ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង Wifi សារធារណៈដែលដាក់ឱ្យប្រើប្រាស់ស្ថិតនៅទីតាំងណាខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​ឧបករណ៍​ Wifi ដើម្បី​ផ្ដល់​សេវា​អុី​ន​ធើ​រ​ណេ​ត​ដល់​មហាជន និង​ភ្ញៀវ​ទេសចរ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៩ ឧសភា ម្សិលមិញ…

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​ឧបករណ៍​ Wifi ដើម្បី​ផ្ដល់​សេវា​អុី​ន​ធើ​រ​ណេ​ត​ដល់​មហាជន និង​ភ្ញៀវ​ទេសចរ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​ទី​៩ ឧសភា ម្សិលមិញ ដែល​មាន​២​ទីតាំង​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង ដោយ​លោក​អ្នក​គ្រាន់តែ​ជ្រើសរើស TC Free Wi-Fi ជា​ការ​ស្រេច និង​ប្រើប្រាស់​ដោយ​សេរី​ក្នុង​ល្បឿន​លឿន ។

លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា មាន​ប្រសាសន៍​ថា គម្រោង​ប្រព័ន្ធ​សេវា Wifi សាធារណៈ​នៅ​តាម​បណ្តោយ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​វិសាលភាព​គ្របដណ្ដប់​ចាប់ពី​ខាងកើត​វិមាន​ឯករាជ្យ​រហូត​ដល់​អគារ​ណា​ហ្គា​វើ​ល ដើម្បី​ផ្តល់​សេវា​អុី​ន​ធើ​រ​ណេ​ត ដែល​មាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង​បណ្តាញ​អគ្គិសនី​ប្រវែង​១,៦​ពាន់​ម៉ែត្រ​។ ចំពោះ​សួនច្បារ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង បាន​ស្ថាបនា​បណ្តាញ​បញ្ជូន​សេវា​ដើម្បី​ផ្តល់​អុី​ន​ធើ​រ​ណេ​ត ក្នុង​នោះ​មាន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ប្រវែង​ជាង​២,២​ពាន់​ម៉ែត្រ​, បណ្តាញ​អគ្គិសនី​ប្រវែង​៦០០​ម៉ែត្រ និង​បំពាក់​ឧបករណ៍​មាន​លទ្ធភាព​ផ្តល់​សេវា​អុី​ន​ធើ​រ​ណេ​ត​អតិបរិមា​ទំហំ​១.០០០ Mbps នៅ​តាម ​Access Piont នីមួយ​ៗ ។

លោក​អនុរដ្ឋលេខាធិការ​បន្ដ​ថា ប្រព័ន្ធ​សេវា Wifi សាធារណៈ​នៅ​តាម​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន​ល្បឿន​លឿន​រហូត​ដល់​១​ជី​ហ្គា​បៃ​នេះ អាច​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ត​ភ្ជាប់​បាន​ប្រមាណ​៥​ម៉ឺន​នាក់​ក្នុង​ពេល​តែ​មួយ ។ បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ទាំង​ពីរ​ទីតាំង​នេះ​ហើយ នៅ​ពេល​ខាង​មុខ ទូរគមនាគមន៍​គ្រោង​នឹង​ដំឡើង​នៅ​៣​ទីតាំង​ផ្សេង​ទៀត​រួម​មាន រមណីយដ្ឋាន​វត្ត​ភ្នំ​, សួនច្បារ​វត្ត​បទុម​វ​ត្តី និង​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក សុខ ពុទ្ធិ​វុ​ធ គូសបញ្ជាក់​ថា គម្រោង​ប្រព័ន្ធ​សេវា Wifi សាធារណៈ និង​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល​ទៅ​កាន់​សាលារៀន គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការ​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ដល់​សាធារណជន​តាម​សួនច្បារ​សាធារណៈ​, ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​, កាត់​បន្ថយ​គម្លាត​នៃ​អ្នកមាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា ជា​ពិសេស​សេវា​អុី​ន​ធើ​រ​ណេ​ត​, កាត់​បន្ថយ​គម្លាត​ការ​ទទួល​បាន​ព័ត៌មាន​, ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទីតាំង ពាណិជ្ជ​កម្ម ទេសចរណ៍​កម្សាន្ត ស្ថាប័នរដ្ឋ និង​ឯកជន​, ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​សាធារណៈ ក៏​ដូច​​ជា​សេវា​ពាណិជ្ជកម្ម​ផ្សេង​ៗ, ចូលរួម​ចំណែក​ផ្តល់​ឱកាស​ឱ្យ​សិស្សា​នុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ជនបទ មាន​លទ្ធភាព​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​ឈ្វេងយល់​បន្ថែម ព្រមទាំង​ឱកាស​ទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ​ដូច​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ទីក្រុង ។

លោក​បន្ត​ថា ៖« ភ្ញៀវ​ទេសចរ​អាច​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​ដោយ​ឥត​គិតថ្លៃ ក្នុង​រយៈពេល​ស្នាក់​នៅ​លំហែកាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​អាច​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​, បង្ហាញ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ជា​ស្រេច​ឆ្ពោះទៅ​កាន់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការ​ឈាន​មក​ដល់​នៃ​បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G) នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ឆ្នាំ​២០២០, ពង្រីក​ការ​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​ឱ្យ​បាន​ទូលំទូលាយ ដល់​សាធារណជន និង​សហគមន៍​, ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​បង្កើន​ចំណូល​ជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​នឹង​ជួយ​រុញច្រាន​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នា​ពេល​ខាង​មុខ » ។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អីុ​វ​តឹក មាន​ប្រសាសន៍​ថា គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ Wifi សាធារណៈ​នេះ ជា​ជំនួយ​ឥត​សំណង​របស់​ភាគី​កូរ៉េ ដែល​មាន​ទឹកប្រាក់​៤០​ម៉ឺន​ដុល្លារ​ផ្តល់​ជូន​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រគល់​ភារកិច្ច​នេះ​ជូន​ទូរ​គមនាគមន៍​កម្ពុជា ធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​Wifi សាធារណៈ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន លើ​ការ​ផ្តល់​សេវា​អុី​ន​ធើ​រ​ណេ​ត​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ និង​ភ្ញៀវ​ទេសចរ​អាច​ប្រើប្រាស់​សេវា​អុី​ន​ធើ​រ​ណេ​ត​ដោយ​ឥត​គិតថ្លៃ ជា​ពិសេស សម្រាប់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ដើម្បី​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ ឱ្យ​ស្រប​តាម​សម័យកាល​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ចូលរួម​ចំណែក​លើកកម្ពស់​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល » ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ហៅ​កាត់​ថា​(KT)​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភាគី​កូរ៉េ​បាន​ផ្ដល់​ជូន​ទូរ​គមនាគមន៍​(TC)​នូវ​ជំនួយ​ឥត​សំណង​គម្រោង​Public Wifi និង Digital Connectivity for School ដើម្បី​ធ្វើការ​ដំឡើង​នៅ​ទីតាំង​ចំនួន​៥​កន្លែង ក្នុង​នោះ រាជធានី​ភ្នំពេញ​ចំនួន​២​កន្លែង គឺ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​, ខេត្តកំពង់ឆ្នាំង​ចំនួន​២​កន្លែង គឺ​វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង និង​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស និង​១​ទីតាំង​ទៀត ស្ថិត​នៅ​វិទ្យាល័យ​អុី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​នៅ​តាម​ទី​សាធារណៈ​នា​ពេល​នេះ គឺជា​ការ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅ​ដល់​វិស័យ​ឯកជន និង​ក៏​ជា​ផលិតផល​បម្រើ​ឲ្យ​សាធារណជន​ដ៏​ថ្មី​សន្លាង​មួយទៀត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ត្រូវ​បាន​សាទរ​ពី​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel បាន​ថ្លែង​ថា ការ​បំពាក់​Wifi ផ្ដល់​សេវា​អុី​ន​ធើ​រ​ណេ​ត​នៅ​តាម​សាធារណៈ​នេះ គឺជា​ការ​បន្ថែម និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ទៅ​ដល់​វិស័យ​ឯកជន និង​សាធារណជន​បន្ថែម​ទៀត​។ មិនតែប៉ុណ្ណោះ ក៏​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ក៏​ដូច​ជា​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​ទាំងមូល​ផង​ដែរ ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​នេះ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត​ពី​វិស័យ​សាធារណៈ​ទៅ​ដល់​វិស័យ​ឯកជន ហើយ​សាធារណជន​ក៏​បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ។ ចំណុច​សំខាន់​មួយទៀត សេវា​សាធារណៈ​នេះ​បាន​ជួយ​ទៅ​ដល់​ភ្ញៀវ​ទេសចរ មាន​ន័យ​ថា ពួក​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​ពេល​ពួក​គាត់​ទៅ​ដល់​កន្លែង​មួយ គាត់​អាច​ស្វែងរក​តំបន់​ទេសចរណ៍​កន្លែង​មួយ​ផ្សេង​ទៀត និង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ទាំងមូល​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ