រាជធានីភ្នំពេញ ៖ ខណៈដែលគ.ជ.ប កំពុងទទួលការចុះបញ្ជីបេក្ខជនឈរបោះឆ្នោតនោះ គណបក្សសិទ្ធិមនុស្សប្រកាសបញ្ជាក់ជំហរជាថ្មីថា ទោះបីជានៅមានឈ្មោះក្នុងបញ្ជីឈ្មោះ គណបក្សនយោបាយដែលក្រសួងមហាផ្ទៃទើបផ្សព្វផ្សាយនាពេលថ្មីៗនេះក៏ដោយក៏គណបក្សនឹងមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ដ្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ ។
ការសម្រេចរបស់គណបក្សសិទ្ធិមនុស្សដែលលោកកឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិធ្លាប់ធ្វើជាប្រធានក្នុងការមិនចូលរួមបោះឆ្នោតនេះ គឺមិនមែនមានតែគណបក្សនេះមួយទេ គឺមានគណបក្សជាច្រើនទៀតដូចជា គណបក្សអំណាចខ្មែរ និងគណបក្សភ្លើងទៀនជាដើម ។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សសិទ្ធិមនុស្សជាភាគីស្ថាបនិកនៃគណបក្សសង្គ្រោះជាតិដែលតែងចង់ឃើញមានដំណោះស្រាយនយោបាយដោយមានការដោះលែងលោកកឹម សុខា ដែលជាអ្នកទោសនយោបាយ និងមានវត្តមានគណបក្សសង្គ្រោះជាតិ ក្នុងបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ។
គណបក្សសិទ្ធិមនុស្សធ្លាប់បានជូនដំណឹងទៅក្រសួងមហាផ្ទៃកាលពីខែមករា ដើមឆ្នាំនេះអំពីការរំលាយគណបក្សសិទ្ធិមនុស្សចាប់ពេលនោះមកគណបក្សមិនដែលគិតថា ខ្លួននៅតែជាគណបក្សសិទ្ធិមនុស្សទៀតឡើយ ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «គណបក្សសិទ្ធិមនុស្សសូមបញ្ជាក់ជំហរសារជាថ្មី ជូនសាធារណជនជាតិ-អន្ដរជាតិឲ្យជ្រាបថា ទោះបីជានៅមានឈ្មោះក្នុងបញ្ជីឈ្មោះគណបក្ស នយោបាយដែលក្រសួងមហាផ្ទៃទើបផ្សព្វផ្សាយនាពេលថ្មីៗនេះ និងទោះស្ថិតក្នុងកាលៈទេសណាក៏ដោយក៏គណបក្សសិទ្ធិមនុស្សនឹងមិនចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះឡើយ» ។
គួរបញ្ជាក់ ៖ ទោះបីមានបក្សមួយចំនួនមិនចូលរួមការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ក៏ដោយ តែក៏មានបក្សថ្មីជាច្រើនទៀតបានបង្កើតជាបន្តបន្ទាប់ ដើម្បីចូលរួមបោះឆ្នោតផងដែរ ដូចជាគណបក្សឆន្ទៈខ្មែរ របស់កូនលោកគង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គណបក្សពន្លឺថ្មី គណបក្សខ្មែរតែមួយ គណបក្សរស្មីខេមរាជាដើម ។
សូមរំលឹកថា ប្រធានគណបក្សសិទ្ធិមនុស្ស (គសម) លោក សឺន ស៊ូបែរ្តិ៍ កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីការរំលាយគណបក្សរបស់ខ្លួនដោយប្រធានគណបក្សសិទ្ធិមនុស្សរូបនេះអះអាងថា ការរំលាយនេះ គឺស្របតាមស្មារតីអង្គប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណ បក្សសិទ្ធិមនុស្ស ។
គណបក្សសិទ្ធិមនុស្សបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានប្រជាពលរដ្ឋប្រមាណជា២០ម៉ឺន នាក់បានផ្តិតមេដៃ ដើម្បីឲ្យលោក កឹម សុខា ដែលជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា ធ្វើជាប្រធានគណបក្ស ។ បង្កើតបាន១ឆ្នាំលោកក៏បានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសភាខែកក្កដា ឆ្នាំ២០០៨ ដែលពេលនោះគណបក្សកាន់អំណាច បានឈ្នះសំឡេងភាគច្រើន ភ្លូកទឹកភ្លូកដី ចំណែកគណបក្សសិទ្ធិមនុស្សវិញស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីគណបក្សសម រង្ស៊ី ។
ក្រោយពីការបង្កើតគណបក្សមិនបានប៉ុន្មានឆ្នាំផង គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានប្រកាសរួបរួមគ្នាទៅបង្កើតគណបក្សសង្គ្រោះជាតិកាលពីអំឡុងឆ្នាំ២០១២ ហើយបានចូលរួមប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៣ ដោយបាន៥៥អាសនៈ ចំណែកគណបក្សប្រជាជនកម្ពុជាបានទទួល៦៨អាសនៈ ប៉ុន្តែមកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល ដោយសារលោក កឹម សុខា ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ។
គួរបញ្ជាក់ថា បច្ចប្បន្ននេះក្រសួងមហាផ្ទៃបានបានចុះបញ្ជីជាផ្លូវការគណបក្សនយោបាយចំនួន៣៨ហើយ ។ គណបក្សទាំងនេះខ្លះបានប្រកាសជំហរចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះ ។ ក៏ប៉ុន្តែក៏មានគណបក្សមួយចំនួនបានប្រកាសជំហរមិនចូលរួមផងដែរ ។
ទាក់ទិននឹងការចុះបោះឆ្នោតនេះដែរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិខ្មែរ សម្រាប់ការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ ។ ហើយមានគណបក្សនយោបាយជាច្រើនទៀតបានកំពុងត្រៀមមកចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផងដែរ ៕
ចែករំលែកព័តមាននេះ