រាជធានីភ្នំពេញ ៖ គួរឱ្យរន្ធត់ចិត្តណាស់កាលបើដឹងថា បុរសជាប្តីបានជ្រើសរើសយកការស្លាប់២នាក់នឹងប្រពន្ធ ដោយមិនបានគិតទៅដល់អនាគតកូនតូចៗទាំង២របស់ខ្លួន ដោយសារតែការសង្ស័យប្រពន្ធលួចមានគូស្នេហ៍ក្បត់ចិត្តខ្លួនក៏យកភ្លើងប្រចណ្ឌមកធ្វើជាត្រីមុខ ទីបំផុតបានសម្រេចចិត្តឆក់សម្លាប់ខ្លួនឯងក្នុងបន្ទប់ជួល ដ៏គួរឱ្យសង្វេគ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាជាងសំណង់ ដោយសារតែភ្លើងប្រចណ្ឌដែលប្រពន្ធទៅធ្វើការនៅតាមហាងដាច់យប់ជាប់គ្នា៣ថ្ងៃក៏ទ្រាំលែងបាន វាយនិងឆក់សម្លាប់ប្រពន្ធ និងខ្លួនឯងក៏បានស្លាប់ដូចបំណង ចំណែកស្ត្រីជាប្រពន្ធបានរត់រួចទាំងឈាមស្រោចពេញខ្លួនប្រាណ ។ ហេតុការណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១១ ឧសភា នៅបន្ទប់ជួលលេខ៥ ជាន់ទី១ ផ្លូវលេខ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

បុរសដែលប្រើហិង្សានិងឆក់សម្លាប់ខ្លួនឯង នេះឈ្មោះ សូរ ខ្លឹម អាយុ៣៤ឆ្នាំ ជាជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិអង្គាដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឆក់ខ្លួនឯងស្លាប់ក្នុងបន្ទប់ទឹក ។ ចំណែកស្ត្រីជាប្រពន្ធគឺឈ្មោះ អោក សាបាន អាយុ៣៤ឆ្នាំ បម្រើការនៅភោជនីយដ្ឋាន និងខារ៉ាអូខេ នៅក្នុងខណ្ឌព្រែកព្នៅ មានស្រុកកំណើត ភូមិស្នោ ឃុំផែកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែងបានរងរបួសក្បាលធ្ងន់ធ្ងរ ។

តាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ដោយសារតែភ្លើងប្រចណ្ឌ បុរសជាប្តីបានវាយនិងឆក់សម្លាប់ប្រពន្ធ តែមិនស្លាប់ដោយនាងបានព្យាយាមរើហើយស្ទុះរត់ចេញពីបន្ទប់ ទើបបុរសជាប្តីបានដាក់គន្លឹះទ្វាររួចឆក់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក ។តាមស្ត្រីជាប្រពន្ធបាននិយាយថា ដោយសារតែការប្រចណ្ឌ កន្លងមកប្តីបានឱ្យនាងឈប់ធ្វើការ ហើយគាត់ក៏បានឯកភាពឈប់ធ្វើការតាមការស្នើសុំរបស់ប្តី តែនៅថ្ងៃទី១០ ឧសភា នាងក៏បានទៅធ្វើការនៅថ្ងៃចុងក្រោយដើម្បីបើកលុយបញ្ចប់ ។ លុះនៅវេលាម៉ោងប្រមាណ៧ព្រឹក នាងបានត្រឡប់មកផ្ទះវិញ នៅពេលនោះប្តីក៏បានទៅទិញបាយយក មកហូបទាំង២នាក់ ព្រមទាំងដេកលេងនៅលើគ្រែ ស្រាប់តែប្តីរបស់គាត់បានទាញញញួរមកវាយគាត់ចំនួន៤ញញួរ ត្រូវមុខមួយញញួរ និងត្រូវក្បាល៣ញញួរ រួចបានទាញអង្រែវាយបន្ថែមចំនួន៣អង្រែទៀត ព្រមទាំងយកខ្សែភ្លើង ដែលខាំផ្តាច់សំបកចេញជាច្រើនកន្លែងមករឹតកហើយឆក់សម្លាប់ តែនាងបានរើរួចក៏រត់ចេញមកក្រៅស្រែកឱ្យអ្នកជិតខាងជួយនិងប្រាប់អ្នកជិតខាងឱ្យទៅមើលប្តីក្នុងបន្ទប់ផង ស្រាប់តែឃើញឆក់ខ្លួនឯងស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ ។

តាមព័ត៌មានឱ្យដឹងទៀតថា បន្ទាប់ពីនាងរត់ចេញទាំងឈាមស្រោចខ្លួន ហើយស្រែកហៅឱ្យគេជួយ អ្នកក្បែរខាងបានរត់ទៅមើល ឃើញទ្វារដាក់គន្លឹះពីក្នុងក៏នាំគ្នាឆ្កឹះគន្លឹះបង្អួច បើកទ្វារចូលទៅមើល ស្រាប់តែឃើញបុរសជាប្តីដេកស្លាប់ក្នុងបន្ទប់ទឹក ដោយមានខ្សែភ្លើងនៅលើទ្រូងក៏នាំគ្នាបិទបារ៉ែតហើយសែងចេញមកដាក់នៅលើគ្រែក្នុងបន្ទប់វិញ ។តាមស្ត្រីជាប្រពន្ធបានឱ្យដឹងថា គាត់និងប្តី បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់រយៈ ពេលជាង១០ឆ្នាំមកហើយ មានកូន២នាក់ កូនប្រុសបងអាយុ១៣ឆ្នាំ និងកូនប្អូនស្រីអាយុ៨ឆ្នាំ ។ នៅពេលថ្មីៗប្តីក៏បាននិយាយប្រាប់ថា មិនចង់រស់នៅទេ ហើយគាត់ក៏បានបន្ទរថា បើមិនចង់រស់នៅមានតែស្លាប់ទាំង២នាក់ តែមិននឹកស្មាន់ថា ប្តីធ្វើបែបនេះឡើយ ។

តាមអ្នកជិតខាងស្ទើរគ្រប់គ្នាបាននិយាយថាបុរសជាប្តីជាមនុស្សស្លូតមិននិយាយច្រើននោះទេ គិតតែពីធ្វើការរកប្រាក់ តែស្ត្រីជាប្រពន្ធទៅធ្វើការដាច់យប់រហូត ជួនកាលមិនមកផ្ទះ៣យប់ក៏មាន ទុកឱ្យប្តីមើលថែទាំកូនទាំង២ ។ ប្រហែលជាទ្រាំលែងបាន និងទំនងជាប្រចណ្ឌប្រពន្ធសង្ស័យទៅលួចមានប្រុសផ្សេង ទើបបុរសជាប្តី មានគំនិតគិតខ្លីវាយ និងឆក់ប្រពន្ធ និងឆក់សម្លាប់ខ្លួនឯងបែបនេះ ៕

ចែករំលែកព័តមាននេះ