សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ៖ ទូរទស្សន៍អាមេរិក CNN រាយការណ៍នាថ្ងៃទី១០ ឧសភាថា បណ្ដាមន្ត្រីអាមេរិកពេលនេះរៀបចំសម្រាប់ការជួបគ្នាកំពូលនៅសិង្ហបុរី រវាងលោកប្រធានាធិបតី ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
យោងតាម CNN ថា លោកត្រាំបានបញ្ជាដល់បណ្ដាទីប្រឹក្សារបស់លោក ឲ្យរៀបចំការជួបគ្នាកំពូលជាមួយលោកគីម ជុងអ៊ុន នៅសិង្ហបុរី។ សេតវិមាននាពេលមុននេះថ្លែងថា កាលបរិច្ឆេទ និងទីកន្លែងនៃការជួបគ្នាកំពួលនេះរវាងមេដឹកនាំទាំង២ ត្រូវកំណត់។
លោកគីម ជុងអ៊ុន និងលោកដូណាល់ត្រាំ បានព្រមព្រៀងជួបគ្នាមុនដំណាច់ខែឧសភា ប៉ុន្តែការជួបគ្នានឹងអាចធ្វើនាដើមខែមិថុនា។ កាលបរិច្ឆេទនិងទីតាំងនៃការជួបគ្នានឹងប្រកាសប៉ុន្មានថ្ងៃទៀត។
លោកត្រាំថ្លែងទៅកាន់ក្រុមអ្នកកាសែតថា ភូមិប៉ានមុនហ្សូម ស្ថិតនៅតំបន់ហាមមិនឲ្យមានកងទ័ព ដែលពុះចែកកូរ៉េទាំង២ត្រូវបដិសេធ តែពុំបានបញ្ជាក់ពីហេតុផលឡើយ។
មន្ត្រីអាមេរិកមួយចំនួននិយាយថា សិង្ហបុរីជាកន្លែងអព្យាក្រឹត។ ចំណែកការពន្យារពេល ប្រកាសជាផ្លូវការពីទីកន្លែង និងកាលបរិចេ្ឆទនៃការជួបគ្នាកំពូល នាំឲ្យមានពាក្យចចាមអារ៉ាមលើការលំបាកទាំងឡាយក្នុងការពិភាក្សាគ្នា រវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ិនតោន។
ជាការជម្នះឧបសគ្គធំមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក MIKE POMPEO ដែលទៅកាន់ក្រុងព្យុងយ៉ាង អះអាងពីការដោះលែងជនជាតិអាមេរិក៣នាក់ដែលជាប់ឃុំឃាំងនៅកូរ៉េខាងជើង។
លោកត្រាំប្រកាសនាថ្ងៃទី៩ ឧសភាថា កូរ៉េខាងជើងបានដោះលែងជនជាតិអាមេរិកទាំង៣នាក់ហើយ ដោយលោកស្វាគមន៍ចំពោះកាយវិការរបស់លោកគីម ជុងអ៊ុន មុនពេលជួបគ្នាកំពូល៕
ចែករំលែកព័តមាននេះ