រាជធានីភ្នំពេញ ៖ មន្ត្រីស៊ីម៉ាក់(CMAC) បានធ្វើការដោះបន្សាបដោយជោគជ័យ នូវគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកប្រភេទ MK៨២ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាម ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ចំនួន៣គ្រាប់នៅក្នុងខេត្តព្រៃវែង ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា គ្រាប់បែកទាំង៣គ្រាប់នេះ ត្រូវបានរកឃើញនៅ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី១០ ខែឧសភា កន្លងមក ។ គ្រាប់បែក២គ្រាប់ ត្រូវបានរកឃើញក្នុងភូមិ២ផ្សេងគ្នាក្នុងស្រុកពាមរក៍ និង១គ្រាប់ទៀតរកឃើញនៅស្រុកបាភ្នំ ។ គ្រាប់បែកនេះបានកប់នៅក្នុងដីជិត៥០ឆ្នាំមកហើយ ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះអាមេរិក ។ ទោះជាយ៉ាងណា គ្រាប់បែកទាំង៣គ្រាប់នោះ ត្រូវបានមន្ត្រីស៊ីម៉ាក់បន្សាប និងដឹកយកទៅរក្សាទុកនៅបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្ត កំពង់ ឆ្នាំង ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងរបស់ស៊ីម៉ាក់បានរកឃើញ និងដោះបន្សាបគ្រាប់បែកប្រភេទ MK ដែលទម្លាក់ពីលើយន្តហោះអាមេរិកបានជាច្រើនគ្រាប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង ។

ចែករំលែកព័តមាននេះ