ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ដល់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​របស់​ចិន បាន​សន្យា​ថា ខ្លួន​នឹង​ជួយ​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​លើ​វិស័យ​ទេសចរណ៍ ក្នុង​គោលបំណង​ឲ្យ​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​កាន់តែ​មានគុណ​ភាព និង​អាច​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​មានគុណ​ប្រយោជន៍​សម្រាប់​ប្រទេស​ថែម​ទៀត ។ នេះ​បើ​យោង​តាម​ជំនួប​រវាង​លោក…

រាជធានី​ភ្នំពេញ ៖ តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​របស់​ចិន បាន​សន្យា​ថា ខ្លួន​នឹង​ជួយ​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​លើ​វិស័យ​ទេសចរណ៍ ក្នុង​គោលបំណង​ឲ្យ​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​កាន់តែ​មានគុណ​ភាព និង​អាច​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់តែ​មានគុណ​ប្រយោជន៍​សម្រាប់​ប្រទេស​ថែម​ទៀត ។ នេះ​បើ​យោង​តាម​ជំនួប​រវាង​លោក Chui Sai On នាយក​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​សម្ដេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ។

លោក Chui Sai On បាន​បន្ដ​ថា ម៉ា​កាវ​ជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​នៅ​លើ​ពិភពលោក និង​សម្បូរ​ធនធានមនុស្ស​ជំនាញ​ទេសចរណ៍​នេះ​ដែរ ។ ដើម្បី​ជួយ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន លោក​នឹង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​កម្ពុជា ។ ក្រៅពី​នេះ លោក​ក៏​បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ម៉ា​កាវ មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា ជា​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​គោលដៅ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ថា ៖« កន្លង​មក ម៉ា​កាវ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខេត្តសៀមរាប ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​សេដ្ឋកិច្ច » ។
បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​កម្ពុជា​មាន​សរុប​ជាង​៥,៦​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​បាន​នាំមុខ​គេ ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​នឹង​អាច​ទទួលភ្ញៀវ​ទេសចរ​ចិន​បាន​ចំនួន​២​លាន​នាក់​បន្ថែម​ទៀត ។

ដើម្បី​សម្រេច​គោលដៅ កម្ពុជា និង​ចិន បាន​ចរចា និង​ចុះ​កិច្ចព្រមព្រៀង​មួយ​ចំនួន ដើម្បី​បើក​ការ​ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ទីក្រុង​នានា​របស់​ចិន ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ទទួល​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ចំនួន​ប្រមាណ​៤០០​ជើង​ក្នុង​១​ស​ប្ដា​ហ៍ ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ រួម​មាន​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ក៏​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​រួច​ហើយ​ទៅ​ប្រទេស​ចិន ហើយ​គ្រោង​នឹង​ពង្រីក​ជើងហោះហើរ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ។

តាម​ការ​បញ្ជាក់​របស់​លោក Chen Wu អភិបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វា​ង​ស៊ី ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ជំរុញ​ឲ្យ​វិនិយោគិន​វិស័យ​អាកាសចរណ៍​បើក​ការ​ហោះហើរ​ត្រង់​ពី​ខេត្ត​ក្វា​ង​ស៊ី​មក​កាន់​កម្ពុជា ដោយ​មិន​ចាំបាច់​ឆ្លងកាត់​អាកាសយានដ្ឋាន​ប្រទេស​ណា​ផ្សេង​ឡើយ ។ លោក​ថា ៖« ការ​បង្កើន​ជើងហោះហើរ​ត្រង់​ពី​ក្វា​ង​ស៊ី​មក​កម្ពុជា ដើម្បី​នាំ​ទេសចរ​ពី​ក្វា​ង​ស៊ី​មក​ទស្សនា​នៅ​កម្ពុជា​ផង និង​នាំ​ទាំង​វិនិយោគិន​ពី​ក្វា​ង​ស៊ី មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ » ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​កន្លង​មក​ថា ស្រប​តាម​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា​កើន​ជា​បន្តបន្ទាប់ កម្ពុជា​ត្រូវការ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍​ប្រមាណ​១​លាន​នាក់​នៅ​ឆ្នាំ ២០២០ និង​ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដែល​ទាមទារ​ឲ្យ​ធនធានមនុស្ស​លើ​វិស័យ​មួយ​នេះ​ត្រូវ​មាន​ជំនាញ និង​ចំណេះដឹង​ពាក់ព័ន្ធ ដើម្បី​បម្រើ​សេវាកម្ម​ផ្សេង​ៗ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ