ខេត្តសៀមរាប ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៥គ្រាប់ដែលប៉ូលិសប៉ុស្តិ៍មូលដ្ឋានស្រុកជីក្រែងប្រទះឃើញនៅលើរថយន្តដឹកដី រួចឱ្យម្ចាស់រថយន្តដឹកដីឈប់ ដើម្បីយកមកប្រគល់ឱ្យអង្គការដោះមីនកម្ពុជាយកទៅកំទេចចោលកុំឱ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងម្ចាស់រថយន្តផងដែរ។

ហេតុការណ៍សមត្ថកិច្ចមូលដ្ឋានឃើញគ្រាប់មិនទាន់ផ្ទុះនោះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការដ្ឋាននគរបាលស្រុកជីក្រែងបានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋានបានប្រទះឃើញគ្រាប់នៅលើឡានដឹកដីរួចមក លោកក៏បានឱ្យកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជីក្រែងដែលមានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកធ្លកក្រោមបានសហការជាមួយនឹងអង្គការដោះមីនកម្ពុជាប្រមូលគ្រាប់យុទ្ធមិនទាន់ផ្ទុះចំនួន៤៥គ្រាប់ និងសំបកដែកគ្រាប់ចំនួន៣គីឡូក្រាមយកទៅកំទេចចោលនៅនឹងកន្លែងជីកស្រះ ក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រេង ខេត្តសៀមរាប។
លោកបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្គ្រាមដែលត្រូវយកមកកំទេចចោលរួមមានប្រភេទដូចជា ១-ប្រភេទគ្រាប់៨២មីលី្លម៉ែត្រចំនួន៧គ្រាប់ ២-ប្រភេទគ្រាប់បេ៤០ចំនួន៨គ្រាប់ ៣-ប្រភេទគាប់បេ៤១ចំនួន២២គ្រាប់ ៤-ប្រភេទគ្រាប់បេ៤០កន្លះចំនួន៤គ្រាប់ និង៥-គ្រាប់បែកដៃចំនួន១គ្រាប់ និងគីប២ផងដែរ ៕
ចែករំលែកព័តមាននេះ