ​ខ្លួន​បាន​គិត​ជា​ប្រាក់ខែ​ឱ្យ​វិញ ដោយ​អ្នកបើកបរ​រថយន្ត​ឱ្យ​២៥០​ដុល្លារ​ក្នុង​១​ខែ ចំណែក​បក្ខពួក​ផ្សេង​ៗ​ទៀត​ម្នាក់​ៗ​ទទួល​បាន​ពី​២០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​១​ខែ​។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ជា ស៊ុន បាន​និយាយ​ថា ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ឱ្យឈ្មោះ ផ​ន ផា​ន់​ណា (បន្លំខ្លួនជា​សង្ឃ​​) ​ក្នុង​១​ខែ​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ ​ដោយ​ដឹក​ជន​​ទាំងនោះ ដើរ​អង្គាសប្រាក់ តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ក្រៅពី​នោះ​រូប​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ពី​អ្នក​រត់​ម៉ូតូឌុប​នៅ​ប៉ោយ​ប៉ែ​ត មក​លក់​បន្ត​ឱ្យ​ក្រុម​ជនដែ​ល​បន្លំធ្វើ​ជា​សង្ឃ​​ប្រើប្រាស់​ផង​ដែរ ។

ចំពោះ​មធ្យោបាយ​ដែល​ជនសង្ស័យ​ដឹក​បក្ខពួក​ធ្វើ​សកម្មភាព​មាន​រថយន្ត​១​គ្រឿង​ម៉ាក Camary ស៊េរី​១៩៩៥ ព​ណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ប​ជ ២A-៥១៤១ (​របស់​ឈ្មោះ ផ​ន ផា​ន់​ណា​) ក្រោយ​ពី​បាន​ដើរ​រៃ​អង្គាស​បាន​ប្រាក់​ហើយ បាន​ដូរ​ស្បង់​ចីវរ​រួច​ស្លៀកពាក់​ស៊ី​វិល​នៅ​ក្នុង​រថយន្តនោះ ហើយនាំគ្នា​ដេកនៅតាម​ផ្ទះសំណាក់ ។​

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដែលបន្លំខ្លួន​ជាសង្ឃ​ទាំង​៦​នាក់ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​១៩​កញ្ចប់ ស្មើ នឹង​ទម្ងន់​៣,៤៦​ក្រាម រថយន្ត​មួយ​គ្រឿង​ម៉ាក Camry ពណ៌​ទឹកប្រាក់ ស៊េរី​១៩៩៥ ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ ២A-៥១៤១ ទូរស័ព្ទ​ដៃ​ចំនួន​១២​គ្រឿង ស្បង់​ចីវរ​មួយ​ចំនួន ព្រះ​ឆាយា​ល​ក្ខ័​ចំនួន​២​ច្បាប់ ស្រោមសំបុត្រ​សំរាប់​ដាក់​បច្ច័យ​មួយ​ចំនួន ប្រាក់​រៀល​ចំនួន ២០​ម៉ឺន​រៀល​។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​បន្លំ​ជា​សង្ឃ​ និង​បក្ខពួក​ទាំង​៦​នាក់ ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ