តម្លៃ​ប្រេង​កើនឡើង​បន្ទាប់​ពី​លោក​ត្រាំ ដក​អា​មេ​រិ​ក​ចេញ


ទីក្រុង​ឡុ​ង​ដ៍ ៖ កាលពី​ថ្ងៃ​ទី​៩ ឧសភា តម្លៃ​ប្រេង​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​​រយៈពេល​៣​ឆ្នាំ​មកនេះ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដក​អា​មេ​រិ​ក​ចេញ​ពី​​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ដែល​បង្ក​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ប្រទេស​នេះ ។ ក្នុង​ថ្ងៃ​ដដែល តម្លៃ​ប្រេង​ឆៅ​បាន​កើន​ជិត​៣% ។

ប៉ុន្តែ​លោក Thomas Pugh សេដ្ឋវិទូ​ក្នុង Capital Economics និយាយ​ថា ការ​សម្រេច​ចិត្ត​​របស់​លោក​ត្រាំ តែ​មួយ មិន​អាច​ប៉ះពាល់​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​ទេ​។

លោក​ថា ៖« ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​បើ​អ៊ី​រ៉​ង់​សម្រេច​ថា ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​នោះ ការ​ប៉ះពាល់​លើ​ការ​ផ្គត់​ផ្គង់​ប្រេង​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង » ។ លោក​ព្យាករ​ថា តម្លៃ​ប្រេង​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុខនេះ ។

លោក Craig Erlam អ្នកវិភាគ​ក្នុង OANDA និយាយ​ថា ៖« ពាណិជ្ជករ​ជឿជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នឹង​រឹត​បន្តឹង​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​បន្ថែម​ទៀត ខណៈ​ប្រទេស​ផលិត​ប្រេង​ធំ​ៗ​មួយ​ចំនួន​បាន​កាត់​បន្ថយ​ប្រេង​ក្នុង​ស្តុក​ជា​ច្រើន » ។

ទោះជា​យ៉ាងណា អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​ច្រើន​ជាងគេ​លើ​ពិភព​លោក បាន​និយាយ​ថា ពួក​គេ​នឹង​ខិតខំ​ការពារ​មិន​ឲ្យ​ខ្វះខាត​ឡើយ ។

លោក​ត្រាំ អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អ៊ីរ៉​ង​ក្នុង​ការ​នាំ​ចេញ​ប្រេង ដែល​ជា​ប្រភព​ចំណូល​ធំ​ជាងគេ​របស់​ប្រទេស​នេះ ។

មានការ​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​អាច​នឹង​កើន​ដល់​៨០​ដុល្លារ​ក្នុង​១​ធុង ដោយសារ​ការ​ជំរុញ​ពី​ភាព​មិន​ប្រាកដប្រជា​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​, កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​រវាង​ប្រទេស​ក្នុង OPEC និង​រុ​ស្ស៊ី​, តម្រូវការ​ពិភពលោក​ល្អ​ប្រសើរ និង​ចំនួន​ប្រេង​ក្នុង​ស្តុក​របស់​អា​មេ​រិ​ក​ធ្លាក់​ចុះ ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ