ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ពានរង្វាន់​ពិភពលោក (World Cup) 2018

5 ឆ្នាំ មុន
  • ភ្នំពេញ

នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៦​ក្នុង​ព្រឹត្តិការណ៍ World Cup របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បន្ទាប់​ពី​បាត់​មុខ​អស់​ជា​ច្រើន​រដូវ​កាល​រួច​មក ។ វត្តមាន​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៤ កូ​ឡុំ​ប៊ី​ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៣​ក្នុង​តារាង FIFA មានឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ…

នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី​៦​ក្នុង​ព្រឹត្តិការណ៍ World Cup របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បន្ទាប់​ពី​បាត់​មុខ​អស់​ជា​ច្រើន​រដូវ​កាល​រួច​មក ។ វត្តមាន​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៤ កូ​ឡុំ​ប៊ី​ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៣​ក្នុង​តារាង FIFA មានឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ប៉ុន្តែ​ត្រូវ​ក្អួត​ឈាម​ក្រោម​ថ្វី​ជើង​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល​២​ទល់​នឹង​១ ។ ក្រុម​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ បាន​ចូលរួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ពិភពលោក​ដំបូង​អំឡុង​ឆ្នាំ​១៩៦២ ដែល​ពេល​នោះ​ពួក​គេ​ត្រូវ​ធ្លាក់​វិញ​ត្រឹម​វគ្គ​ចែក​ពូ​ល ខណៈ​វត្តមាន​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​១៩៩០, ១៩៩៤ និង​១៩៩៨ កូ​ឡុំ​ប៊ី​ក៏​ធ្វើ​ពុំ​បាន​ល្អ​ដែរ ។ ទោះបី​យ៉ាងណា បើ​យោង​តាម​ការ​ប្រកួត​នា​ពេល​កន្លង​មក វត្តមាន​លើក​នេះ​ពួក​គេ​ហាក់​រឹង​មាំ​ច្រើន ខណៈ​ប្រព័ន្ធ​ប្រយុទ្ធ​ក៏​រឹតតែ​មុត​ស្រួច​ថែម​ទៀត រួម​ទាំង​ភាព​អង់អាច​ក្លាហាន​របស់​កូនក្រុម​ផង​នោះ កូ​ឡុំ​ប៊ី​នឹង​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ប្រសើរ​ជាង​មុន ។

– ក្តី​រំពឹង ៖ កង្វះ​ខ្សែការពារ​រឹង​មាំ​នៅ​តែ​ជា​ក្តី​បារម្ភ​របស់​កូ​ឡុំ​ប៊ី​មក​ទល់​ពេល​នេះ បើ​ទោះ​ជា​ពួក​គេ​មាន​ទម្រង់​លេង​ស៊ីសង្វាក់​គ្នា​ល្អ​ក៏​ដោយ ។

ការ​ចាប់ឆ្នោត​ស្ថិត​នៅ​ពូ​ល H ជាមួយ​ប៉ូ​ឡូញ សេ​ណេ​ហ្គា​ល់ និង​ជប៉ុន បង្ហាញ​ឱ្យ​ឃើញ​ថា កូ​ឡុំ​ប៊ី​ហាក់​មាន​សង្ឃឹម​ច្រើន​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ត ដើម្បី​ក្រសោប​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត ។

ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​តែងតែ​ប្រើ​ទម្រង់​លេង ៤-២-៣-១ ហើយ​ភាគច្រើន​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ ។

– ​គ្រូ​​បង្វឹក ៖ ដោយ​មើលឃើញ​ពី​សមត្ថភាព និង​បទ​ពិសោធន៍​ដឹកនាំ​ច្រើន​ឆ្នាំ​របស់​លោក José Pékerman រួច​មក កូ​ឡុំ​ប៊ី​ក៏​សម្រេច​ជ្រើសតាំង​រូប​លោក​ជា​គ្រូ​បង្គោល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ចាប់តាំងពី​ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ លោក Pékerman បច្ចុប្បន្ន​អាយុ​៦៨​ឆ្នាំ​បាន​ជួយ​ឱ្យ​កូ​ឡុំ​ប៊ី​មានឈ្មោះ​លេងនៅ ​World Cup​ជា​លើក​ទី​២(២០១៤​និង​២០១៨)​ក្រោយ​ឆ្នាំ​១៩៩៨​មក ។

កីឡាករ​Super Star​ប្រចាំ​ក្រុម ៖ ម្ចាស់​ពានរង្វាន់​ស្បែកជើង​មាស​សម័យ​World Cup ២០១៤​នៅ​ប្រេ​ស៊ី​ល កីឡាករ James Rodriguez​រំពឹង​ថា នឹង​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​ជូន​ប្រទេស​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ​មិន​ខាន ។ ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ ចាប់ផ្តើម​ចូល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​អំឡុង​ឆ្នាំ​២០១១ ដោយ​បង្ហាញខ្លួន​បាន​៦២​ប្រកួត​ស៊ុត​បាន​២១​គ្រាប់ ខណៈ​បច្ចុប្បន្ន​លេង​នៅ​ក្លិប Bayern លក្ខណៈ​ខ្ចី​ជើង​ពី Real Madrid បាន​ចំនួន​២២​លើក និង​រកបាន​៧​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)

-​អ្នកចាំទី ៖ David Ospina (Arsenal), Camilo Vargas (Deportivo Cali), Castellanos (Santa Fe) ។

-​ខ្សែការពារ ៖ Cristián Zapata (Milan), Santiago Arias (PSV), Frank Fabra (Boca Juniors), Óscar Murillo (Pachuca), Yerry Mina (Barcelona), Davinson Sánchez (Tottenham), Johan Mojica និង Espinosa (Girona) ។

-​ខ្សែបម្រើ ៖ James Rodríguez (Bayern), Carlos Sánchez (Espanyol), Abel Aguilar (Deportivo Cali), Giovanni Moreno (Shanghai), Fernando Quintero (River Plate), Wílmar Barrios (Boca Juniors), Mateus Uribe (América), Jefferson Lerma (Levante), Víctor Cantillo (Junior) ។

-​ខ្សែប្រយុទ្ធ ៖ ប្រធាន​ក្រុម Radamel Falcao (Monaco), Carlos Bacca (Villarreal), Luis Muriel (Sevilla), Yimmi Chará (Junior), Miguel Borja (Palmeiras), Duván Zapata (Sampdoria), José Izquierdo (Brighton), Felipe Pardo (Olympiacos) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ